គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បង្ក្រាបទីតាំងល្បែងអនឡាញ នៅក្រុងប៉ោយប៉ែត, ឃាត់ខ្លួនជនជាតិចិន២៨នាក់

July 19, 2025

(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងបើកល្បែងអនឡាញមួយកន្លែង នៅភូមិគីឡូម៉េត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនជាតិចិនចំនួន២៨នាក់ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ប្រតិបត្តិការនេះដឹកនាំដោយលោក លៀម សូដា អភិបាលរងខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត។

របាយការណ៍ដដែលបានបញ្ជាក់ថា ការបង្ក្រាបទីតាំងបើកល្បែងអនឡាញនេះកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន២៨នាក់/ស្រី៣នាក់ (ជនជាតិចិន), កុំព្យូទ័រចំនួន១៦គ្រឿង, ម៉ាស៊ីនព្រីនចំនួន២គ្រឿង, តុធ្វើការចំនួន១៨, ទូរស័ព្ទចំនួន៩៥គ្រឿង, ipad ចំនួន១៦គ្រឿង, Icom ៤គ្រឿង, សម្លៀកបំពាក់ប៉ូលីសចិនមួយចំនួន, ខ្នោះដៃចំនួន១, ទូដែកចំនួន១, ជញ្ជីងថ្លឹងគ្រឿងញៀន, ម៉ាស៊ីនព្រីនចំនួន១គ្រឿង, ប្រអប់ដាក់គ្រឿងញៀនចំនួន១, ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនមួយចំនួនធំ និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួន។

បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕

ព័ត៌មានលម្អិត៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បើកប្រតិបត្តិការបង្ក្រាបករណីចាប់ឃុំឃាំង លក់ដូរមនុស្ស ដែលមានអង្គការចាត់តាំងច្បាស់លាស់ដោយចាប់ខ្លួនជនល្មើស៩នាក់, ក្រុមនេះដឹកជញ្ជូនជនជាតិចិនពីកន្លែងអនឡាញខេត្តព្រះសីហនុ ទៅទីតាំងជ្រៃធំ ខេត្តកណ្តាល និងត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ

July 19, 2025

(ព្រះសីហនុ)៖ ក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាលខេត្ត, លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ ដោយមានការសម្របសម្រួលពីតំណាងអយ្យការ បានបើកប្រតិបត្តិការបង្ក្រាប ករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់, អំពើលក់ដូរមនុស្ស, ប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសារធារណៈ (អាវយឺតមានសញ្ញា អ.ហ) ប្រព្រឹត្ដនៅចំណុចក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ខេត្ដត្បូងឃ្មុំ និងខេត្តកណ្ដាល កាលពីអំឡុងខែមីនា រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។

យោងតាមរបាយការណ៍របស់មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា កម្លាំងជំនាញក៏ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់សរុបចំនួន៩នាក់ ជាជនជាតិខ្មែរដែលក្រុមជនល្មើសទាំងនេះមានក្រុមអង្គការចាត់តាំងត្រឹមត្រូវ និងច្បាស់លាស់។

ក្រុមជនល្មើសទាំង៩នាក់ រួមមាន៖

១-ឈ្មោះ ហេង សុជាតិ ភេទប្រុស អាយុ ៤១ឆ្នាំ

២-ឈ្មោះ វ៉ាន់ ដំ ភេទប្រុស អាយុ ២៦ឆ្នាំ

៣-ឈ្មោះ សំ សុខជា ភេទប្រុស អាយុ ២៥ឆ្នាំ

៤-ឈ្មោះ កង ភារិន ភេទប្រុស អាយុ ៣២ឆ្នាំ

៥-ឈ្មោះ សុខ ហុងលី ភេទប្រុស អាយុ ២៤ឆ្នាំ

៦-ឈ្មោះ នួន ធា ភេទប្រុស អាយុ ៣៦ឆ្នាំ

៧-ឈ្មោះ ចេង វិចិត្រ ភេទប្រុស អាយុ ២២ឆ្នាំ

៨-ឈ្មោះ វ៉ាត់ អាវ ភេទប្រុស អាយុ ២៤ឆ្នាំ

៩-ឈ្មោះ សំ វិចិត្រ ភេទប្រុស អាយុ ៣៥ឆ្នាំ។

របាយការណ៍របស់មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា តាមការស្រាវជ្រាវ និងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ, ជនសង្ស័យគឺជាក្រុមដឹកជញ្ជូនមនុស្ស (ជនជាតិចិន) ចេញពីទីតាំងអនឡាញខេត្ដព្រះសីហនុ ដឹកទៅទីតាំងជ្រៃធំ ខេត្ដកណ្ដាល និងត្រពាំងថ្លុង ខេត្ដត្បូងឃ្មុំ ដោយមានការរៀបចំដូចជា៖ ក្រុមការពារ ចំនួន២នាក់ អ្នកបើកបរម្នាក់ និងក្រុមមើលផ្លូវ (គ្រុបក្នុងតេឡេក្រាម) និងប្រើវិទ្យុទាក់ទងគ្នា ហើយពេលធ្វើដំណើរគោលការណ៍គឺមិនឱ្យឈប់តាមផ្លូវ (នោមដាក់កាដុង ឬដបទឹកសុទ្ធ) និងពេលមនុស្ស (ជនជាតិចិន) ឡើងចូលក្នុងរថយន្ដ គឺឡុកសោ និងទាក់ទងគ្នាតាមគ្រុប និងវិទ្យុទាក់ទង ដោយមានជនជាតិចិនមួយក្រុមបាននាំជនជាតិចិនដូចគ្នា (ចិនម្នាក់ ឬ២នាក់) ចូលក្នុងរថយន្ដ ហើយពួកគេបានសួរទៅឈ្មោះ សៀវ ទី (ឈ្មោះក្នុងគ្រុប) ដែលប្រើប្រាស់គណនីធនាគារ ABA ឈ្មោះ AVID MI ថា បានបង់ប្រាក់ហើយនៅ ព្រោះមនុស្សចូលក្នុងរថយន្ដហើយ រួចមេខ្លោងឈ្មោះ សៀវ ទី ប្រាប់វិញថា ផ្ទេរប្រាក់ឱ្យគេ (ជនជាតិចិន) រួចហើយ ទើបដឹកមនុស្សចេញទៅ ដាក់តាមទីតាំងដែលបានកំណត់ ពេលដល់គោលដៅ គឺថតរូបរថយន្ដ និងមនុស្សចូលក្នុងគ្រុប ដើម្បីឱ្យហ្សូនបើកទ្វារឱ្យចូល បន្ទាប់ពីជោគជ័យគឺមកស្នាក់នៅផ្ទះជួលនៅម្ដុំសង្កាត់លេខ១ ក្រុងព្រះសីហនុវិញ ដើម្បីរង់ចាំដឹកជញ្ជូនមនុស្សបន្ដទៀត។

រាល់សកម្មភាព គឺពួកគេបានដឹកមនុស្ស (ជនជាតិចិន) ចេញពីគោលដៅខេត្ដព្រះសីហនុ ទៅគោលដៅជ្រៃធំ និងត្រពាំងថ្លុង ប្រហែល ១០ទៅ ២០ដងមកហើយ ដោយពួកគេស៊ីប្រាក់ខែពីថៅកែជនជាតិចិន តែបើកលុយពីឈ្មោះ សៀវ ទី ក្នុង១ខែ ម្នាក់៧០០ដុល្លារ ប៉ុន្ដែពេលដឹក១ជើង អ្នកបើកបរបាន៣០ដុល្លារ និងសន្ដិសុខធ្វើអ្នកការពារ ២០ដុល្លារបន្ថែមលើប្រាក់ខែ។

ក្នុងចំណោមជនសង្ស័យទាំង៩នាក់ខាងលើមានឈ្មោះ នួន ធា, ឈ្មោះ សុខ ហុងលី, ឈ្មោះ សំ សុជា មានផ្ទុកសារធាតុញៀននៅក្នុងខ្លួន។ ដោយឡែកឈ្មោះ កង ភារិន មានផ្ទុកសារធាតុញៀននៅក្នុងខ្លួន និងធ្លាប់ជាប់ពន្ធនាគាររយៈ៧ខែ ពីបទគ្រឿងញៀន។

សម្រាប់វត្ថុតាងដែលត្រូវបានដកហូត រួមមាន៖

១-គ្រាប់កាំភ្លើង ចំនួន ១

២-លោហៈធាតុពណ៌ស បណ្ដោងរូបព្រះ និងខ្មាយ ចំនួន ០២ខ្សែ

៣-លោហៈធាតុពណ៌ទង់ដែង ចំនួន ០១ខ្សៃដៃ

៤-លោហៈធាតុពណ៌ទង់ដែង ចំនួន ០២វង់

៥-ខ្សែដៃអង្កាំឈើ ចំនួន ០១ខ្សែ

៦-អាយផេត ចំនួន ០១

៧-ទូរសព្ទដៃ ចំនួន ១៥គ្រឿង

៨-ស្មាប់ដៃ ចំនួន ០១

៩-ចម្ពាមកៅស៊ូ ចំនួន ០១

១០-ពិកឆក់ ចំនួន ០១ បូកនឹងថ្ម ចំនួន ០៣

១១-ដំបងរលាស់ ចំនួន ០២

១២-វិទ្យុទាក់ទង ចំនួន ០៤

១៣-ខ្សែក្រវ៉ាត់ទាហាន ចំនួន ០២

១៤-អាវយឺតពណ៌ត្រេអ៉ី ចំនួន ០២អាវ

១៥-ខោទាហានពណ៌ត្រេអ៉ី ចំនួន ០១

១៦-អាវប៉ារ៉ា ចំនួន ០១

១៧-មួកទាហាន ចំនួន ០៣ (ពណ៌ត្រេអ៉ីចំនួន១ ,ពណ៌ទឹកប៉ិចចំនួន១ , ពណ៌ប៉ារ៉ាចំនួន១)

១៨-ដែកទីបប្រវែង៦សង់ទីម៉ែត្រ ចំនួន ០១

១៩-ដបជក់គ្រឿងញៀន ចំនួន ០១

២០-ម៉ូតូ ចំនួន ០៣គ្រឿង

-ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ចំនួន ០២គករឿង ផ្លាកលេខ ភ្នំពេញ 1KT-0753 និង កំពត 1V-4227

- ម៉ាក ហុងដា CBR ពណ៌ក្រហម ផ្លាកលេខ កម្ពុជា CHANRY

២១- រថយន្ដ ម៉ាក STAREX ចំនួន ០៤គ្រឿង

-ពណ៌ខ្មៅ ផ្លាកលេខ កំពង់ឆ្នាំង 2B-8596

-ពណ៌ស ផ្លាកលេខ ភ្នំពេញ 2CA- 4431

-ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BC-6468

-ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ-2BA 4880

២២-ប័ណ្ណសំគាល់ភ្នាក់ងារ(យោធភូមិភាគពិសេស) ចំនួន ០១

២៣-កាតការពារតំបន់ ចំនួន ០១

២៤-និងសម្ភារៈមួយចំនួន ។

ចំពោះជនសង្ស័យទាំង៩នាក់ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី។ មហាជនសង្ឃឹមថា តុលាការនឹងដាក់ទោសឲ្យធ្ងន់ធ្ងរចំពោះក្រុមជនល្មើសទាំងនេះ ហើយកម្លាំងជំនាញតាមចាប់មេក្លោងនៅពីក្រោយបន្តទៀតឲ្យបាន ដើម្បីយកមកដាក់ទោស៕

អភិបាលខេត្តឧត្ដរមានជ័យ ចុះប្រតិបត្តិការបង្ក្រាបការឆបោកតាមអនឡាញ និងបទល្មើសផ្សេងៗ ដោយឃាត់ខ្លួនជនសង្ស័យ ១០៣នាក់

July 18, 2025

(ឧត្តរមានជ័យ)៖ អនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ប្រកបដោយប្រសិទ្ធភាពខ្ពស់ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីលោកស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងក្រោមការសម្រួលនិតិវិធីដោយព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្ត

បានដឹកនាំចុះប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន៩ទីតាំង ក្នុងនោះ៦ទីតាំង ក្នុងភូមិសាស្ត្រសង្កាត់អូរស្មាច់ ក្រុងសំរោង និង ០៣ទីតាំងស្ថិតនៅជប់គគីរ ស្រុកបន្ទាយអំពិល។

សារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី ផ្លាស់ប្តូរសមុច្ច័យថ្មី តាំងបង្ហាញឱ្យសាធារណជនបានទស្សនា

July 18, 2025

(សៀមរាប​)៖ សារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី បានរៀបចំផ្លាស់ប្តូរសមុច្ច័យសរុបចំនួន៣៥ ដែលក្នុងនោះមានសំលៀកបំពាក់ជាអាវ សំពត់ និងកន្សែង ដើម្បីតាំងបង្ហាញជូនសាធារណជនបានទស្សនា និងស្វែងយល់។

លោក ឃួង ស្រេង ស្នើឱ្យចៅអាជ្ញាធរត្រូវយកចិត្តដាក់ពីសុខទុក្ខរបស់កម្មករ ដែលធ្វើការនៅក្នុងមូលដ្ឋាន ដោយចាត់ទុក្ខដូចសាច់ញាតិ

July 17, 2025

    លោក ឃួង ស្រេង ស្នើឱ្យចៅអាជ្ញាធរត្រូវយកចិត្តដាក់ពីសុខទុក្ខរបស់កម្មករ ដែលធ្វើការនៅក្នុងមូលដ្ឋាន ដោយចាត់ទុក្ខដូចសាច់ញាតិ

(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានស្នើឱ្យអាជ្ញាធរដែនដី មេភូមិ អនុប្រធានភូមិ ជំនួយការភូមិ ត្រូវយកចិត្តដាក់ពីសុខទុក្ខរបស់កម្មករ ដែលធ្វើការនៅក្នុងមូលដ្ឋាន ដោយចាត់ទុក្ខពួកគាត់ជាសាច់ឈាមរបស់យើង ដូចកូនក្មួយរបស់យើង ដែលទៅធ្វើការងារឆ្ងាយ ដើម្បីរកលុយចិញ្ចឹមគ្រួសារ។

លោក ឃួង ស្រេង បានបន្តថា នៅពេលគាត់មកដល់ភូមិយើង សង្កាត់យើង យើងត្រូវមើលការខុសត្រូវគាត់ ដូចជាកូនក្មួយបង្កើតរបស់យើង ទើបយើងអាចទទួលបាននូវការគាំទ្រ។ បងប្អូនកម្មករទាំងនោះ ថ្វីត្បិតតែមិនបោះឆ្នោតនៅកន្លែងនេះ ប៉ុន្តែ បងប្អូនកម្មករទាំងនោះ នឹងនាំពាក្យទាំងនេះនាំនូវគុណធម៌របស់យើងដែលបានជួយមើលថែទាំ ទំនុកបម្រុងគាត់ ទៅនិយាយប្រាប់ម្តាយ ឪពុកគាត់ថា ប្រធានភូមិឥឡូវល្អណាស់ មិនដូចគេថាទេ អនុប្រធានភូមិល្អណាស់ ចៅសង្កាត់គិតគូរយើងណាស់ ទទួលខុសត្រូវយើងណាស់ ទាំងសន្តិសុខ ទាំងបរិស្ថាន រាប់ទាំងស្បៀងអាហារ នៅពេលយើងខ្វះខាតផ្នែកជីវភាព។

ការលើកឡើងរបស់លោក ឃួង ស្រេង បានធ្វើឡើងនាល្ងាច ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ ស្ទឹងមានជ័យទី៣ ដោយមានការចូលរួមពីលោក ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោក សេង គន្ធ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ។

ក្នុងឱកាសនោះប្រធានភូមិទាំង៦ និងលោកចៅសង្កាត់ស្ទឹងមានជ័យទី៣ បានរាយការណ៍ពីសមិទ្ធផលការងារនានា ដែលសំរេចបាន និងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាមួយនិងការថ្លែងនូវការអរគុណ ចំពោះប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលបានជួយកសាងហេដ្ឋានរចនាសម្ព័ន្ធជាច្រើន នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣នេះ ពិសេសគឺការស្ថាបនាប្រព័ន្ឋលូ ប្រឡាយមេ រំដោះទឹក និងផ្លូវជាដើម។

បន្ថែមពីនេះ ប្រធានភូមិ និងលោកចៅសង្កាត់ ក៏បានលើកឡើងពីចំណុចខ្វះខាត និងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ដើម្បីយកបញ្ហាទាំងនោះ មកដោះស្រាយឱ្យបានទាន់ពេលវេលា។ ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងការកសាងសមាជិកបក្សឱ្យបានសម្រេចទៅតាមផែនការ ដើម្បីឈានទៅយកជ័យជំនះ ក្នុងការបោះឆ្នោយនៅឆ្នាំ២០២៧-២០២៨ខាងមុខនេះ។

លោក ឃួង ស្រេង បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ ចំពោះសមាជិក សមាជិកាបក្ស គ្រប់ពេលវេលា គ្រប់ទីកន្លែង ធ្វើយ៉ាងណាឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះរហូត ក្នុងការបោះឆ្នោត។

គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺមានអំណាចក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ជាមួយនិងការរក្សាបានសន្តិភាពពេញផ្ទៃប្រទេស និងមានមហិច្ចតាចង់ឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ កូនកើតមកមានប្រាក់ខែ ដែលនេះជាក្តីស្រម័យរបស់ប្រជាជននៅលើពិភពលោក។ តែប្រទេសក្បែរខាងយើង គេមិនសប្បាយចិត្តជាមួយយើងដែលអភិវឌ្ឍប្រទេស ក្លាយជាប្រទេសអ្នកមាននោះទេ ពួកគេតែងបង្កបង្កើតជម្លោះជានិច្ច។ តែសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្តយ៉ាងមុតមាំហើយ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា ឱ្យបានដាច់ខាត។

លោក ឃួង ស្រេង បានបន្ថែមថា ក្នុងនាមមន្ត្រីរបស់គណបក្សប្រជាជន ត្រូវខិតខំបន្តបំរើប្រជាពលរដ្ឋ ក៏ដូចកម្មករដែលធ្វើការឆ្ងាយ ឱ្យកាន់តែល្អប្រសើរថែមទៀត ដោយត្រូវចិញ្ចឹមចលនាប្រជាពលរដ្ឋ ក៏ដូចកម្មករ បើពួកគាត់ខ្វះខាត ត្រូវជួយឧបត្ថមភ្លាម ដូចសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធ្លាប់មានប្រសាសន៍ហើយ គឺមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ។ មិនត្រឹមតែមើលប្រជាពលរដ្ឋ កម្មករទេ ប្រជាការពាររបស់យើង ពួកគាត់ក៏មិនធូរធារដែរ ដូច្នេះត្រូវគិតគូរឧបត្ថមពួកគាត់ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានត្រួសត្រាយអស់ហើយ នៅតែយើងទេ ដែលត្រូវបន្តអនុវត្តឱ្យល្អប្រើសើរ ទៅតាមការដឹកនាំ ចង្អុលបង្ហាញរបស់ប្រធានបក្សប៉ុណ្ណោះ។

លោក ឃួង ស្រេង បានបន្តថា សាមគ្គីភាពផ្ទៃក្នុងបក្ស គឺជារឿងសំខាន់ណាស់ ដូច្នេះយើងត្រូវសាមគ្គីភាពគ្នា ឱ្យកាន់តែល្អប្រសើរ៕

Powered by Blogger.