ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Wednesday, December 20, 2023

ប្រជាពលរដ្ឋជាច្រើនគ្រួសារ ព្រួយបារម្ភខ្លាចបាត់បង់ដីចំការ ខណៈមន្ត្រីបរិស្ថានខេត្តកំពត កំពុងចុះវាស់វែងនិងបោះបង្គោលថ្ម កសាងប្លង់មេសម្រាប់គម្រោងអេកូទេសចរណ៍

ចំនួនអ្នកទស្សនា: Views
ខេត្តកំពត៖ មានសេចក្តីរាយការណ៍មកថា ចាប់ពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០២៣មក ក្រុមមន្ត្រីបរិស្ថានខេត្តកំពងបានចុះវាស់វែង និងបោះបង្គោលថ្មកំណត់និយាមការព្រំដី សម្រាប់គម្រោងវិនិយោគអេកូទេសចរណ៍ធម្មជាតិ នៅចំណុចជើងភ្នំបូកគោ ស្ថិតក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងនិងខេត្តកំពត។ ប្រជាពលរដ្ឋអះអាងថា មានបង្គោលថ្មកំណត់ព្រំខ្លះ ត្រូវបានបោះនៅក្នុងដីចំការរបស់ពួកគាត់ដែលកំពុងតែអាស្រ័យផលជាក់ស្តែង ហើយពលរដ្ឋខ្លះមានទាំងប្លង់រឹងទៀតផង។

ឈ្មោះ ផែង សារុំ ជាម្ចាស់ចំការម្នាក់បានផ្តល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មានថា គាត់បានអាស្រ័យផលធ្វើចំការដាំដំណាំហូបផ្លែស្វាយ ខ្នុរ ត្នោត តាំងពីឆ្នាំ១៩៩៣មក ស្រាប់តែថ្មីៗនេះ ឃើញមន្ត្រីបរិស្ថាន ចុះបោះបង្គោលឆ្វេងស្តាំជុំវិញដីគាត់ មិនមានការជូនដំណឹងជាមុនសោះ គ្រាន់តែបានលឺតៗគ្នាថា ជាការបោះបង្គោលនេះ សម្រាប់ការវិនិយោគខ្នាតតូច។

បើតាមបុរសអ្នកចាំចំការធុរេនម្នាក់ បានបង្ហាញដើមធុរេនធំៗ និងដើរចង្អុលបង្ហាញចំណុចដែលមន្ត្រីបរិស្ថាន បានបាញ់ថ្នាំពណ៌ក្រហមសម្គាល់សម្រាប់ជីកបោះបង្គោលថ្ម គឺស្ថិតនៅក្នុងចំការរបស់គាត់តែម្តង ហើយគាត់អះអាងថា ម្ចាស់ចំការមានប័ណ្ណកម្មសិទ្ធិប្លង់រឹង ទើបគាត់ហាមឃាត់ក្រុមការងាមិនអោយបោះបង្គោលរង់ចំាដោះស្រាយគ្នាសិន។  បន្ទាប់មក លោក រស់ បូរី ប្រធានទីស្នាក់ការបរិស្ថានទឹកឈូ បានទូរស័ព្ទទៅអ្នកចាំចំការនោះ ដើម្បីសួរនាំផលប៉ះពាល់នៃការបោះបង្គោល ហើយលោកប្រធានបានបញ្ចាក់ប្រាប់ថា   ការងារនេះ គឺក្រសួងបរិស្ថានជាអ្នកសម្រេចអោយបោះបង្គោលព្រំ ហើយនិយាមការក្រសួងជាអ្នកផ្តល់អោយ មិនមែនថ្នាក់ខេត្តចេះតែចុះបោះៗនោះទេ និងសូមជូនដំណឹងអោយម្ចាស់ចំការមកចូលរួមដោះស្រាយជាមួយមន្ត្រីបរិស្ថាន។

លោក គង់ សុផុន ចៅសង្កាត់អណ្តូងខ្មែរ បានអោយថ្មីពិតដឹងថា ពិតជាមានក្រុមការងារមន្ទីរចុះវាស់វែងនិងបោះបង្គោលមែន ប៉ុន្តែមិនទាន់ទទួលបានរបាយការណ៍ពីផលប៉ះពាល់ដីពលរដ្ឋនៅឡើយទេ។ ម្យ៉ាងទៀត  ប្រហែលប្រជាពលរដ្ឋយល់ច្រឡំអំពី ក្បាលដីគាត់មានប្លង់កម្មសិទ្ធិ ប៉ុន្តែគាត់បានអាស្រ័យផលកន្ទុយដីបន្ថែមស្ថិតនៅក្រៅប្លង់កម្មសិទ្ធិ ដែលចូលក្នុងដីរដ្ឋ ដីឧទ្យានជាតិ។ លោកចៅសង្កាត់បន្ថែមថា ចំពោះប្រជាពលរដ្ឋដែលអះអាងថា កំពុងកាន់កាប់ ឬ មានប្លង់រឹង ហើយក្រុមការងារបោះបង្គោលចូលក្នុងដីគាត់ សូមមកដាក់ពាក្យតវ៉ានៅសាលាសង្កាត់ ដើម្បីជួយដោះស្រាយជូនពលរដ្ឋ។

លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានប្រាប់ថ្មីពិតថា   ពិតជាមានមន្ត្រីបរិស្ថានចុះវាស់វែងបោះបង្គោលកំណត់ព្រំមែន ក្រោយបានឯកសារពី ក្រសួងបរិស្ថាន ដើម្បីរៀបចំប្លង់មេសម្រាប់គម្រោងអភិវឌ្ឍន៍អេកូទេសចរណ៍ខ្នាតតូចក្រោម១០ហិកតា ក្នុងមួយគម្រោងដែលសរុបជិត១០គម្រោង សម្រាប់ដាក់ឆ្លងរដ្ឋបាលខេត្តកំពតនិងក្រសួងបរិស្ថាន។ លោកប្រធានមន្ទីរបន្ថែមថា តំបន់នោះមានទេសភាពនិងសោភ័ណ្ឌភាពល្អ មានសក្តានុពលសម្រាប់វិស័យទេសចរណ៍ ទើបអ្នកនៅម្តុំនោះស្នើសុំច្បាប់អភិវឌ្ឍន៍អេកូទេសចរណ៍តែម្តងទៅ ។ លោកប្រធានបន្ថែមថា គម្រោងអេកូទេសចរណ៍នេះ ទីស្តីការគណៈរដ្ឋមន្ត្រីបានចង្អុលបង្ហាញមក ក្រសួងបរិស្ថាន ជាអ្នកសម្រេចប្រគល់អោយវិនិយោគអេកូទេសចរណ៍ខ្នាតតូច ទើបក្រុមការងារចុះវាស់វែង។

ក្នុងករណីប៉ះពាល់ដីដែលប្រជាពលរដ្ឋកំពុងអាស្រ័យផលជាក់ស្តែង ឬ មានប័ណ្ណកម្មសិទ្ធិ លោកប្រធានមន្ទីរបរិស្ថាន សូមអំពាវនាវអោយបងប្អូនយកឯកសារពាក់ព័ន្ធទៅជួបមន្ត្រីប្រចាំទីស្នាក់ការបរិស្ថាននៅទឹកឈូ ឬ យកមកជួបលោកប្រធាននៅមន្ទីរបរិស្ថានខេត្តក៏បាន។

ប្រជាពលរដ្ឋសំណូមពរ ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយផ្តល់យុត្តិធម៌៕

អ្នកសារព័ត៌មាន ថ្មីពិតយើង រង់ចាំការបំភ្លឺបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ 012 25 38 87











0 Comments:

Post a Comment