គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ៣០ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ សម្រាប់ប្រតិបត្តិការមនុស្សធម៌

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកាចំនួន ៣០០,០០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះហន្តរាយផ្សេងៗក្នុងរាជធានីភ្នំពេញ។ នេះជាការឧបត្ថម្ភថវិកាជាលើកទី១៤ បើគិតចាប់តាំងពីឆ្នាំ២០០៨មក។

ពិធីប្រគល់-ទទួលថវិកាខាងលើនេះប្រព្រឹត្តទៅក្រោមវត្តមាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូន លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាល នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥។

ស្ថិតក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានទទួលស្វាគមន៍ និងថ្លែងអំណរគុណ ក៏ដូចជាកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ហើយសង្ឃឹមថា ថវិកា៣០ម៉ឺនដុល្លារអាមេរិកនេះ នឹងអាចជួយសម្រួលនិងសម្រាលការលំបាកខ្វះខាត របស់បងប្អូនប្រជាពលរងគ្រោះនៅរាជធានីភ្នំពេញបានមួយផ្នែកថែមទៀតផងដែរ។

ជាមួយគ្នានោះលោក ឃួង ស្រេង បានជម្រាបជូនលោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ អំពីសមិទ្ធផលការងារសំខាន់ៗ របស់សាខាកាកបាទក្រហម កម្ពុជារាជធានីភ្នំពេញ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥” ដែលមានដូចជា៖ សាខាបានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយបានត្រៀមបម្រុងនូវថវិកា និងគ្រឿងឧបភោគ-បរិភោគ សម្ភារៈសង្គ្រោះរួចជាស្រេច សម្រាប់យកទៅចែកជូនជនរងគ្រោះ និងងាយរងគ្រោះ ឱ្យបានទាន់ពេលវេលា ក្នុងនោះ សាខាបានផ្ដល់អំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកចំពោះមុខរបស់ជនរងគ្រោះ និងជនងាយរងគ្រោះផ្សេងៗ បានចំនួន ៥៣,០៧៣គ្រួសារ និង ៤វត្ត ព្រមទាំងបាននាំយកមូលនិធិហិបសហសង្គ្រោះសាខា ចុះសាកសួរសុខទុក្ខ សមាជិក-សមាជិកា មានជំងឺកំពុងសម្រាកព្យាបាល និងសមាជិកដែលទទួលមរណភាពសរុប ចំនួន ៣៧៨នាក់។

បន្ថែមពីនេះ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានចុះសួរសុខទុក្ខស្ត្រីមានផ្ទៃពោះ ស្រ្តីទើបសម្រាលកូនរួច និងអ្នកផ្ទុកមេរោគអេដស៍តាមសហគមន៍ចំនួន ៣.០២២នាក់។ ជាងនេះទៅទៀតសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានចូលរួមបំផុសចលនាស្ម័គ្រចិត្តបរិច្ចាគឈាម ដោយទទួលបានឈាមចំនួន ១,៩១២ប្លោកឈាម ហើយបានបើកវគ្គផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋមបានចំនួន ១០០វគ្គ មានសិក្ខាកាមសរុបចំនួន ៣,៦៩៥នាក់។

សម្រាប់សាខា និងអនុសាខាខណ្ឌ ក៏បានផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ ក៏ដូចជាចំណេះដឹងស្តីពីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ជូនដល់ប្រជាពលរដ្ឋតាមសហគមន៍ផងដែរ។ ដោយឡែក ចំពោះការអភិវឌ្ឍធនធានមនុស្ស សាខាក៏បានពង្រីកកម្លាំង និងបានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ជូនអ្នកស្ម័ត្រចិត្តកាកបាទក្រហមនៅតាមមូលដ្ឋានខណ្ឌទាំង១៤ បានចំនួន ៦,៨៩១នាក់ និងយុវជនកាកបាទក្រហមកម្ពុជា បានចំនួន ២៤,៧៥២នាក់ នៅតាមគ្រឹះស្ថានសិក្សាចំនួន ២៣៩កន្លែង បន្ថែមទៀតផងដែរ។

ទន្ទឹមនឹងនោះលោក ឃួង ស្រេង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ដែលតែងតែបានយកចិត្តទុកដាក់ផ្សារភ្ជាប់មនោសញ្ចេតនា រួមសុខរួមទុក្ខ ជាមួយនឹងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមិនទុកឱ្យប្រជាជនណាម្នាក់រស់នៅដោយគ្មានការគាំពារពីសង្គមឡើយ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែផ្តល់ថវិកាឧបត្ថម្ភដល់សាខារាជធានីភ្នំពេញជារៀងរាល់ឆ្នាំ ក្រោយពីកាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជន ក្នុងឱកាសអបអរទិវា៨ឧសភា ដែលថវិកានេះពិតជាមានតម្លៃធំធេងណាស់សម្រាប់សាខា ប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ជាពិសេសការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅរាជធានីភ្នំពេញ៕

No comments:

Powered by Blogger.