គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ពលរដ្ឋជិត១ម៉ឺនគ្រួសារ ក្នុងស្រុកសំរោង ប្រឈមការខ្វះទឹកស្អាតប្រើ ស្នើ ឯកឧត្តមអភិបាលខេត្តតាកែវ និងរដ្ឋមន្ត្រីក្រសួងធនធានទឹក មេត្តាអនុញ្ញាតឱ្យជីកស្តារបឹងស្តុកទឹកទាន់រដូវប្រាំងនេះ


ខេត្តតាកែវ៖ ថ្មីៗនេះ លោក ហែម ម៉ាច ប្រធានស្ថានីយ៍ទឹកស្អាតបត់រការ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតជាបណ្តោះអាសន្ន ជូនប្រជាពលរដ្ឋជិត ១០,០០០គ្រួសារ ស្ថិតក្នុង៥៧ភូមិ ៥ឃុំ នៃស្រុកសំរោង ចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ រហូតដល់មានភ្លៀងធ្លាក់ ដោយសារតែប្រភពទឹកបឹងបត់រការសម្រាប់យកមកផលិតទឹកស្អាតបានរឹងស្ងួតអស់ នៅចុងរដូវប្រាំងដូចឆ្នាំមុនៗដែរ ។

សូមបញ្ជាក់ថា បឹងឬអាងទឹកបត់រការនេះ មានផ្ទៃអាងទំហំ១៨៦ហិកតា អាចស្តុកទឹកបានជាង៣លានម៉ែត្រគូប សម្រាប់ស្រោចស្រពស្រែវស្សានិងស្រែប្រាំងជិត១ពាន់ហិកតា និង ផលិតទឹកស្អាតចែកចាយពលរដ្ឋ៥៧ភូមិ ប៉ុន្តែបឹងនេះមានសភាពរាក់ទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំ គ្មានការជីក ស្តារឡើយ។

សូមរំលឹកថា កាលពីថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០២៤ ប្រជាកសិករជាច្រើននាក់ បានតវ៉ាបិទផ្លូវនៅចំណុចស្ពានបឹងបត់រកា ដើម្បីទាមទារឱ្យអាជ្ញាធរស្រុកសំរោង បើកទឹកបឹងជួយសង្គ្រោះស្រូវស្រែប្រាំងរបស់ពួកគាត់ជាច្រើនហិកតា ដែលប្រឈមការខ្វះទឹក។

ចំណែកស្ថានីយ៍ទឹកស្អាតបត់រការ តែងខ្វះទឹកផលិតទឹកស្អាតរាល់ឆ្នាំនៅចុងរដូវប្រាំង ហើយ លោក ហែម ម៉ាច ក៏បានរាយការណ៍បញ្ហានេះទៅអាជ្ញាធរជំនាញពាក់ព័ន្ធ និងបានដាក់សំណើរសុំជីកស្តារបឹងនេះ ទំហំ៥ហិកតា សម្រាប់ស្តុកទឹកទុកប្រើ ទៅ ក្រសួងធនធានទឹក និងឧត្តុនិយម កាលពីឆ្នាំ២០២០មកម្លេះ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រសួងធនធានទឹក នៅមិនទាន់ឯកភាពអនុញ្ញាតឱ្យស្ថានីយ៍ទឹកស្អាតជីក ស្តារបឹងនៅឡើយ ដែលជាហេតុបណ្តាលអោយខ្វះទឹកពេលនេះ និងឆ្នាំក្រោយៗទៀត។

លោក ប៊ុន ហួ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តតាកែវ បានប្រាប់ ថ្មីពិត ថាក្រោយពីទទួលបានសំណើសុំស្តារបឹង៥ហិកតាពី ប្រធានស្ថានីយ៍ទឹកស្អាតបត់រការ កាលពីដើមឆ្នាំ២០២១ លោកប្រធានមន្ទីរបានចុះពិនិត្យជាក់ស្តែង និងបានធ្វើរបាយការណ៍ជូន រដ្ឋមន្ត្រីក្រសួងធនធានទឹក កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ និងរង់ចាំការសម្រេចពី  ឯកឧត្តមរដ្ឋមន្ត្រី ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានការសម្រេចណាមួយនៅឡើយទេ។

ប្រជាពលរដ្ឋអ្នកប្រើប្រាស់ទឹក និង លោក ហែម ម៉ាច ប្រធានស្ថានីយ៍ទឹកស្អាតបត់រកា សូមសំណូមពរ  ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ មេត្តាជួយសម្របសម្រួល និង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មេត្តាពិនិត្យលទ្ធភាពជីកស្តាបឹងទាំងមូល និង អនុញ្ញាតឱ្យស្ថានីយ៍ទឹកស្អាត ស្តារបឹង៥ហិកតា ទាន់រដូវប្រាំងនេះផង ដើម្បីបញ្ចប់ការខ្វះទឹកស្អាតប្រើដូចឆ្នាំនេះ និងឆ្នាំក្រោយៗទៀត៕
















No comments:

Powered by Blogger.