គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តពោធិ៍សាត់ ឆ្នាំ២០២៥»

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តពោធិ៍សាត់ ឆ្នាំ២០២៥» ដែលនឹងប្រព្រឹត្តទៅរយៈពេល ០៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ចំនួន៤ទីតាំងគឺ៖ ទី១-នៅលើបុរីវប្បធម៌កោះសំពៅមាស, ទី២-ទីធ្លាខាងមុខសាលាខេត្ត, ទី៣-សួន១៤មករា និងទី៤-ពហុកីឡាដ្ឋានខេត្ត។

ក្នុងសេចក្តីជូនដំណឹងនោះ មានខ្លឹមសារដូច្នេះថា រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស វិស័យឯកជន បងប្អូន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៩ គស.២០២៥ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តពោធិ៍សាត់ ២០២៥» ដែលនឹងប្រព្រឹត្តទៅរយៈពេល ០៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ចំនួន៤ទីតាំងគឺ៖ ទី១-នៅលើបុរីវប្បធម៌កោះសំពៅមាស, ទី២-ទីធ្លាខាងមុខសាលាខេត្ត, ទី៣-សួន១៤មករា និងទី៤-ពហុកីឡាដ្ឋានខេត្ត។

ការរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តពោធិ៍សាត់ ២០២៥នេះ គឺជាការចូលរួមអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ បំផុតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងបរិបទប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយល្អប្រសើរ ម្យ៉ាងវិញទៀតដើម្បីចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល និងជាឱកាសដ៏ល្អសម្រាប់ជួបជុំក្រុមគ្រួសារ។ ព្រឹត្តិការណ៍នេះ ក៏មានការប្រគំុតន្ត្រីប្រពៃណី និងសម័យ ការរាំលេងកំសាន្ត ការតាំងពិព័រណ៌បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុក ការលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងព្រឹត្តិការណ៍កំសាន្តផ្សេងៗ ដើម្បីបង្កបរិយាកាស សប្បាយរីករាយ ដែលមានការចូលរួមសម្តែងដោយ លោកស្រី ឱក សុគន្ធកញ្ញា, លោក ណុប បាយ៉ារិទ្ធ, លោក លឹម តិចម៉េង និងតារាល្បីៗជាច្រើនទៀត។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស វិស័យឯកជន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីចូលរួមកម្សាន្តសប្បាយរីករាយឱ្យបានច្រើនកុះករ និងអធិកអធម ដើម្បីរួម ចំណែកលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ពិសេសសក្តានុពលនៃខេត្តពោធិ៍សាត់៕

No comments:

Powered by Blogger.