ភ្នំពេញ៖ ឯកឧត្តម ស៊ូម សារឿន អនុរដ្ឋលេខាធិការក្រសួង មុខងារសាធារណៈ និងជា ប្រធានសាខាគណបក្ស ភ.ព ៩ បានអញ្ជើញជាអធិបតីពិធី សំណេះសំណាល និងបង្រៀនគូសសន្លឹកឆ្នោត ដល់ ថ្នាក់ដឹកនាំ សមាជិកនិងសមាជិកា សាខាគណបក្ស ភ.ព ៩ ដែលបានចូលរួម ជាង១,១០០នាក់ នៅសាលប្រជុំឦ៦៤តវិមាន៧មកុនរា នៃទីស្នាក់ការកណ្តាលបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។
ឯកឧត្តម អ៊ុង សារ៉ាវ៉ាន់ អនុប្រធានប្រចាំការសាខាគណបក្ស ភ.ព ៩ បានឱ្យដឹងថា គោលបំណងនៃការរៀបចំពិធីនេះ គឺដើម្បីចូលរួមផ្សព្វផ្សាយកម្មវិធីនយោបាយ និងសមិទ្ធផលសំខាន់ៗ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា បង្រៀនគូសសន្លឹកឆ្នោត និងណែនាំការត្រៀមលក្ខណៈ ឯកសារបម្រើការបោះឆ្នោត បន្ទាប់មក ឯកឧត្តមបានអានសេចក្តីសម្រេចបញ្ចូលសមាជិកបក្ស។
ឯកឧត្តម ស៊ូម សារឿន បានថ្លែងពីសមិទ្ធផលដ៏ធំធេងដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល៤៤ឆ្នាំនេះ តាំងពីក្រោយថ្ងៃរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ នាថ្ងៃ៧មករា១៩៧៩ ហើយបានដឹកនាំប្រែក្លាយប្រទេសកម្ពុជាពីប្រទេសដែលហែកហួរដោយសង្គ្រាមរ៉ាំរ៉ៃ កាបែកបាក់ជាតិ បែកបាក់ទឹកដី ទៅជាទឹកដីដ៏ស្រស់បំព្រង ដែលប្រជាជនមានជីវភាពធូរធា សម្បូរសប្បាយ សុខដុមរមនា ក្នុងម្លប់សន្តិភាព សេរីភាព ប្រជាធិបតិយ្យ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តមប្រធាន ថ្លែងបន្ថែមថា គណបក្សប្រជាជនកម្ពុជា ការពារបានយ៉ាងរឹងមាំនូវ សន្តិភាព ស្ថេរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ធានាបានការស់នៅដ៏សុខសាន្តរបស់ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពង្រឹងនិងពង្រីកលទ្ធិប្រជាធិបតេយ្យ ហើយសិទ្ធិ សេរីភាពរបស់ប្រជាជនត្រូវបានគោរព ការពារនិងលើកតម្កើង។
ទន្ទឹមនោះ បានកសាងនិងពង្រីកគ្រប់ទីកន្លែងទូទាំងប្រទេសនូវ សំណង់និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្តាញទឹកស្អាត ភ្លើងអគ្គិសនី សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។
ចំណុចសំខាន់មួយទៀតនោះ គឺជោគជ័យនៃការដឹកនាំប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលធានាបាននូវការការពារអាយុជីវិតប្រជាជន រក្សាបាននូវលំនឹងជីវភាពនិងលំនឹងសេដ្ឋកិច្ច ការធ្វើឱ្យប្រសើរឡើងវិញយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចក្រោយវិបត្តកូវីដ១៩។
បន្ថែមនេះ ជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ និងជោគជ័យជាប្រវត្តិសាស្ត្រថ្មីៗនេះ គឺការរៀបចំនិងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។
កត្តាទាំងអស់នេះ គឺជាសក្ខីភាពបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយក្តីសង្ឃឹម ក្រោមមគ្គុទេសក៍ដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។
ឯកឧត្តម ស៊ូម សារឿន បានបង្ហាញគោលនយោបាយសំខាន់ៗរបស់ គណបក្សប្រជាជនកម្ពុជា គឺបន្តថែរក្សាសុខសនិ្តភាព ភាពសុខសាន្តរបស់ប្រជាជន និងផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើង ចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាជនឱ្យកាន់តែធូរធា។
ឯកឧត្តមប្រធាន បានអញ្ជើញ ឯកឧត្តម ឯម សុផល អនុប្រធានសាខាគណបក្ស ភ.ព ៩ ឡើងបង្ហាញពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ការត្រៀមឯកសារបម្រើការបោះឆ្នោត និងបានចែកសន្លឹកឆ្នោតមិនផ្លូវការ ឱ្យសមាជិកអង្គពិធីទាំងអស់សាកល្បងគូស ជាលទ្ធផលគឺល្អ១០០%។
ឯកឧត្តមប្រធាន ស៊ូម សារឿន បានអំពាវនាវដល់សមាជិសមាជិកាគណបក្សទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឱ្យបានគ្រប់គ្នា និងគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវ និងសូមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានសញ្ញាទេវតាបាចផ្កាជាសញ្ញាសម្គាល់ ដើម្បីទុកអោយ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅបន្តដឹកនាំនាវាកម្ពុជា ទទួលបាននូវសុខសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍ ព្រមទាំង ការលើកតម្កើងកិត្យានុភាព និងកិត្តិយសកម្ពុជាលើផ្ទៃរាបអន្តរជាតិ។
ទីបញ្ចាប់ ឯកឧត្តមប្រធាន បានប្រគល់សេចក្តីសម្រេចតែងតាំងជូន និងបានថតរូបអនុស្សាវរីយ៍ផងដែរ៕
0 Comments:
Post a Comment