ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Wednesday, July 19, 2023

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន៣៥ នៅក្នុងស្រុកកណ្តាលស្ទឹង

ចំនួនអ្នកទស្សនា: Views

(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​កម្ពុជា ជាពុទ្ធសាសនូ​ប​​ត្ថម្ភ និងជាអ្នកទ្រទ្រង់សាសនាប្រកបទឹកចិត្តជ្រះថ្លាជាទីបំផុត។ សម្តេច​តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏តែងតែរៀបចំទៀនព្រះវស្សា និងទេយ្យ​ទានប្រគេនព្រះសង្ឃគង់តាមទីអារាមនានានៅមុនពេលបុណ្យចូលកាន់ព្រះវស្សាផងដែរ។

នៅព្រឹកថ្ងៃអង្គារ ១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត បានចាត់ចែងរៀបចំប្រគេនទៀនព្រះវស្សា និងទេយ្យទានប្រគេនដល់​វត្តចំនួន៣៥ មកពីស្រុកកណ្តាលស្ទឹង និងស្រុកមួយចំនួនទៀតនៅក្នុងខេត្ត​កណ្តាល។

ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានសម្រាប់ព្រះសង្ឃត្រៀមចូល​ព្រះ​វស្សា​នាពេលខាងមុខនេះ ត្រូវបានអញ្ជើញរៀបចំឡើងដោយអ្នក​ឧកញ៉ា ទ្រី ភាព ទី​ប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានបក្ស​ប្រជាជនកម្ពុជា និងអ្នក​ឧក​ញ៉ា គៀន ស្រីនាង នៅវត្តអង្គព្រោជ ស្ថិតក្នុងឃុំត្បែង ស្រុកកណ្តាល​ស្ទឹង។ ក្នុង​ពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោកឪពុក អ្នកម្តាយ​របស់អ្នកឧក​ញ៉ា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ថ្នាក់​ដឹក​នាំ និងបុគ្គលិកក្រុមហ៊ុន ព្រម​ទាំងញាតិមិត្តជិតឆ្ងាយយ៉ាងច្រើនកុះករ។

ក្នុងពិធីដ៏សែនរីករាយ និងប្រកបដោយសទ្ធាជ្រះថ្លានោះ អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង បានបូជាទៀនធូបផ្កាភ្ញី ដល់​ព្រះ​រតនត្រ័យជា​ទី​គោរពសក្ការៈ។ បន្ទាប់មកតាអាចារ្យក៏បានដឹកនាំធ្វើកិច្ចនានាតាមពិធី​សាស​នា រួមមានការធ្វើបទនមសការព្រះរតនត្រ័យ សមាទានសីលជា​ដើម​ និង​ការវេរ​​ប្រគេនទៀនព្រះវស្សា និងទេយ្យទានទៅដល់វត្តទាំង៣៥។

បន្ទាប់ពីការវេរប្រគេននូវទៀនព្រះវស្សា និងទេយ្យទានហើយនោះ ព្រះ​សង្ឃ​ក៏​បានសូត្រមន្តចម្រើនព្រះបរិត្ត ផ្តល់នូវពុទ្ធជ័យ​ប្រោសព្រំប្រសិទ្ធពរ​ជ័យ​សិរី​សួស្តី​ទាំងឡាយកើតមានទៅដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអ្នក​ឧក​ញ៉ា និងម្ចាស់ទៀន ហើយក៏សូមឧទ្ទិសកុសលផលបុណ្យ​ទាំង​ឡាយ​បាន​ដល់ញាតិការដែលបានចែកឋាន។

ការប្រគេទៀនព្រះវស្សា ជាប្រពៃណី និងជាទំនៀមទម្លាប់មួយរបស់​ប្រជា​​ពុទ្ធប​រិ​ស័ទខ្មែរ តែងតែធ្វើឡើងនៅមុនការចូលមកដល់នៃបុណ្យ​ចូល​ព្រះ​វស្សា។ បុណ្យ​​ចូលព្រះវស្សានៅឆ្នាំនេះ នឹងចាប់ផ្តើមនៅថ្ងៃពុធ ១រោច ខែទុតិ​​យា​សាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃ​ទី​២ ខែសីហា ឆ្នាំ២០២៣។

បុណ្យចូលព្រះវស្សាដែលមានរយៈពេល​ប្រមាណជា៣ខែនេះ ជាពេលវេលា​មួយ​ដែលព្រះសង្ឃពិបាកនិមន្ត​បិណ្ឌ​​បាត្រព្រោះជារដូវភ្លៀង។ អាស្រ័យហេតុ​នេះ​ហើយ ទើបប្រជាពុទ្ធ​បរិ​ស័ទខ្មែរ តែងមានការរៀបចំពិធីប្រគេនទៀន​ព្រះ​វស្សា​សម្រាប់អុជបំភ្លឺ​ក្នុងទីអារាម ព្រមទាំងមានការប្រគេននូវទេយ្យ​ទាន​ផ្សេងៗ​សម្រាប់ជា​ចង្ហាន់ព្រះសង្ឃក្នុងកំលុងរដូវវស្សា ដែលពិបាកនិមន្ត​បិណ្ឌ​បាត្រ​នេះ។

ជារៀងរាល់ឆ្នាំមុនការចូលមកដល់ថ្ងៃបុណ្យចូលព្រះវស្សា សម្តេច​តេ​ជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែង​បានរៀបចំប្រគេនទៀន​ព្រះវស្សា និង​ទេយ្យ​ទានគ្រប់ទីអារាម​នៅ​ទូទាំងប្រទេស និយាយដោយ​ឡែកសម្រាប់ស្រុក​កណ្តាល តាមរយៈអ្នកឧកញ៉ា ទ្រី ភាព ក៏តែងតែ​បាន​ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តនានាមិនដែលខាន​នោះ​ឡើយ។

ព្រះតេជគុណ ប៊ុត សោភ័ណ អនុគណស្រុកកណ្តាលស្ទឹង និងជាព្រះចៅ​អធិ​ការ​​វត្តវិហារបិទមាស បានមានសង្ឃដីកាថា ការប្រគេនទៀនព្រះវស្សា ប្រៀប​ដូច​ការបូជាប្រទីបដល់ព្រះពុទ្ធបដិមា ដែលជាការនឹករលឹកឃើញនូវព្រះ​សម្មា​សម្ពុទ្ធ ជាការបូជាចំពោះគុណ​របស់ព្រះពុទ្ធ។

ព្រះអង្គមានសង្ឃដីកាទៀតថា ការប្រគេនទៀនព្រះវស្សាតែងមាននូវតេជៈ ជា​បុណ្យជាកុសល ជាអនិសង្សខ្ពង់ខ្ពស់សម្រាប់បុគ្គលអ្នកជ្រះថ្លា មានឧប​និស្ស័យ​ទៅកើតក្នុងសុគតិភពមនុស្ស ទេវតាជាដើម។

ព្រះតេជគុណ ប៊ុត សោភ័ណ បានបង្ហាញការកត់សម្គាល់របស់ព្រះអង្គថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាអ្នកឧកញ៉ា ទ្រី ភាព និងអ្នក​ឧកញ៉ា គៀន ស្រីនាង ជាពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លាខ្ពស់ក្នុងព្រះពុទ្ធ​សាស​នា ហើយតែងតែយកចិត្តទុកដាក់ខ្ពស់ដល់ពិធីនានារបស់ព្រះពុទ្ធ​សាសនា។

ក្នុងពិធីនាព្រឹកមិញនេះ ក្រៅតែពីប្រគេនទៀនព្រះវស្សាក្នុងមួយវត្តមួយ​គូ​ហើយ អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ក៏មានសទ្ធា ប្រគេននូវទេយ្យទានផ្សេងៗមួយចំនួនទៀតរួមមាន៖ បច្ច័យបួនសម្រាប់​ព្រះ​សង្ឃ ៣៥អង្គ ក្នុងមួយអង្គ ៧៣៦,០០០រៀល បច្ច័យសម្រាប់ចង្ហាន់ព្រះ​សង្ឃ​​ក្នុង​មួយ​វត្ត ១,៦០០,០០០រៀល លាង ៣៥កញ្ចប់ អង្ករក្នុងមួយវត្ត ១០០​គីឡូ​ក្រាម មី ទឹកដោះគោខាប់ ត្រីខកំប៉ុង សាច់ជ្រូកផាត់ ទឹកត្រី ទឹកស៊ីអ៉ីវ ប្រេងឆា ទឹកផ្លែឈើ ទឹកបរិសុទ្ធ។

ក្រៅតែពីការប្រគេនទៀនព្រះវស្សា និងទេយ្យទានទៅតាមទីអារាម និង​ព្រះ សង្ឃហើយនោះ ក៏មានការរៀបចំចែកទាន​ដល់​លោកយាយ លោកតា តាអាចារ្យ គណៈកម្មការវត្តសរុបប្រមាណ ២៣៥នាក់ ក្នុង ១នាក់ទទួលបាន​ថវិកា ១០ម៉ឺនរៀល និងក្រម៉ា២ផងដែរ។

បន្ថែមពីលើនោះ អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ក៏បាន​រៀប​​ចំចង្ហាន់ថ្ងៃត្រង់ប្រគេនព្រះសង្ឃទាំង ៣៥អង្គ និងជូនដល់​លោក​យាយ​លោក​តា ដែលបានអញ្ជើញចូលរួមក្នុងពិធីនោះផងដែរ។ ក្នុងពិធីនេះ បានចំណាយ​ថវិកាសរុបប្រមាណជា ៧ម៉ឺនដុល្លារអាមេរិក។

ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានត្រូវបានប្រព្រឹត្តទៅក្រោម​បរិយាកាស​​ដ៏សែន​សប្បាយរីករាយ និងប្រកបដោយសទ្ធាជ្រះថ្លា។ លោកយាយលោកតា ក៏បានសម្តែងក្តីត្រេកអរចំពោះការទទួលបាននូវ​ទាន​កើតចេញ​ពី​ទឹកចិត្ត​ដែល​ជា​​សទ្ធា​ដ៏ជ្រះថ្លានោះ។

លោកយាយ សាន សុភាព បានបង្ហាញការពេញចិត្ត និងរីករាយជាខ្លាំងចំពោះ​ពិធី​ដ៏រីករាយនាព្រឹកមិញនេះ។ លោកយាយ ក៏បានលើកសរសើរអ្នកឧកញ៉ា ទ្រី ភាព ថាតែងតែគិតគូរដល់ស្រុកកំណើត ហើយបានចូលរួមកសាង​សមិទ្ធ​ផល​​ជាច្រើន​នៅក្នុងឃុំត្បែងទាំងក្នុងវិស័យព្រះពុទ្ធសាសនា និងអាណាចក្រ មានដូចជាផ្លូវ និងសាលារៀនជាដើម។ ជាពិសេសអ្នកឧកញ៉ា តែងជួយ​ទុក្ខ​ធុរៈ​របស់លោកយាយ លោកតា និងប្រជាពលរដ្ឋ៕


0 Comments:

Post a Comment