អភិបាលខេត្តពោធិ៍សាត់ នាំយកអំណោយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត មកចែកជូនដល់កម្លាំងគណៈបញ្ជាការឯកភាពស្រុកវាលវែង ដែលរួមសហការចុះរុករកឧទ្ធម្ភាគចក្រ អស់រយៈពេល៨ថ្ងៃ ៧យប់
(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មកចែកជូនដល់កម្លាំងគណៈបញ្ជាការឯកភាពស្រុកវាលវែង ដែលបានរួមសហការចុះរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង កាលពីថ្ងៃទី១២ ខែកក្កដាកន្លងទៅ អស់រយៈពេល៨ថ្ងៃ ៧យប់ ជាមួយនឹងកម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ។
លោក ខូយ រីដា បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្ត ដោយទទួលបានព័ត៌មាន ទាក់ទងនឹងឧទ្ធម្ភាគចក្រមួយគ្រឿង ម៉ាកZ9 លេខMH912 បានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ ក្នុងពេលកំពុងហ្វឹកហ្វឺននោះ, លោកក៏បានរៀបចំកម្លាំងមុខព្រួញ ដោយមានកម្លាំងគណៈបញ្ជាការឯកភាពស្រុក បូករួមជាមួយកម្លាំងនគបាលការពារព្រំដែនគោកលេខ៨២៥ កម្លាំងប្រជាសហគមន៍ និងគ្រូពេទ្យ សរុបចំនួន៥០នាក់ បែកចែកជា៥ក្រុម ដើម្បីចុះទៅទីតាំងដែលសង្ឃ័យថា យន្តហោះអាចធ្លាក់ ឬបាត់ការទាក់ទង។
លោកប្រធានគណៈបញ្ជាការឯកភាពខេត្ត បានបន្តថា ពិតណាស់កម្លាំងរបស់គណៈបញ្ជាការឯកភាពស្រុក បានប្រើប្រាស់កម្លាំងកាយចិត្ត ក្នុងការសហការចុះរុករកឧទ្ធម្ភាគចក្រឱ្យឃើញ តែដោយសារកត្តាភូមិសាស្ត្រព្រៃស្តុក មានជ្រលងជ្រោះជ្រៅ និងអាកាសធាតុមិនអំណោយផលនោះ កម្លាំងរបស់យើងអាចមានលទ្ធភាពរុករក បានរយៈពេលខ្លី ពោលគឺត្រឹមតែ៨ថ្ងៃ ៧យប់ប៉ុណ្ណោះ គិតចាប់ពីថ្ងៃទី១៣ ខែកក្កដាទៅ។
លោកក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កម្លាំងទាំងអស់ មិនថាកម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ ឬកម្លាំងគណៈបញ្ជាការឯកភាពស្រុកប៉ុណ្ណោះទេ គឺសុទ្ធសឹងជាកម្លាំងស្នូល ដែលពួកគេមានឆន្ទះខ្ពស់ ក្នុងការសហការគ្នារុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង ក្នុងអំឡុវពេលបើកហ្វឹកហ្វឺន។ ជាមួយគ្នានោះ លោកក៏សូមឱ្យប្រតិបត្តិការការរុករកឧទ្ធម្ភាគចក្រ រួមទាំងអាកាសយានិក២រូប សូមឱ្យឆាប់បានរកឃើញ និងរួចផុតពីគ្រោះចង្រៃទាំងអស់គ្នា។
អំណោយរបស់សម្តេចបវរធិបតី ដែលត្រូវប្រគល់ជូនដល់កងកម្លាំងគណៈបញ្ជាការឯកភាពស្រុក ចំនួន៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ថវិកា៤០ម៉ឺនរៀល ដោយឡែករដ្ឋបាលខេត្ត ក៏បានរៀបចំស្បៀង និងសម្ភារជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន ប្រគល់ជូនដល់ទីបញ្ជាការរុករកឧទ្ធម្ភាគចក្រនាឱកាសនោះផងដែរ។
សូមបញ្ជាក់ថា ដោយមានបទបញ្ជា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានការចង្អុលបង្ហាញ ពីក្រសួងការពារជាតិ អគ្គបញ្ជាការបញ្ជាការដ្ឋាន កងទ័ពជើងគោកនោះ ចាប់ពីថ្ងៃទី១៣ ខែកក្កដា កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ បានចុះប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ព្រៃភ្នំ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ គិតមកត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ មិនទាន់រកឃើញនៅឡើយទេ នេះដោយសារកត្តាភូមិសាស្ត្រព្រៃស្តុក មានជ្រលងជ្រោះជ្រៅ និងកត្តាអាកាសធាតុមិនអំណោយផល។
ប្រតិបត្តិការនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗរួមមាន៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ខឹមជា សាខឿន រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពអាកាស, ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក, ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥, ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស បានដឹកនាំកម្លាំងជាង១ពាន់នាក់ ដើម្បីរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង និងសង្ស័យថាធ្លាក់ ក្នុងភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់៕
No comments: