គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ពលរដ្ឋជាង១,០០០គ្រួសារ រងគ្រោះដោយ ក្រុមហ៊ុនពិភពដីមាស របស់ អតីតឧកញ៉ា ហ៊ី គឹមហុង ស្នើសុំឱ្យតុលាការ ក្រសួងយុត្តិធម៌ និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជួយផ្តល់មេធាវី ឬបង្កើតគណៈកម្មការ ពន្លឿនការដោះស្រាយផ្តល់យុត្តិធម៌ ឆាប់បានប្រាក់សងធនាគារ

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ តំណាងប្រជាពលរដ្ឋជាង ១,០០០គ្រួសារ មកពីភ្នំពេញ និងខេត្តនានា បានប្រមូលផ្តុំគ្នា ថ្លែងពីទុក្ខលំបាក និងស្នើសុំឱ្យ តុលាការ ក្រសួងយុត្តិធម៌  និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួយផ្តល់មេធាវី ឬបង្កើតគណៈកម្មការ ពន្លឿនការដោះស្រាយផ្តល់យុត្តិធម៌ជូនពួកគាត់ ក្នុងពេលដែលនាំគ្នាមកផ្តិតមេដៃពឹងពាក់មេធាវី តាំង ស៊ីនហុង  ដើម្បីស្នើសុំការពារក្តីនៅ សាលាដំបូងរាជធានីភ្នំពេញ និងស្ថាប័នជាតិផ្សេងៗ ករណីដែលពួកគាត់បានចាញ់បោកក្រុមហ៊ុនពិភពដីមាស របស់ អតីតឧកញ៉ា ហ៊ី គឹមហុង និងបក្ខពួក បណ្តាលឱ្យប្រជាពលរដ្ឋកំពុងតែជាប់បំណុលធនាគារវណ្ឌក គ្រួសារខ្លះធ្លាក់ខ្លួនទ័លក្រ ខ្លះបានព្រាត់ប្រាស់ កូនចៅមិនបានទៅសាលារៀន ខ្លះខូចចិត្តកើតជំងឺ និងអ្នកខ្លះបានសម្រេចចិត្តចងកធ្វើអត្តឃាតទៀតផង។

តាមជនរងគ្រោះ បានអះអាងដូចៗគ្នាថា ដោយជឿជាក់ការឃោសនារបស់ក្រុមហ៊ុនពិភពដីមាស ពួកគាត់ភាគច្រើន បានយកប្លង់ដីទៅដាក់បញ្ចាំធនាគារនានា ដែលមានអត្រាការប្រាក់ទាប ដើម្បីយកប្រាក់មកវិនិយោគ ដោយទិញដីឡូតិ៍ជាមួយ ក្រុមហ៊ុនពិភពដីមាស ក្នុង១ឡូតិ៍តម្លៃពី១៥,០០០ ទៅ២០,០០០ (ពីរម៉ឺនដុល្លារ) ស្ថិតនៅក្នុងឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងទទួលបានផលចំណេញឬការប្រាក់ ចំនួន៣ភាគរយក្នុងមួយខែ ថែមទាំងអាចលក់ដីឡូតិ៍ទាំងនោះក្នុងតម្លៃដើមជូនក្រុមហ៊ុនវិញ នៅថ្ងៃបញ្ចប់កិច្ចព្រមព្រៀងក្នុងរយៈពេល២ឆ្នាំគឺ២៤ខែទៀតផង ប៉ុន្តែជាក់ស្តែង ពួកគាត់ភាគច្រើនមិនទទួលបានការប្រាក់៣% ដូចការសន្យាក្នុងកិច្ចព្រមព្រៀងនោះឡើយ ហើយដីដែលពួកគាត់បានទិញនោះ ក៏មិនអាចចូលកាន់កាប់អាស្រ័យផលបាន និង មិនបានអភិវឌ្ឍន៍ជាទីក្រុងឌូបៃ ដូចការសន្យាឡើយ។

លោក សេង ហាន់ បានឱ្យដឹងថា បុគ្គលិកទីផ្សារក្រុមហ៊ុនពិភពដីមាសបានចុះឃោសនា និងនាំលោកទៅមើលគម្រោងដីឡូតិ៍ ដែលពួកគាត់អះអាងថា នឹងអភិវឌ្ឍគម្រោងនោះដូចជា ទីក្រុងឌូបៃ ប្រទេសអារ៉ាប់ និង បើទិញដីនឹងទទួលបានផលចំណេញគឺ ការប្រាក់ចំនួន៣ភាគរយក្នុង១ខែ ហើយគ្រប់២៤ខែនឹងទទួលបានថ្លៃដើមដីមកវិញ ប៉ុន្តែជាក់ស្តែងមិនទទួលបានដូចការសន្យាក្នុងកិច្ចព្រមព្រៀងទេ។

លោកតាឈ្មោះ អៀក ចេម អាយុជាង៧០ឆ្នាំ ពិការជើងម្ខាង រស់នៅស្រុកជុំគិរី ខេត្តកំពត បានឱ្យដឹងថា ក្នុងក្រុមគ្រួសារគាត់បានចាញ់បោកក្រុមហ៊ុនពិភពដីមាសអស់ប្រាក់ជាង ១០ម៉ឺនដុល្លារ  ដោយពីដំបូងមានបុគ្គលិកទីផ្សារក្រុមហ៊ុនពិភពដីមាស បានចុះឃោសនាដល់ផ្ទះគាត់ ធ្វើឱ្យគាត់ជឿជាក់ ទើបក្នុងខែធ្នូឆ្នាំ២០២២ ក៏បានយកប្រាក់សន្សំសម្រាប់ចាយវាយពេលចាស់ជរា ចំនួន២ម៉ឺនដុល្លារ ទៅទិញដី១ឡូតិ៍ ទំហំ៥គុណ២០ម៉ែត ពីក្រុមហ៊ុនពិភពដីមាស ដោយទទួលបានការប្រាក់ ចំនួន៣ភាគរយ ក្នុង១ខែស្មើចំនួន៦០០ដុល្លារ និងផ្អែកតាមកិច្ចសន្យា គ្រប់២៤ខែ ក្រុមហ៊ុនដីមាសនឹងទិញយកដីវិញក្នុងតម្លៃដើម។  ក្រោយទទួលបានការប្រាក់ប្រចាំខែមែន ទីផ្សារក្រុមហ៊ុនដីមាសដដែល បានមកបញ្ចុះបញ្ចូលជាថ្មីថា អ៊ុំមានសមត្ថភាពអាចខ្ចីធនាគារបាន ខ្ញុំមានធនាគារដៃគូរសហការ ទើបគាត់សម្រេចចិត្តយកប្លង់ដីទៅបញ្ចាំធនាគារយកប្រាក់ ចំនួន១៥,០០០ដុល្លារ ដើម្បីទិញដី១ឡូតិ៍បន្ថែមទៀត។ សរុបទទួលបានការប្រាក់ចំនួន៤ខែ ក៏លែងទទួលបានរហូត។ ដោយឃើញទទួលបានការប្រាក់មែននៅខែតំបូងៗ លោកតាបានណែនាំកូនចៅឱ្យដាក់ប្រាក់ដូចគាត់ រហូតគ្រួសារគាត់លង់ចាញ់បោកក្រុមហ៊ុនពិភពដីមាសមួយពូជ។  

ប្រជាពលរដ្ឋបញ្ជាក់បន្ថែមថា ដោយក្រុមហ៊ុនពិភពដីមាស មិនបានគោរពតាមកិច្ចសន្យា ទើបពួកគាត់សម្រេចចិត្តប្តឹងទៅសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ រហូតមានការឃាត់ខ្លួន អតីតឧកញ៉ា ហ៊ី គឹមហុង និងបក្ខពួក កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឃុំខ្លួនក្នុងពន្ធនាគារ ពីបទ ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) និងបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

បន្ទាប់ពីការឃុំខ្លួន អតីតឧកញ៉ា ហ៊ី គឹមហុង និងបក្ខពួក បានជាង០២ខែ សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចដោះលែងឈ្មោះ ហ៊ី គឹមហុង និងបក្ខពួក ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន តាមអំណាចសាលដីកា លេខ៧៧ក្រ ចុះថ្ងៃទី៣១ខែតុលាឆ្នាំ២០២៣ ផ្អែកលើពាក្យសុំនៅក្រៅឃុំរបស់មេធាវីជនត្រូវចោទ និង ដើមបណ្តឹងរដ្ឋប្បវេណីដែលបានស្ម័គ្រចិត្តធ្វើលិខិតស្នើសុំ ព្រោះតែជឿជាក់លើការលួងលោមរបស់ ឈ្មោះ សាន សុទ្ធាវិន ជាភរិយា ហ៊ី គឹមហុង ដូចមានខ្លឹមសារក្នុងកិច្ចព្រមព្រៀងសះជា ចុះថ្ងៃទី១០ខែសីហាឆ្នាំ២០២៣ ដើម្បីផ្តល់ឱកាសអោយ អតីតឧកញ៉ា ហ៊ី គឹមហុង មានពេលវេលារៀបចំក្រុមហ៊ុនឡើងវិញ និងដោះស្រាយបញ្ហាជូនដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់ នៅមុនថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដូចការសន្យារបស់ ហ៊ី គឹមហុង ក្នុងពេលសវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ។

ប្រជាពលរដ្ឋរងគ្រោះបញ្ជាក់បន្ថែមថា បន្ទាប់ពីត្រូវបានដោះលែងចេញពីពន្ធនាគារ រហូតមកដល់ខែកក្កដាឆ្នាំ២០២៤នេះ អតីតឧកញ៉ា ហ៊ី គឹមហុង និងភរិយា សាន សុទ្ធាវិន មិនបានដោះស្រាយបញ្ហាបំណុលជូនពួកគាត់ជាដើមបណ្តឹងរដ្ឋប្បវេណី តាមការសន្យាជាថ្នូរសុំនៅក្រៅឃុំបណ្តោះអាសន្ននោះឡើយ ទើបពួកគាត់មិនសុខចិត្ត មកពឹងពាក់មេធាវីថ្មីបន្ថែម គឺ លោកស្រីមេធាវី តាំង ស៊ីនហុង ដើម្បីរៀបចំឯកសារស្នើសុំឱ្យសមត្ថកិច្ច និងតុលាការចាត់ការលើ អតីតឧកញ៉ា ហ៊ី គឹមហុង និងបន្តឃាត់ខ្លួនបុគ្គលពាក់ព័ន្ធកំពូលៗនៅក្នុងក្រុមហ៊ុនពិភពដីមាស ដើម្បីរឹបអូសទ្រព្យសម្បត្តិសងពួកគាត់ជាដើមបណ្តឹងរដ្ឋប្បវេណី និងដើម្បីបង្កាកុំ ប្រជាពលរដ្ឋដ៏ទៃទៀត ចាញ់បោក ក្រុមហ៊ុនពិភពដីមាសនេះដូចពួកគាត់ ព្រោះថា បច្ចុប្បន្ននេះក្រុមហ៊ុនពិភពដីមាសនេះ កំពុងធ្វើសកម្មភាពផ្សព្វផ្សាយលក់ តាមផេកហ្វេសប៊ុករបស់ក្រុមហ៊ុន និងដោយមានបុគ្គលិកទីផ្សារ កំពុងដើរឃោសនាបញ្ចុះបញ្ចូលប្រជាពលរដ្ឋ ជាពិសេស នៅតាមតំបន់ដាច់ស្រយាលនៃបណ្តាខេត្តនានា ឱ្យលង់ជឿ ដាក់ប្រាក់វិនិយោគទិញដីឡូតិ៍ ឬចូលភាគហ៊ុន ដូចគន្លងចាស់ទៀត។ 

ប្រជាពលរដ្ឋរងគ្រោះ សូមលើកដៃសំណូមពរដល់ ឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ និង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាពិសេស  សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មេត្តាជួយពន្លឿនក្នុងការផ្តល់យុត្តិធម៌ ដោយផ្តល់មេធាវីរាជរដ្ឋាភិបាល និង បង្កើតគណៈកម្មការដោះស្រាយ ដើម្បីពួកគាត់ទទួលបានប្រាក់កាស ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសងបំណុលធនាគារ៕





















No comments:

Powered by Blogger.