ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន៖ អ្នកបោះឆ្នោតដែលជាជនពិការភ្នែក អ្នកមានបញ្ហាសុខភាពធ្ងន់ធ្ងរ ឬចាស់ជរា ដែលមិនអាចបោះឆ្នោតដោយខ្លួនឯងបាន ត្រូវស្នើសុំអោយប្រធានការិយាល័យបោះឆ្នោតអនុញ្ញាតអោយនីតិជន ដូចជា កូន ក្មួយ ចៅ ឬសាច់ញាតិជាដើម ដែលជូនគាត់មកជាមួយ ជួយគូសសន្លឹកឆ្នោតជំនួសគាត់
ខេត្តតាកែវ៖ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅឃុំពន្លៃ និងឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និង ណែនាំដល់សាខាបក្សភូមិ គណបក្សឃុំ និងក្រុមការងារគ្រប់ថ្នាក់ដើម្បីជំរុញការធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ(ឯ.អ) បម្រើអោយការបោះឆ្នោតអោយទាន់ពេលវេលា និងកំណត់មុខសញ្ញាត្រូវបង្រៀនគូសសន្លឹកឆ្នោតដល់សមាជិកបក្សដែលពុំសូវចេះអក្សរ និងចាស់ដែលមានវ័យ៦៥ឆ្នាំឡើង។
សមាជិកបក្សដែលពិការភ្នែក ឬមានសុខភាពធ្ងន់ធ្ងរ ចាស់ជរាដែលមិនអាចបោះឆ្នោតដោយខ្លួនឯងបាននោះ ប្រធានក្រុមការងារគណបក្សទទួលបន្ទុកស្រុក ក្រុង ឃុំ សង្កាត់ សាខាបក្សភូមិ និងក្រុមការងារការិយាល័យបោះឆ្នោតទាំងអស់ត្រូវអនុវត្តអោយបានហ្មត់ចត់តាមគោលការណ៍ខាងក្រោម៖
ផ្អែកតាមប្រការ ៨.៦.១៨ នៃបទបញ្ជានិងនីតិវិធីបោះឆ្នោត និងអនុលោមតាមមាត្រាទី១០៧នៃច្បាប់បោះឆ្នោតតំណាងរាស្រ្ត អ្នកបោះឆ្នោតដែលជាជនពិការភ្នែក អ្នកមានសុខភាពធ្ងន់ធ្ងរ ឬចាស់ជរាដែលមិនអាចបោះឆ្នោតដោយខ្លួនឯងបាន ត្រូវស្នើសុំអោយប្រធានការិយាល័យបោះឆ្នោតអនុញ្ញាតអោយនីតិជន ដូចជាកូន ក្មួយ ចៅ ឬសាច់ញាតិជាដើម ដែលជូនគាត់មកជាមួយ ជួយគូសសន្លឹកឆ្នោតជំនួសគាត់។
ជាមួយនេះ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន ក៏បានអញ្ជើញចុះពិនិត្យសំណង់អគារស្នាក់ការគណបក្សឃុំអង្គរបូរី ដែលជាអំណោយរបស់ក្រុមការងារគណបក្សមូលដ្ឋានឃុំអង្គរបូរី ផងដែរ៕
No comments: