សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង
ក្រោយពីបានស្តាប់របាយការណ៍ពីស្ថានភាពទូទៅរបស់ស្រុក ក៏ដូចជាស្ថានភាពគណបក្សស្រុក និងសកម្មភាពចលនាស្រ្តីស្រុក ព្រមទាំងបានស្តាប់នូវការអានសេចក្តីសម្រេចសមាសភាពក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹងរួចមក សម្តេចរដ្ឋសភាធិបតី បានអញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីក្រោមបរិយាកាសស្និទ្ធស្នាលជាទីបំផុត។
សម្តេចរដ្ឋសភាធិបតី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សព្រមទាំងឥស្សរជនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ ជូនអង្គពិធីផងដែរ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលគណបក្សស្រុកក៏ដូចជាក្រុមចលនាស្រ្តីស្រុកសម្រេចបាននាពេលកន្លងមក ធ្វើឱ្យគណបក្សទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ជាបន្តបន្ទាប់ពិសេសបានផ្សារភ្ជាប់ជាមួយជីវភាពប្រជាពលរដ្ឋ ចូលរួមដោះស្រាយបញ្ហាជូនម្ចាស់ឆ្នោតបានទាន់ពេលវេលា ស្របតាមបុព្វហេតុរបស់គណបក្សប្រជាជនកម្ពុជា គឺរួមសុខរួមទុក្ខជាមួយពលរដ្ឋ នៅគ្រប់កាលៈទេសៈ។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងថាដើម្បីសេចក្តីសុខ និងការរីកចម្រើនរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំគណបក្ស បានតស៊ូនិងលះបង់គ្រប់បែបយ៉ាងរហូតដល់ការយកអាយុជីវិតទៅប្តូរដើម្បីនាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋនិងបានស្ថិតនៅជាមួយពលរដ្ឋគ្រប់កាលៈទេសៈ។
សម្តេចប្រធានក្រុមចលនាស្រ្តី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានលើកឡើងបន្តថា ជ័យជម្នះបោះឆ្នោតឆ្នាំ២០២៣ ជារបត់នយោបាយថ្មីជាប្រវត្តិសាស្រ្តរបស់កម្ពុជា។ មានពលរដ្ឋជាង៨៤% នៃអ្នកមានឈ្មោះបោះឆ្នោតបានចេញទៅបោះឆ្នោត ហើយពលរដ្ឋជាង៨២% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងចំណោមគណបក្សចូលរួមប្រកួតប្រជែងចំនួន១៨។ ទទួលបានការគំាទ្រដ៏សន្ធឹកសន្ធាប់បែបនេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការផ្ទេរការដឹកនាំដល់ឥស្សរជនបន្តវេន មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលពោរពេញដោយសមត្ថភាព មានសីលធម៌ខ្ពស់ ដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងថាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាធានាបាននូវសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ។ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា បានកំពុងងើបឡើងក្នុងដំណើរការល្អ ក្រោយពីវិបត្តិជំងឺកូវីដ-១៩។ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជាបានបន្តជំរុញលើកកម្ពស់សមភាពយេនឌ័រ ផ្តល់តួនាទីដល់ស្រ្តី កាន់តែច្រើនឡើងនៅក្នុងការងារសង្គម សេដ្ឋកិច្ច និងនយោបាយ។ សម្តេចបានគូសបញ្ជាក់បន្ថែមថា ស្រ្តី និងយុវជន ជាធនធានគន្លឹះដ៏សំខាន់ក្នុងការសម្រេចបាននូវភារកិច្ចចម្បងសំខាន់ៗ របស់សង្គមជាតិ។ ស្រ្តីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងជាមាតាពិភពលោក។
សម្តេចរដ្ឋសភាធិបតីក៏បានលើកឡើងពីសភាពការណ៍ជាតិមួយចំនួនផងដែរទាក់ទិននឹងការបរាជ័យពីការការប៉ុនប៉ងរបស់ក្រុមឧទ្ទាមក្រៅប្រទេសក្នុងការរុញច្រានឱ្យមានមហាបាតុកម្មនៅថ្ងៃទី១៨ ខែសីហា ដើម្បីបង្កចលាចលនៅក្នុងប្រទេស ដោយយកបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ជាលេស។ ហើយការបរាជ័យនេះក៏បានបង្ហាញថា ពលរដ្ឋខ្មែរបានជ្រើសយកសន្តិភាព និងភាពសុខសាន្ត និងមិនចាញ់បោកក្រុមប្រឆាំងដែលសុខចិត្តបំផ្លាញប្រទេសជាតិទាំងមូល ដើម្បីជាឈ្នាន់នយោបាយរបស់ខ្លួនឡើយ។
សម្តេច ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទូទាំងខេត្តកណ្តាលចំពោះការចូលរួមគាំទ្រអបរអរសាទរយ៉ាងគគ្រឹកគគ្រេងនៃពិធីបើកការដ្ឋានជាផ្លូវការគម្រោង "ព្រែកជីកហ្វូណនតេជោ" ដែលបង្ហាញពីចលនាជាតិដ៏ធំធេង ក្នុងស្មារតីស្នេហាជាតិ ដើម្បីកំណើនសេដ្ឋកិច្ចសង្គមកម្ពុជា។
ជាមួយគ្នានេះ សម្តេច បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាពពេញលេញ និងកំពុងថែរក្សាសន្តិភាពនេះឱ្យបានគង់វង្ស ក្នុងពេលដែលប្រទេសជាច្រើនលើពិភពលោកកំពុងស្វែងរកសន្តិភាពនៅឡើយ តួយ៉ាងដូចភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ា និងសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែនជាដើម ដែលបង្កនូវវិបត្តិដ៏ធំធេងមិនចំពោះតែប្រទេសទាំងពីរផ្ទាល់ ឬក្នុងតំបន់នោះទេ គឺចំពោះពិភពលោកទាំងមូលដែលនាំឱ្យមានវិបត្តិមនុស្សធម៌ធំធេង និងបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក។
មុននឹងបញ្ចប់ សម្តេចរដ្ឋសភាធិបតី បានផ្តាំផ្ញើដល់ក្រុមការងារស្រ្តីទាំងអស់ត្រូវបន្តអភិវឌ្ឍន៍ចំណេះដឹង រួមគ្នាខិតខំបំពេញការងារ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ធ្វើយ៉ាងណាពង្រឹងពង្រីកសមជិកបក្សបន្ថែមទៀត រក្សាទុកសមាជិកចាស់បង្កើនសមាជិកថ្មី ដោយត្រូវធ្វើចលនាកៀរគរ ពង្រឹងតម្រង់ទិស ណែនាំ និងធ្វើសុខដុមរមនាជាមួយគ្នា។ ក្រៅពីនេះ ត្រូវបញ្ជ្រាបខ្លឹមសារគោលនយោបាយគណបក្សដល់ប្រជាពលរដ្ឋបានយល់ដឹងបន្ថែមទៀត ក្នុងការរក្សាប្រៀបឈ្នះរបស់គណបក្សនៅក្នុងការបោះឆ្នោតបន្តបន្ទាប់នាពេលខាងមុខ ដើម្បីឱ្យកម្ពុជាឈានឆ្ពោះទៅកាន់គោលដៅអភិវឌ្ឈន៍ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្លាយជាប្រទេសអភិវឌ្ឍន៍ជឿនលឿន៕
No comments: