គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

អភិបាលខេត្ដព្រះសីហនុ ជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ជូនកុមារ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកជិត ៩០០នាក់នៃអង្គការម្លប់តាប៉ាង

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ បានរៀបចំពិធីសំណេះសំណាល ពិសាអាហាសាមគ្គី និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ជូនអង្គការម្លប់តាប៉ាង (កុមារ លោកគ្រូ អ្នកគ្រូ និងបុគ្គលិក ក្រោមការគ្រប់គ្រងរបស់អង្គការម្លប់តាប៉ាងសរុបជិត ៩០០នាក់) នៅមជ្ឈមណ្ឌលមង្គលសេដ្ឋាចន្ទ ក្រុងព្រះសីហនុ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ម៉ាង ស៊ីណេត អភិបាលខេត្ដព្រះសីហនុ និងលោកស្រី គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ លោក លោកស្រី ប្រធានមន្ទីរងអង្គភាពពាក់ព័ន្ធ​ជាច្រើនរូប។

លោក ម៉ាង ស៊ីណេត បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារអង្គការដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពុះពារគ្រប់ឧបសគ្គ ដើម្បីជួយដល់កុមារកម្ពុជា ដែលកំពុងជួបការនូវលំបាកគ្រប់រូបភាព តាមរយៈការផ្តល់កន្លែងស្នាក់នៅ ការផ្តល់អាហារ និងការសិក្សាអប់រំ ជាដើម។

សកម្មភាពដ៏ប្រសើរនេះគឺជាគំរូដ៏វិសេសវិសាល ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យសិទ្ធិមនុស្សជាពិសេសសិទ្ធិកុមារ ព្រមទាំងការកាត់បន្ថយ​ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោល ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្តោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ រាជរដ្ឋាភិបា​បានកំពុងយកចិត្តទុកដាក់​​យ៉ាងខ្លាំង​លើការអភិវឌ្ឍមូលធនមនុស្ស ជាពិសេសកុមារដែលជាធនធានមនុស្សមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេសជាតិ នាពេលអនាគត។

លោក ម៉ាង ស៊ីណេត ក៏បានអំពាវនាវ និងស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព គ្រឹះស្ថានឯកជន សង្គមស៊ីវិល អង្គការអន្តរជាតិពាក់ព័ន្ធនានា ជាពិសេសសប្បុរសជនក្នុងខេត្តសូមបន្តជួយជ្រុំជ្រែង ឧបត្ថម្ភគាំទ្រ ដល់អង្គការម្លប់តាប៉ាង តាមរយៈការបរិច្ចាគថវិកា គ្រឿងឧបភោគបរិភោគ សំលៀកបំពាក់ សម្ភារសិក្សា សម្ភារប្រើប្រាស់ជាដើម ដើម្បីជួយដល់កុមារឱ្យមានលទ្ធភាពគ្រប់គ្រាន់ ក្លាយជាទំពាំងស្នងឫស្សីដ៏ល្អក្នុងពេលអនាគត រួមចំណែកកសាងសង្គមកម្ពុជា ឱ្យឆ្ពោះទៅរកភាពរុងរឿងបន្ថែមទៀត ស្របតាមបរិការណ៍បរិវត្តកម្មសង្គម និងសេដ្ឋកិច្ចឌីជីថល។

កុមារ លោកគ្រូ អ្នកគ្រូ និងបុគ្គលិក ក្រោមការគ្រប់គ្រងរបស់អង្គការម្លប់តាប៉ាង ចំនួនសរុប ៨៨៨នាក់ ក្នុងនោះមាន កុមារស្នាក់នៅក្នុងអង្គការម្លប់តាប៉ាងសរុប ១៥នាក់, កុមារអង្គការម្លប់តាប៉ាងក្នុងកម្មវិធីសហគមន៍ សរុប ៤១៥នាក់, កុមារអង្គការម្លប់តាប៉ាងអប់រំក្នុងសហគមន៍ភូមិ៣៥ សរុប ១៥០នាក់, កុមារអង្គការម្លប់តាប៉ាងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសរុប ៥៨នាក់, កុមារ និងយុវជនអង្គការម្លប់តាប៉ាង នៅមណ្ឌលបន្សាបគ្រឿងញៀនសរុប ២០នាក់ និងលោកគ្រូ អ្នកគ្រូ និងបុគ្គលិក អង្គការម្លប់តាប៉ាង សរុប ២៣០នាក់។


No comments:

Powered by Blogger.