រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប ដើម្បីអបអរសាទរបុណ្យចេញព្រះវស្សា ត្រូវនឹងថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដ៏ខ្លីខាងមុខ ។ គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ ការងាររៀបចំកែលម្អសោភណ្ឌភាពទីក្រុង ជាពិសេសភ្លើងពណ៌នៅតាមស្ពានសំខាន់ៗ និងដងផ្លូវនានាក្នុងក្រុងបាត់ដំបង កំពុងត្រូវបានរៀបចំយ៉ាងមមាញឹកបំផុត ដើម្បីឱ្យបានឆាប់រួចរាល់ ក្នុងការត្រៀមចូលរួមអបអរសាទរពិធីប្រណាំងទូកនៅខេត្តបាត់ដំបង បានទាន់ពេលវេលា ។
អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ បានបញ្ជាក់ថា រហូតមកដល់នឹងពេលនេះការបំពាក់ភ្លើងពណ៌នៅតាមដងផ្លូវនានា និងស្ពានថ្មឆ្លងស្ទឹងសង្កែ ក្នុងភូមិសាស្ត្រដែលត្រូវរៀបចំពិធី ស្ទើរតែបានរួចរាល់១០០% ទៅហើយ នៅឡើយចំណុចសេសសល់មួយចំនួនកំពុងពន្លឿននៃការរៀបចំឱ្យបានឆាប់រួចរាល់តាមការគ្រោងទុក ។ ជប្រជាពលរដ្ឋ មកពីឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី អ្នកស្រី ធឿន គឹមសួរ ក្នុងពេលកំពុងដើរកម្សាន្តនៅតាមសួនច្បារសម្តេចក្រឡាហោម ស ខេង ជិតវិមានឯករាជ្យក្រុងបាត់ដំបង បានឱ្យដឹងថា ការរៀបចំភ្លើងពណ៌សម្រាប់ពិធីប្រណាំងទូកនៅខេត្តបាត់ដំបង នាពេលនេះ គឺពិតជាមានភាពស្រស់ស្អាតមែនទែន ដែលបានធ្វើឱ្យដំណើរកម្សាន្តរបស់ក្រុមគ្រួសារអ្នកស្រីមានភាពសប្បាយរីករាយនឹងទិដ្ឋភាពដ៏ស្រស់បំព្រងបែបនេះ និងបានមើលឃើញពីភាពរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសទីក្រុងបាត់ដំបង ដែលស្ថិតក្រោមបរិយាកាសនៃប្រទេសមានសុខសន្តិភាពពេញលេញ ទើបធ្វើឱ្យការកសាងនិងអភិវឌ្ឍន៍ទីក្រុងកាន់តែមានដំណើរការទៅមុខ ។ លោក ហម អរុណ បានបង្ហាញឱ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ ពិធីប្រណាំងទូកនៅខេត្តបាត់ដំបង តែងតែមានប្រជាពលរដ្ឋ មកពីតំបន់ផ្សេងៗគ្នា ទាំងក្នុងខេត្តបាត់ដំបង និងតំបន់ជាប់ព្រំប្រទល់ខេត្ត មានខេត្តបន្ទាយមានជ័យ ប៉ៃលិន និងខេត្តពោធិសាត់ជាដើម ហើយក្នុងនោះភ្ញៀវទេសចរជាតិ និងអន្តរជាតិមានការកើនឡើងជាបន្តបន្ទាប់ ។ សម្រាប់ឆ្នាំនេះ លោក អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានដាក់ក្តីសង្ឃឹមថា ប្រជាពលរដ្ឋ និងអ្នកទេសចរ នឹងមកលេងកម្សាន្តក្នុងពិធីប្រណាំងទូកនាពេលខាងមុខនេះ មានភាពកុះករ និងកើនឡើងជាងឆ្នាំមុនទៀត។ សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីប្រណាំងទូក និងបណ្ដែតប្រទីបនៅតាមបណ្តោយដងស្ទឹងសង្កែក្នុងក្រុងបាត់ដំបង មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សាផង និងការចូលរួមចំណែកថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិ ជាពិសេសទំនៀមទម្លាប់របស់អ្នកខេត្តបាត់ដំបង ក៏ដូចជាការបើកឱកាសឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ បានចូលរួមកម្សាន្តសប្បាយរីករាយផងដែរ ។ក្រៅពីការប្រណាំងទូក នៅមានការរៀបចំការប្រគុំតន្ត្រី ការតាំងបង្ហាញពិព័រណ៌ពាណិជ្ជកម្មផ្សេងៗ ផលិតផលភូមិមួយផលិតផលមួយរបស់ប្រជាកសិករ ការបណ្តែតប្រទីបខ្នាតធំរបស់រដ្ឋបាលខេត្ត និងមន្ទីរ អង្គភាព ចំនួន៧ប្រទីប ព្រមទាំងមានការបាញ់កាំជ្រូច បង្ហោះគោម ដើម្បីផ្តល់នូវភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ និងអ្នកទេសចរផងដែរ ៕




អត្ថបទ៖ គួយ គឹមស៊ន. មន្ទីរព័ត៌មានខេត្តបាត់ដំបង
No comments: