ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម


Tuesday, April 25, 2023

ព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់

ចំនួនអ្នកទស្សនា: Views

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគ​ជ័យពីវិទ្យាស្ថានជាតិអប់រំ។

  បើតាមឯកឧត្តមណាត ប៊ុនរឿន រដ្ឋលេខា ធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវ ជន និងកីឡា បានឱ្យដឹងថា គរុសិស្ស គរុ​និ​ស្សិ​ត និស្សិត និងបុគ្គលិកអប់រំ ដែលទទួលបាន​ជ័យ​លាភីនេះ មានចំនួនសរុប ២,៣៨៤នាក់ នារី ១,០៦៧នាក់ បានបញ្ចប់​ការ​សិក្សា​កាលពីឆ្នាំសិក្សា២០២០, ២០២១ និង​២០​២២​កន្លងទៅ ។ ក្នុងនោះ រួមមាន៖ អធិការអប់រំ ៦៦នាក់ នារី១២ នាក់, និស្សិតថ្នាក់បរិញ្ញា​បត្រជាន់ខ្ពស់ ១៨១នាក់ នារី ៦៥នាក់, គ្រូបង្រៀនកម្រិតឧត្តម បណ្តុះ​បណ្តាល​តាមរូបមន្តបរិញ្ញាបត្របូក១ ចំនួន ២,០០៥នាក់ នារី ៩៣៧ នាក់, គ្រូបង្រៀន​កម្រិតមូលដ្ឋានបណ្តុះបណ្តាលតាមរូបមន្ត ១២បូក២ ចំនួន ៥០នាក់ នារី ៣៦​នាក់ និងនិស្សិតឯកទេសវិជ្ជាជីវៈនាយកសាលា​មធ្យម សិក្សាទុតិយភូមិ ៨២ នាក់ នារី ១៧នាក់។

   ឯកឧត្តមណាត ប៊ុនរឿន បានឱ្យដឹងទៀតថា ចាប់ពីក្រោយ​ឆ្នាំ​១៩​៩៣ រហូតមកដល់​បច្ចុ​ប្បន្ន វិទ្យាស្ថានជាតិអប់រំ បានពង្រីកវិសាលភាព​នៃកម្ម​វិធីបណ្តុះបណ្តាល​ជាបន្ត​បន្ទាប់មានជាអាទិ៖ វគ្គបណ្តុះបណ្តាល ថ្នាក់​បណ្ឌិត​គ្រប់គ្រងអប់រំ, វគ្គបណ្ដុះ​បណ្ដាល​អធិការអប់រំ, វគ្គឯកទេសវិជ្ជាជីវៈ​នាយក​សាលា​មធ្យម សិក្សាទុតិយភូមិ, វគ្គបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់​ខ្ពស់ផ្នែកគ្រប់​គ្រង​អប់រំ ផ្នែកប្រឹក្សាគរុ​កោ​សល្យ ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំង, វគ្គបណ្តុះបណ្តាលគ្រូបង្រៀន​កម្រិត​ឧត្តម (បរិញ្ញាបត្រ+១) និង (បរិញ្ញាបត្រ+២), វគ្គវិក្រឹតការគ្រូបង្រៀន​កម្រិត​មូល​ដ្ឋាន តាមប្រព័ន្ធពន្លឿន ឆ្ពោះទៅកម្រិតបរិញ្ញាបត្រ, វគ្គបណ្តុះបណ្តាល​គ្រូ​បង្រៀនកម្រិតមូលដ្ឋានឯកទេសភាសាបារាំង-ខ្មែរ ភាសាបារាំង-គណិតវិទ្យា ភាសាបារាំង-រូបវិទ្យា ភាសាបារាំង-ជីវវិទ្យា ភាសា អង់គ្លេស-ខ្មែរ, វគ្គបណ្តុះ​បណ្តាល​គ្រូឧទ្ទេសបឋមសិក្សា គ្រូឧទ្ទេសភាសាបារាំង-ខ្មែរ, និងគ្រូឧទ្ទេស​អធិការ​អប់រំ។

  ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា វិទ្យាស្ថានជាតិអប់រំ បានផលិតធនធានមនុស្សសរុប ២៤,៧៤៦នាក់ នារី ៧,៩៤០នាក់ (ស្មើ នឹង ៣២.០៩ភាគរយ)។ បច្ចុប្បន្នវិទ្យា ស្ថានជាតិអប់រំបានកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រង ដោយបង្កើតឱ្យ​មានសាលាក្រោយបរិញ្ញាបត្រ, មហាវិទ្យាល័យគរុកោសល្យ, មជ្ឈមណ្ឌល​ស្រាវ​ជ្រាវនិងនវានុវត្តន៍ និងអង្គភាពគ្រប់គ្រងទូទៅ។ 

   បើតាមឯកឧត្តមណាត ប៊ុនរឿន ថា  វិទ្យាស្ថានជាតិអប់រំបានជួសជុលអគារសិក្សាចំនួន ៥ខ្នង ដោយប្រើប្រាស់​ថវិកា​រដ្ឋ និងគ្រោងជួសជុលអគារចំនួន៩ខ្នង និងសាង សង់អគារបណ្ណា​ល័យ​ ១ខ្នង​កម្ពស់៦ជាន់ ដោយប្រើប្រាស់មូលនិធិកម្ចីពីធនាគារអភិ វឌ្ឍន៍អាស៊ី។ ជាមួយគ្នានេះ អគារសិក្សាថ្មី១ខ្នង កម្ពស់៦ជាន់ ស្មើ៥៤ បន្ទប់,របងព័ទ្ធជុំ វិញ, និងហេដ្ឋារចនាសម្ព័ន្ធខាងក្នុង កំពុង តែសាងសង់ និង សម្រេចបានប្រមាណ​៤០​ភាគរយ ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។

   សូមបញ្ជាក់ថា វិទ្យាស្ថានជាតិអប់​រំមាន ដេប៉ាតឺ​ម៉ង់ចំនួន ៧, ការិយាល័យចំនួន៦, បណ្ណាល័យ​ចំនួន១, សាលាអនុវត្តចំនួន២ និងមានគណៈគ្រប់គ្រង បុគ្គលិក គ្រូ ឧទ្ទេស និង​លោកគ្រូ អ្នកគ្រូ សរុប ២៥៤ នាក់ នារី ១០២នាក់ ស្មើ ៤០,១៥ ភាគរយ ៕

 

0 Comments:

Post a Comment