(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សាងសង់សម្រេចបានប្រមាណ ៨៦ភាគរយហើយ គ្រោងដាក់ឱ្យហោះហើរសាកល្បងនៅខែមិថុនា និងហោះជាផ្លូវការនៅខែតុលា ឆ្នាំ២០២៣នេះ។
ព័ត៌មានវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ ត្រូវបានលោក Liu Mingling អគ្គនាយក និងជាអនុប្រធានក្រុមហ៊ុន Yunnan Investment Group ដែលជាម្ចាស់ភាគហ៊ុនធំជាងគេនៃក្រុមហ៊ុនអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (AIAI) ក្នុងពេលអញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣នេះ។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួបនេះ ក្រៅតែពីជម្រាបនូវវឌ្ឍនភាពនៃការសាងសង់ហើយ លោកអគ្គនាយកក្រុមហ៊ុន បានជម្រាបសម្តេចតេជោពីបំណងចង់ផ្សព្វផ្សាយពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឱ្យបានទូលំទូលាយ ដើម្បីជាការទាក់ទាញអ្នកទេសចរ អ្នកវិនិយោគ។
បន្ថែមពីលើនោះ លោក Liu Mingling ជម្រាបសម្តេចតេជោ ពីបំណងចង់វិនិយោគថាមពលពន្លឺព្រះអាទិត្យ នៅខេត្តសៀមរាបផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការរីករាយចំពោះវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ សម្តេចតេជោ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពន្លឿនការសាងសង់ និងធ្វើយ៉ាងណាឱ្យការសាងសង់ត្រូវតាមបទដ្ឋានបច្ចេកទេសមុនបើកការហោះហើរ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ព្រលានយន្តហោះនេះមានតួនាទីធំ ក្នុងការតភ្ជាប់ផ្លូវអាកាស។ មិនត្រឹមភ្ជាប់ការហោះហើរក្នុងស្រុកប៉ុណ្ណោះទេ តែក៏សម្រាប់តភ្ជាប់ប្រទេសផ្សេងទៀត ដែលមិនហ៊ានចុះចតកាលពីមុន។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំពោះបំណងក្រុមហ៊ុនក្នុងការផ្សព្វផ្សាយទាក់ទាញការហោះហើរទៅកាន់ខេត្តសៀមរាប ក៏ដូចជាបំណងទាក់ទាញអ្នកវិនិយោគលើថាមពលកកើតឡើងវិញ។
សម្តេចតេជោ បានផ្តល់ជាគំនិតថា ក្រុមហ៊ុនអាចពិចារណាផលិតផ្ទាំងសឡានៅកម្ពុជា ហើយអាចនាំចេញទៅប្រទេសក្រៅផង អាចប្រើប្រាស់នៅកម្ពុជាផង។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។ អាកាសយានដ្ឋាននេះ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាប្រភេទអាកាសយានដ្ឋានអន្តរជាតិកម្រិត/លំដាប់ថ្នាក់ 4E ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៧០០.០៦ហិកតា។ ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះថ្មីនេះ ក៏នឹងមានការកសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណបឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា ទីក្រុងអាកាសយានដ្ឋាន ដែលមានដីបម្រុងប្រមាណ ១,០០០ហិកតា និងការអភិវឌ្ឍផ្លូវល្បឿនលឿន ដែលតភ្ជាប់ត្រង់ពីទីរួមខេត្តសៀមរាប ទៅកាន់អាកាសយានដ្ឋានផងដែរ៕
No comments: