ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ គឺដើម្បីបញ្ចប់វិវាទដីធ្លី និងភាពចម្រូងចម្រាស់ទូទាំងប្រទេស
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺដើម្បីបញ្ចប់វិវាទដីធ្លី និងភាពចម្រូងចម្រាស់នៅទូទាំងប្រទេស។
ការថ្លែងបែបនេះរបស់លោកឧបនាយករដ្ឋមន្រ្តី បានធ្វើក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ និងអញ្ជើញចុះពិនិត្យសាលារៀនសហគមន៍ជនជាតិព្នង របស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASEDIII) នៅភូមិអូរអណ្ដូង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ផងដែរ។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងអំពីផែនការរបស់ក្រសួងសម្រាប់អនុវត្តក្នុងអាណត្តិទី៧នេះ និងស្នើសុំឱ្យមានការចូលរួមសហការ ដើម្បីឈានទៅសម្រេចជោគជ័យតាមផែនការដែលបានគ្រោងទុក។ កិច្ចការចុះបញ្ជីដីធ្លីមិនអាចអនុវត្តតែម្នាក់ឯងបានទេ ទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធរួមនិងអាជ្ញាធរដែនដីផងដែរ នោះទើបជំរុញឱ្យការងារចុះបញ្ជីដីធ្លីក្នុងខេត្តមណ្ឌលគិរី ប្រព្រឹត្តទៅដោយរលូននិងបញ្ចប់ដោយជោគជ័យ ជាប្រយោជន៍ងាយស្រួលក្នុងការរៀបចំខេត្តមណ្ឌលគិរីឱ្យបានល្អប្រសើរ ស្របតាមសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តនេះ ពីព្រោះមណ្ឌលគីរីជាខេត្តភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជារបៀងសេដ្ឋកិច្ចមួយដ៏សំខាន់និងមានសក្តានុពលទាំងកសិ-ឧស្សាហកម្ម និងអេកូទេសចរណ៍។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តមណ្ឌលគិរី ដែលបានសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ក្នុងការអនុវត្តកិច្ចការជាច្រើនទាក់ទិននឹងការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តនេះ ដោយលោកសង្ឃឹមថា កិច្ចការចុះបញ្ជីដីធ្លីនៅក្នុងខេត្តមណ្ឌលគិរី នឹងអាចបញ្ចប់រួចរាល់ជាស្ថាពរនាពេលឆាប់ៗខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងរៀបចំដែន បានគូសបញ្ជាក់ថា «ការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺដើម្បីបញ្ចប់វិវាទដីធ្លីនិងភាពចម្រូងចម្រាស់នៅទូទាំងប្រទេស ផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ បង្កើនតម្លៃដីធ្លី ជាទ្រព្យសម្រាប់កសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងជំនាន់នេះនិងជំនាន់ក្រោយៗទៀត»។
បើតាមប្រសាសន៍របស់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី, ក្រសួងបាននិងកំពុងឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលការណ៍ និងទស្សនៈវិស័យក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ប្រជាជាតិកម្ពុជា ដោយធ្វើយ៉ាងណាជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ រៀបចំទីក្រុង ទីប្រជុំជនឱ្យបានល្អ ក្លាយជាភូមិឋានក្សេមក្សាន្ត និងផ្ដល់ទ្រនំសុភមង្គលសម្រាប់ប្រជាពលរដ្ឋគ្រប់រូប៕
No comments: