(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត៧ពាន់នាក់ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហើបអំពីគ្រោងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ជូនយុវជនក្នុងគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដោយមិនគិតថ្លៃ ហើយបូកបន្ថែមជាមួយនឹងការផ្ដល់ប្រាក់ឧបត្ថម្ភ។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ជាការពិតសម្ដេចចង់អនុវត្តកម្មវិធីនេះនៅក្នុងឆ្នាំ២០២៣តែម្ដង ប៉ុន្ដែដោយសារមិនមានបញ្ចក់ថវិកា ខណៈការអនុម័តថវិកាសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២៣នេះ បានធ្វើរួចទៅហើយ ដូច្នេះកម្មវិធីនេះ អាចនឹងត្រូវធ្វើឡើងនៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤។ សម្ដេចគូសបញ្ជាក់ថា ធនធានមនុស្សដែលត្រូវទទួលការបណ្ដុះបណ្ដាលនេះ មានប្រមាណ១.៥លាននាក់។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំកំពុងតែដាក់ឲ្យរៀបចំដាក់ឲ្យមានការសិក្សា ហើយការសិក្សានេះវានឹងទៅជាការពិតមួយ ដែលឆ្នាំនេះយើងបានអនុម័តថវិការួចស្រេចទៅហើយ យើងមិនអាចធ្វើបានទេ។ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជន ពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស គឺមានប្រមាណមាន១លាន៥សែននាក់ នៅតាមគ្រឹះស្ថាន បណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិតមួយ ដោយមិនបង់ថ្លៃ ហើយទទួលបានប្រាក់ឧបត្ថម្ភប្រចាំ យើងនឹងធ្វើនៅចុងឆ្នាំនេះ និងឆ្នាំក្រោយចាប់ពីនោះ»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ដថា កម្មវិធីនេះយើងនឹងរ៉ាប់រងសម្រាប់សិស្សទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចេញពីគ្រួសារក្រីក្រគ្មានលទ្ធភាពរៀននៅមហាវិទ្យាល័យ ដោយយកពួកគាត់ទៅបណ្ដុះបណ្ដាល មិនត្រឹមតែមិនបង់ថ្លៃទេ ប៉ុន្ដែផ្ដល់ប្រាក់ឧបត្ថម្ភឲ្យគាត់បន្ថែមទៀត ដោយធ្វើមិចបណ្ដុះបណ្ដាលធនធានមនុស្ស បើយើងដោះស្រាយក្នុងរង្វង់១លាន៥សែននាក់នេះ។
ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន មើលឃើញថា សេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវសមាហរណកម្ម ជាមួយសេដ្ឋកិច្ចក្នុងប្រព័ន្ធ, សេដ្ឋកិច្ចក្រៅប្រព័ន្ធមានច្រើន ដែលចាំបាច់ត្រូវតែយកចិត្តទុកដាក់ ធនធានមនុស្សដែលបម្រើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏មានច្រើន ដូច្នេះ១លាន៥សែននាក់ ដែលយើងត្រូវបណ្ដុះបណ្ដាលក្នុងមួយឆ្នាំនេះ គឺក្នុងពេលខាងមុខដែលយើងដាក់ជាទិសដៅសម្រាប់ផ្ដល់ឲ្យពួកគេនូវជំនាញ ដែលយើងនឹងទទួលនូវការវិនិយោគពីខាងក្រៅកាន់តែច្រើន ហើយគេត្រូវការមិនមែនគ្រាន់តែបញ្ហាកម្លាំងទេ កម្លាំងអត់បច្ចេកទេសគេមិនយកទេ។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, កម្ពុជា មានសក្ដានុពលគឺមនុស្សវ័យក្មេងចំនួនច្រើន ប៉ុន្ដែសមត្ថភាពនៅមានកម្រិត ដូច្នេះហើយបានជាសម្ដេចដាក់ឲ្យគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចសិក្សាអំពីបញ្ហានេះ។ លទ្ធភាពនៃការដែលយើងជំរុញការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយយុវជនក្រីក្រទទួលបានការបណ្ដុះបណ្ដាល មិនត្រឹមតែមិនបង់ថ្លៃនោះទេ ប៉ុន្ដែត្រូវផ្ដល់ប្រាក់ឧបត្ថម្ភឲ្យពួកគាត់បន្ថែមទៀត បើមិនអញ្ចឹងយុវជនទាំងនោះអត់មានប្រាក់ដើម្បីផ្គត់ផ្គង់ដល់ការទទួលទាននៅពេលចូលសិក្សា៕
0 Comments:
Post a Comment