អំណោយរបស់ ឯកឩត្តម ហ៊ុន ម៉ាណែត ត្រូវបាននាំទៅប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ធជននៅស្រុកសន្ទុក ខេត្តកំពង់ធំ
(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ បានដឹកនាំសហការីនាំយកអំណោយស្បៀងអាហារ និងថវិកាមួយចំនួនទៅប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន១៤១គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងទ្វេលោកតែងតែគិតគូរយកគិតទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់អតីតយុទ្ធជន ព្រោះអតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិ និងមាតុភូមិដោយបានរួមចំណែកជាមួយសម្តេចតេជោអនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិ ភាពពេញលេញដូចសព្វថ្ងៃនេះ។ ជាមួយនេះដែរ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកបានសូមជូនពរដល់អតីតយុទ្ធជនទាំងអស់និងក្រុមគ្រួសារ បានប្រកបតែសេចក្តីសុខសេចក្តីចម្រើន សុខភាពល្អ និងសុភមង្គលគ្រប់ពេលវេលា។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុង ក្រោយដែលបានបិទផ្សាយនៅសាលាឃុំ សង្កាត់ដើម្បីមានឈ្មោះទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៦ឱ្យបានគ្រប់ៗគ្នា ដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងរៀបចំចាក់ជូនប្រជាពលរដ្ឋនៅពេលខាងមុខដ៏ខ្លីនេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដែលជាអំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន១៤១គ្រួសារ ដែលបានចូលរួមក្នុងពិធីនេះផងដែរ។
លោកវរសេនីយ៍ត្រី កៅ ស៊ីម អតីតយុទ្ធ ជនពិការ តំណាងឲ្យក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ហ៊ុន ម៉ាណែត និងលោក ដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយការលំបាកដល់ក្រុមគ្រួសារអតីតយុទ្ធជននៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង៕
No comments: