អភិបាលខេត្តបន្ទាយមានជ័យ រម្លឹកមន្ត្រីការិយាល័យច្រកចេញ-ចូលតែមួយ ត្រូវបង្កើនការយកចិត្តទុកដាក់ បម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អថែមទៀត
បន្ទាយមានជ័យ : ថ្ងៃទី២១ ខែធ្នូឆ្នាំ២០២២ អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ក្រើនរម្លឹកដោយជំរុញ ដល់មន្ត្រីអង្គភាពច្រកចេញ-ចូលតែមួយ ឱ្យ ប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ច ដោយត្រូវមានការទំនាក់ទំនងល្អ និងផ្តល់ សេវារដ្ឋបាលសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានលឿនទាន់ពេល និងមានតម្លាភាពប្រកប ដោយប្រសិទ្ធភាព ។
ការថ្លែងរបស់ឯកឧត្តម អ៊ុំ រាត្រី យ៉ាងដូច្នេះបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការអគារការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២ ៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀត លើការងារផ្តល់សេវារដ្ឋបាលសាធារណៈ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យបានកាន់តែលឿនស្របទៅនឹងភាពរីក ចម្រើន នៃប្រទេសជាតិនោះ។
ឯកឧត្តម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតនូវអង្គភាពច្រកចេញ- ចូលតែមួយនេះឡើង គឺដើម្បីជំរុញការលើកកម្ពស់ ការផ្តល់សេវា ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម នៅមូលដ្ឋាន សំដៅឆ្លើយតបទៅនឹងសេចក្តីតម្រូវការចាំបាច់ ការលើកកម្ពស់ជីវភាពរស់នៅនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបន្តទៀតថា ការបង្កើតការិយាល័យច្រកចេញ-ចូលតែមួយ មានគោលបំណង លើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេ វានៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រមូលផ្តុំការផ្តល់សេវារដ្ឋបាល លើវិស័យនានា នៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេល វេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បន្តទៀតថា តាមរយៈនៃច្រកចេញ-ចូលតែមួយ នេះហើយ ដែលបានជំរុញឱ្យល្បឿនការងារទាំងឡាយ ដែលយើងបានអនុត្តន៍កន្លងមករហូតដល់បច្ចុប្បន្ន គឺទទួលបានការសាទរគាំទ្រពីប្រជាពលរដ្ឋទូទៅ ហើយរាជរដ្ឋាភិបាលក៏បាននិងកំពុងជំរុញបន្តបង្កើតនូវច្រកចេញ-ចូលតែមួយនេះ ឱ្យមានកាន់តែច្រើនថែមទៀត ដើម្បីបម្រើ សេវាជូនប្រជាពលរដ្ឋឱ្យបានលឿននោះ។
ជាមួយនេះដែរអភិបាលខេត្តបន្ទាយមានជ័យ ក៏បានរម្លឹកដល់មន្ត្រីពាក់ព័ន្ធទាំងអស់បម្រើក្នុងអង្គភាពច្រកចេញ-ចូលតែមួយ នៅខេត្តស្រុក ក្រុង ដែលបានបង្កើតឡើងហើយនោះ និងមន្ត្រីនៅគ្រប់មូលដ្ឋានទាំងអស់ គប្បីត្រូវប្រកាន់យកគោលការណ៍សំខាន់ៗ៥ យ៉ាងគឺ៖ សាមញ្ញ, សីលធម៌វិជ្ជាជីវៈ, គណនេយ្យភាព, ការជឿទុកចិត្ត, តម្លាភាពក្នុងការបំពេញការងារ ។ ដោយត្រូវខិតខំប្រមូលផ្តុំបង្កើនប្រសិទ្ធភាព ផ្តល់សេវារដ្ឋបាលសាធារណៈ ការផ្តល់ប្រយោ ជន៍នានាក្នុងការអភិវឌ្ឍគាំពារសង្គម ប្រកបដោយសមធម៌ និងខិតខំដោះស្រាយឆ្លើយតបរាល់ សំណើរ និងសំណូមពរប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន៕ ដោយឈុន សារ៉ាត, សម្រួលផ្សាយ៖ dara
No comments: