ព្រះសីហនុ: ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ រសៀលថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅអាហារដ្ឋានឡេងទ្រី ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងលោកជំទាវបានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយសង្គ្រោះបន្ទាន់ ចែកជួនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១ ២១៦គ្រួសារ មកពី៣ឃុំ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិ សាស្រ្តស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានរាយការណ៍ពីគ្រោះធម្មជាតិ ខ្យល់កន្រ្តាក់ កាលពីយប់ថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ បណ្តាលឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋអស់ចំនួន ១ ២១៦គ្រួសារ ក្នុងនោះរលំផ្ទះទាំងស្រុងចំនួន ១៤គ្រួសារ និងធ្វើឱ្យរងរបួសមនុស្សចំនួន ២នាក់ផងដែរ។
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ដែលធ្វើឱ្យរលំផ្ទះ របើកដំបូលផ្ទះ និងបង្ករងរបួសមនុស្សជាដើម។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា ឆ្នាំនេះខ្យល់កន្រ្តាក់ បានបំផ្លាញផ្ទះបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកព្រៃនប់អស់ជិត ៣ពាន់ខ្នង និងបង្កឱ្យមានមនុស្សរងរបួសចំនួន៥នាក់។ គ្រោះធម្មជាតិ (ខ្យល់កន្រ្តាក់ )ឆ្នាំនេះមានទំហំធំជាងឆ្នាំកន្លងមកសម្រាប់ខេត្តព្រះសីហនុ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិ ត បានយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ មានដូចជា ទី១.គិតគូរពីសុវត្ថិភាពជាចំបង។ ២.ការយកចិត្តទុកដាក់ព្យាបាលអ្នករងរបួសដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់។ ៣.គិតគូរពីជីវភាពរស់នៅប្រចាំថ្ងៃជាដើម។
ឯកឧត្តមបានបញ្ជាក់ថា ខ្យល់កន្រ្តាក់ឆ្នាំនេះ បង្ករងផលប៉ះពាល់នៅទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋរងគ្រោះ នៅក្នុងស្រុកព្រៃនប់របស់យើង ។ ដូច្នេះត្រូវយកចិត្តទុកដាក់ឱ្យអស់សមត្ថភាព ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ រដ្ឋបាលខេត្តបានប្រើប្រាស់កម្លាំង និងក្រុមការងារ ដើម្បីចុះជួយប្រជាពលរដ្ឋរងគ្រោះ ក្នុងនោះមានកម្លាំងចុះជួយអន្តរាគមន៍ពីកម្លាំងសឹងរងព្រះសីហនុ, កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងអាវុធហត្ថខេត្ត, ក្នុងការជួយអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ បានទាន់ពេលវេលា។ ក្នុងដំ ណាក់កាលរងគ្រោះធម្មជាតិខ្យល់កន្រ្តាក់ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបានចុះផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ទន្ទឹមនោះអ្នកតំណាងរាស្រ្តខេត្តព្រះសីហនុ ទាំង ៣រូប បានចុះទៅកាន់ទីលំនៅឋានប្រជាពលរដ្ឋរងគ្រោះរលំផ្ទះទាំង ២៩គ្រួសារ ព្រមទាំងបាននាំយកអំណោយមនុស្សធម៌ចែកជូនបានទាន់ពេលវេលា។
ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា សូមឱ្យប្រជាពលរដ្ឋមានការយោគយល់ និងសូមអរគុណក្រុមការងារបានចុះជួយសង្គ្រោះបានទាន់ពេលវេលា មិនទុកឱ្យបងប្អូនយើងណាម្នាក់មិនបានទទួលអំណោយសង្គ្រោះនោះទេ អំណោយទាំងនេះបានជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈ និងសូមឱ្យបងប្អូនថែទាំសុខភាពកូនចៅជាប់ជាប្រចាំ។
ក្នុងឱកាសនោះឯកឧត្តម ក៏បានថ្លែងអរគុណសប្បុរសជនជាតិ អន្តរជាតិ ដែលបានចូលរួមចំណែកឧបត្ថម្ភថវិកា ដើម្បីយកមកធ្វើការចែកជូនប្រជាពលរដ្ឋរងគ្រោះខ្យក់កន្រ្តាក់ ដែលជាកម្លាំងមនុស្សធម៌ ជួយគ្នាក្នុងពេលមានគ្រោះធម្មជាតិ។
អំណោយដែលចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ តាមបណ្តោយផ្លូវជាតិលេខ៣ ចំនួន ១ ២៦១គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្គរ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, កន្ទេល១, ជែល១ដប, ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១), និងថវិកា ៥ម៉ឺនរៀល ។ ដោយឡែកប្រជាពលរដ្ឋរលំផ្ទះទាំងស្រុងចំនួន ១៤គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន តង់១, និងថវិកា ១លានរៀល។ ប្រជាពលរដ្ឋរងរបួស ២នាក់ ដោយម្នាក់ៗទទួលបានថវិកា ៥០ម៉ឺនរៀល ៕ដោយ ងូ សុមុនីសម្រួលដោយ៖ដារ៉ា
No comments: