ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Tuesday, December 20, 2022

ការចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ត្រូវបានបើកជាផ្លូវការហើយ

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ៖ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០២២​​  ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបើកការចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia – United Arab Emirates Comprehensive Economic Partnership Agreement – Cambodia-UAE CEPA) នៅថ្ងៃចន្ទ ១១រោច ខែមិគសិរ ឆ្នាំ​ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាសម្រាប់ភាគីកម្ពុជា និង ឯកឧត្តម ជូម៉ា ម៉ូហាមេដ អាល់ កាត (Juma Mohammed Al Kait) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម ព្រមជាមួយមន្រ្តីជាន់ខ្ពស់ តំណាងអន្តរក្រសួង នៃប្រទេសទាំងពីរ សរុបប្រមាណ ៦០ រូប។

នៅក្នុង​ឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងសុន្ទរកថាប្រកាសបើកការចរចាជុំទី២ជាផ្លូវការនៃកិច្ចព្រមព្រៀង Cambodia-UAE CEPA ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និង​បានគូសបញ្ជាក់ថា Cambodia-UAE CEPA មានលក្ខណៈពិសេសសម្រាប់ប្រទេសទាំងពីរ ដោយសារកិច្ចព្រមព្រៀងនេះនឹងបន្តពង្រឹងមិត្តភាពដែលមានស្រាប់ ជាប្រពៃណីរវាងប្រទេសទាំងពីរ និងលើកកម្ពស់ទំនាក់ទំនង ដែលកំពុងរីកចម្រើនរវាងពិភពអារ៉ាប់ និងអាស៊ាន ដែលមានថាមវ័ន្តសេដ្ឋកិច្ចខ្លាំងលើពិភពលោក។ ព្រមទាំងផ្តល់នូវកាលានុវត្តភាពជាច្រើនទៀត ដែលភាគីទាំងពីរអាចច្បាមយកសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើ ឱ្យក្រុមការងារចរចារបស់ភាគីទាំងពីរបន្តខិតខំព្យាយាមចរចា ដើម្បីសម្រេចបានកិច្ចព្រមព្រៀង Cambodia-UAE CEPA នាពេលឆាប់ៗ សំដៅបម្រើដល់អត្ថប្រយោជន៍របស់អ្នកប្រើប្រាស់ វិនិយោគិន និងធុរជនរបស់ប្រទេសទាំងពីរ និង​ថ្លែងអំណរគុណចំពោះក្រុមការងារ របស់ភាគីទាំងពីរ ដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្តក្នុងការរៀបចំកិច្ចប្រជុំចរចាប ង្កើតកិច្ចព្រមព្រៀង Cambodia-UAE CEPA ប្រកបដោយលទ្ធផលវិជ្ជមានគួរឱ្យកត់សម្គាល់ ក្នុងការចរចាជុំទី១ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅអេមីរ៉ាតអារ៉ាប់រួមកន្លងទៅ និងត្រៀមរៀបចំសម្រាប់ការចរចាជុំទី២នេះផងដែរ។

ទន្ទឹមនឹងនេះ ប្រធានក្រុមចរចារបស់ភាគីទាំពីរ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត ដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀង Cambodia-UAE CEPA នាពេលឆាប់ៗនេះ សំដៅលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី តាមរយៈការធ្វើពិពិធកម្មទីផ្សារសម្រាប់នាំចេញទំនិញ និងសេវាកម្ម ព្រមទាំងការបង្កើតកាលានុវត្តភាព សម្រាប់ការវិនិយោគ និងពង្រឹងកិច្ចសហការសម្រាប់វិស័យអាទិភាព ៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួង​ពាណិជ្ជកម្ម)សម្រួលដោយ៖ដារ៉ា

0 Comments:

Post a Comment