គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកាពីសប្បុរសជន ដើម្បីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំមកជាមួយនូវសេចក្តីនឹករលឹក និងព្រះសុវណីផ្ញើសួរសុខទុក្ខប្រកបដោយព្រះរាជហឫទ័យស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ពី សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះអង្គពិធីទាំងមូល។ ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានសូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណ ដ៏ជ្រាលជ្រៅជាទីបំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

 ដែលព្រះអង្គទាំងទ្វេ តែងតែប្រទាននូវព្រះរាជកិច្ចគាំទ្រគ្រប់កាលៈទេសៈដល់ កាកបាទក្រហមកម្ពុជា។ ជាក់ស្ដែង ព្រះករុណាព្រះមហាក្សត្រ និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គបានប្រោសប្រទាននូវព្រះរាជទ្រព្យ ជារៀងរាល់ខែ និងជារៀងរាល់ត្រីមាស និងក្នុងឱកាសផ្សេងៗទៀតផងដែរ។ នៅក្នុងឱកាសទិវា ៨ ឧសភា និងខួប ៧០ឆ្នាំនៃកាកបាទក្រហមកម្ពុជា ឆ្នាំ២០២៥នេះ ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឫទ័យប្រោសប្រទាន នូវព្រះរាជទ្រព្យ សរុបចំនួន ១០ម៉ឺន ដុល្លារ

អាម៉េរិក ដល់កាកបាទក្រហមកម្ពុជាផងដែរ។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជាសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះចំពោះ ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែផ្ដល់ការគាំទ្រទាំងស្មារតី សម្ភារៈ និងមូលនិធិ ដែលបានរួមចំណែកក្នុងការជំរុញឱ្យកាកបាទក្រហមកម្ពុជា អាចបំពេញតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌បានយ៉ាងស័ក្តិសម ហើយជាបន្តបន្ទាប់អាចរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា «សុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនរបស់កម្ពុជា ជាកត្តាគន្លឹះដែលបានផ្តល់ឱកាសឱ្យកាកបាទក្រហមកម្ពុជា ពង្រីកបានភាពម្ចាស់ការ និងសម្រេចបានសមិទ្ធផលជាច្រើន។ សមិទ្ធផលដែលកាកបាទក្រហមកម្ពុជា សម្រេចបានទាំងអស់គឺ ពិតជាមិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមបរិច្ចាគដ៏មានតម្លៃបំផុត ពីសំណាក់សប្បុរសជនទាំងអស់ ដែលមានធម៌សប្បុរស មានក្តីមេត្តា អាណិតអាសូរ និងចែករំលែកក្តីស្រឡាញ់ជាមួយប្រជាពលរដ្ឋងាយរងគ្រោះ តាមរយៈកាកបាទក្រហមកម្ពុជា, ការចូលរួមផ្សព្វផ្សាយរបស់បណ្តាញព័ត៌មាន, និងការផ្តល់កិច្ចសហការ សម្របសម្រួល និងគាំទ្រនៅគ្រប់ទីកន្លែងពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទរួមមាន កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិផងដែរ»។ 

លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ជឿជាក់ថា ការឧបត្ថម្ភ និងការបន្តគាំទ្រដល់កាកបាទក្រហមកម្ពុជារបស់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជនជាតិ-អន្តរជាតិទាំងអស់ នឹងធ្វើអោយកាកបាទក្រហមកម្ពុជាអាចបន្តបេសកកម្ម និងសកម្មភាព របស់ខ្លួនប្រកបដោយ ប្រសិទ្ធភាព និងមាននិរន្តរភាពតទៅមុខទៀត។ ជាមួយគ្នានេះ សាខាកាកបាទក្រហមកម្ពុជា ទាំង២៥ រាជធានី-ខេត្ត នឹងបន្តយកចិត្តទុកដាក់ផ្តល់សេវាកម្មរបស់ខ្លួនឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀតផងដែរ។














No comments:

Powered by Blogger.