គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

បណ្ឌិត ហែម ប្រសើរ អំពាវនាវដល់ ជនរួមជាតិ យុវជន យុវនារី ឱ្យរួមគ្នាថែរក្សាសន្តិភាព ដើម្បីកុំឱ្យជាន់ដានប្រវត្តិសាស្ត្រ ដែលបាននាំប្រទេសជាតិ វិនាស ហិនហោច ពលរដ្ឋរងទុក្ខវេទនា ឈឺចាប់ ខ្លោចផ្សាក្រៃលែង


ភ្នំពេញ៖ លោកបណ្ឌិត ហែម ប្រសើរ ប្រធាន សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និង សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានអំពាវនាវបែបនេះ ក្នុងឱកាស លោកបណ្ឌិតប្រធាន បានដឹកនាំ ថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់សមាគម  ឯកឧត្តម លោកជំទាវ ជាប្រធាននិងតំណាងគណបក្សនយោបាយនានា និងអ្នកសារព័ត៌មានប្រមាណ១០០នាក់ ធ្វើដំណើរទស្សនកិច្ចនៅ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង (មន្ទីរឃុំឃាំង ស-២១) នាព្រឹកថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០២៥។

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច លោកបណ្ឌិតប្រធាន ហែម ប្រសើរ បានបង្ហាញអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង និងបញ្ជាក់ពីគោលបំណងនៃដំណើរទស្សនកិច្ចថា ដើម្បី៖

ទី១.ស្វែងយល់ស៊ីជំរៅអំពីមូលហេតុនាំឱ្យកើតមានបនប្រល័យពួជសាសន៍ ប៉ុលពត អៀងសារី ខៀវសំផន ដែលបានធ្វើទុក្ខបុកម្នេញដល់ប្រជាពលរដ្ឋក្នុងសម័យសង្គ្រាមពី ឆ្នាំ១៩៧៥ដល់១៩៧៩ និង

ទី២. ចង់ជម្រាបជូនជនរួមជាតិទាំងអស់ ជាពិសេស យុវជន យុវនារី ជំនាន់ក្រោយ ឱ្យយល់ដឹងពីតម្លៃនៃសន្តិភាព។  ប្រទេសដែលមានសង្គ្រាម ធ្វើឱ្យមានវិនាសកម្ម ហិនហោច សោកនាដកម្ម នៅក្រោមរបបបនប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ បានបណ្តាលឱ្យស្លាប់ពលរដ្ឋស្លូតត្រង់ សិស្សនិស្សិត បញ្ញាវន្ត និងអ្នកសារព័ត៌មាន ជាង៣លាននាក់ ហើយថ្ងៃនេះយើងខ្ញុំបានមកគោរពវិញ្ញាណក្ខន្ធ និងស្វែងយល់អំពីការដឹកនាំដែលធ្វើឱ្យប្រទេសកើតមានសង្គ្រាមនេះ ក្រោមការញុះញង់ពីប្រទេសមួយចំនួន តាំងពីឆ្នាំ១៩៧០ដល់១៩៧៩ ដូច្នេះ លោកប្រធានសូមអំពាវនាវដល់ ជនរួមជាតិ យុវជនជំនាន់ក្រោយ ត្រូវចងចាំថា មានតែសន្តិភាពទេ ទើបធ្វើឱ្យយើងបានសេចក្តីសុខចម្រើន រុងរឿង សូមនាំគ្នាថែរក្សាសន្តិភាព ដើម្បីកុំឱ្យដើរជាន់ដានប្រវត្តិសាស្ត្រដូចមុន ដែលនាំប្រទេសជាតិ វិនាស ហិនហោច ពលរដ្ឋរងទុក្ខវេទនា ឈឺចាប់ ខ្លោចផ្សាក្រៃលែង។

សូមបញ្ជាក់ថា របប ប្រល័យពូជសាសន៍ប៉ុលពត ឬ របបខ្មែរក្រហម  បានឡើងគ្រប់គ្រងប្រទេស ចាប់ពី ថ្ងៃ១៧មេសាឆ្នាំ១៩៧៥ ហើយបានជម្លៀសប្រជាពលរដ្ឋទៅកាន់ជនបទ សម្លាប់រង្គាលប្រជាពលរដ្ឋស្លូតត្រង់ជាង៣លាននាក់ ដោយបង្ខំឱ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំង ដូចសត្វ គ្មានថ្ងៃសម្រាក ធ្វើទារុណកម្ម បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង បង្ករជាសោកនាដកម្មដ៏ជូរចត់ ជាពេលវេលាដ៏ខ្មៅងងឹត ដែលពលរដ្ឋខ្មែររស់នៅក្នុងសមុទ្រទឹកភ្នែក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន ពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ទើបនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា  បានដឹកនាំរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រួចដឹកនាំ ការពារ ស្តារ និង កសាងប្រទេសជាតិឡើងវិញ ចេញពីចំណុចសូន្យ ដោយដៃម្ខាងកាន់អាវុធការពារ ទប់ស្កាត់ ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយ ដៃម្ខាងទៀតខិតខំកសាងប្រទេសជាតិ រហូតឈានដល់ដំណាក់កាលចរចាផង ប្រយុទ្ធផង រហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស “២៣ តុលា ១៩៩១” និង ឈានដល់ការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងនាំមកនូវសុខសន្តិភាព និង ឯកភាពទឹកដីពេញលេញជាប្រវត្តិសាស្ត្រ ដែលកម្ពុជាពុំធ្លាប់មានអស់រយៈកាលជាង ៥០០ ឆ្នាំកន្លងទៅ៕


























No comments:

Powered by Blogger.