លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នូវរោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd. ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល នៅខេត្តក្រចេះ។
ពិធីនេះក៏មានការចូលរួមពីសំណាក់លោក វ៉ា ថន អភិបាលខេត្តក្រចេះ, គណៈគ្រប់គ្រងក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd. តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងភ្ញៀវវិនិយោគិនជាច្រើនរូប។
លោក ជា វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Newbustar Group ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការបណ្តាក់ទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅប្រមាណ ១៤០លានដុល្លារអាម៉េរិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ុ ស្នួលក្នុងទឹកដីនៃខេត្តក្រចេះនេះ សំដៅចូលរួមចំណែក ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការចូលរួមជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់។
អគ្គលេខាធិការបានលើកឡើង នូវគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ក្នុងការបង្កើតឲ្យមានកម្មវិធីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា តាំងពីឆ្នាំ២០០៦ ដើម្បីធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជា ដែលពេលនោះពឹងផ្អែកលើឧស្សាហកម្មអតិពលកម្ម ភាគច្រើនផ្តោតលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង សំដៅចាប់យកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប។
ជាលទ្ធផលនៃគំនិតផ្តួចផ្តើមនេះ និងក្រោមម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ បច្ចុប្បន្ននៅកម្ពុជា តំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការមានចំនួន ២៦តំបន់ ដោយបានស្រូប
យកគម្រោងវិនិយោគប្រមាណ ៧៧៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ១០ពាន់លានដុល្លារអាមេរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ១៨ម៉ឺនកន្លែង។
មួយវិញទៀត តំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នូល នេះ បានស្រូបយកគម្រោងវិនិយោគលើវិស័យគួរឲ្យកត់សម្គាល់ ដូចជា ការផលិតសម្ភារៈអគ្គិសនី ផ្តុំដំឡើងបន្ទះសូឡា និងការផលិតសំបកកង់យានយន្ត ដែលជាឧស្សាហកម្មមួយថ្មី មានតម្លៃបន្ថែមខ្ពស់ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប។ តាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគផលិតសំបកកង់យានយន្ត មានចំនួន៥ ត្រូវបានចុះបញ្ជីវិនិយោគក្នុងទីតាំងតំបន់សេដ្ឋកិច្ចពិសេស។
ការរីកចម្រើនជាបន្តបន្ទាប់ នៃឧស្សាហកម្មផលិតសំបកកង់យានយន្ត នៅកម្ពុជានេះ បានបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់ អំពីការផ្តល់សេចក្តីទុកចិត្ត របស់វិស័យឯកជនមកលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម និងពោរពេញ ដោយសមត្ថភាព ចំណេះដឹង និងថាមវន្ត ក្នុងការបន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកវឌ្ឍនភាព និងបង្កើតសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀត ដើម្បីឈានទៅសម្រេចឲ្យបាន នូវចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។
សូមជម្រាបផងដែរថា បច្ចុប្បន្នកម្ពុជា រោងចក្រផលិតសំបកកង់រថយន្ដ ចំនួន៣ រួមមាន៖
ទី១៖ ក្រុមហ៊ុន CART TIRE CO.,LTD នៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ (ខេត្ដស្វាយរៀង) បានដំណើរការនៅឆ្នាំ២០២១ លើទំហំផ្ទៃដី ៥០ហិកតា ក្រោមទុនវិនិយោគ ៧៨៧លានដុល្លារ ដោយមានទីផ្សារនាំចេញ ទៅអាមេរិក, កាណាដា, សមគមន៍អីរ៉ុប និងអាស៊ី ដែលម៉ាក «Sailun»។
ទី២៖ ក្រុមហ៊ុន GENERAL TIRES TECHNOLOGY (CAMBODIA) CO.,LTD នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (ខេត្ដព្រះសីហនុ) បានដំណើរការ នៅឆ្នាំ២០២២ លើទំហំផ្ទៃដី២០ហិកតា ក្រោមទុនវិនិយោគ២៩៧លានដុល្លារ ដោយមានទីផ្សារនាំចេញ ទៅអាមេរិក និងមានគម្រោងនាំចេញទៅទីផ្សារប្រទេសប្រេស៊ីល ដែលម៉ាក «Sailun»។
ទី៣៖ រោងចក្រផលិតសំបកកង់រថយន្ដ ក្រុមហ៊ុន NEWBUSTAR (Cambodia) នៅតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ តម្លៃជាង១៣៨លានដុល្លារ ដែលបានបើកឲ្យដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ៕
0 Comments:
Post a Comment