គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

អភិបាលខេត្តកណ្ដាល ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១៨២៣ប័ណ្ណ ជូនប្រជាពលរដ្ឋ នៅឃុំសណ្ដារ ស្រុកលើដែក

ថ្លែងនៅក្នុងពិធីចែកបានប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ១៨២៣ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិចុងកោះ ឃុំសណ្ដារ ស្រុកលើដែក នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីចែកប័ណ្ណនាថ្ងៃនេះ សូមជួយផ្សព្វផ្សាយជូនដំណឹងដល់ជាពលរដ្ឋដែលមិនបានមក សូមរួសរាន់អញ្ជើញមកទទួលយកប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យបានគ្រប់ៗគ្នាពីមន្ត្រីសុរិយោដីក្នុងមូលដ្ឋាន។

ពេលទទួលបានហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវគឺពិតជាមានតម្លៃជាងដីដែលគ្មានប័ណ្ណកម្មសិទ្ធិ ពីព្រោះដីដែលមានកម្មសិទ្ធិគឺបញ្ជាក់ថា ដីដែលមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន និងកាត់បន្ថយជម្លោះ។

ឯកឧត្តម អភិបាកខេត្ត បានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិដែលបងប្អូនទទួលបាននៅថ្ងៃនេះគឺមាន QR Code ផ្ទុកទិន្នន័យព័ត៌មានរបស់ម្ចាស់កម្មសិទ្ធិ មាននិយាមការច្បាស់លាស់ បញ្ជាក់ពីទីតាំង ព្រំដី និងទំហំដីពិតប្រាកដ អាចធានាបាននូវសុវត្ថិភាពដីធ្លី បញ្ជៀសបាននូវរាល់ទំនាស់ដីធ្លី ទំនាស់ព្រំដីជាដើម ហើយមិនមានអ្នកណាម្នាក់អាចរំលោភបំពានលើព្រំដីរបស់បងប្អូនប្រជាពលរដ្ឋបានឡើយ ឯកឧត្តមអភិបាលខេត្តបាន សង្ឃឹមយ៉ាងមុតមាំថា ចាប់ពីថ្ងៃទទួលបានកម្មសិទ្ធិដីធ្លីនេះតទៅ ប្រជាពលរដ្ឋនៅភូមិចុងកោះនឹងមិនមានទំនាស់ដីធ្លីកើតឡើងទៀតឡើយ។

ក្រៅពីការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រីវាស់វែង និងអាជ្ញាធរស្រុកលើកដែក ដែលបានខិតខំយកចិត្តទុកដាក់ចាប់តាំងពីការវាស់វែងដំបូង រហូតដល់សម្រេចបានការចែកប័ណ្ណនាពេលនេះ ប្រកបដោយភាពជោគជ័យ គ្មានទំនាស់ និងបញ្ហាគួឱ្យកត់សម្គាល់កើតឡើង។ ឯកឧត្តម អភិបាលខេត្ត ក៏បានគូសបញ្ជាក់បន្ថែមថា ការចុះបញ្ជីដីធ្លី គឺជាផ្នែកមួយដ៏មានសារៈសំខាន់ ក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងជាទូទៅ គឺសំដៅពង្រឹងសន្តិសុខកម្មសិទ្ធិដីធ្លី ទីផ្សារដីធ្លី ទប់ស្កាត់ ឬដោះស្រាយជម្លោះដីធ្លី គ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយសមធម៌ និរន្តរភាព និងប្រសិទ្ធភាព ព្រមទាំងជំរុញការបែងចែកដីធ្លីប្រកបដោយសមធម៌ ដោយរក្សានិរន្តរភាពបរិស្ថាន និងទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់។

ពាក់ព័ន្ធនឹងការនេសាទ ឯកឧត្តម អភិបាលខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋ សូមបញ្ឈប់ការប្រើប្រាស់ឧបករណ៍ខុសច្បាប់នានា ដូចជាការឆក់ជាដើម ឯកឧត្តមអភិបាលខេត្ត បានធ្វើការពន្យល់ណែនាំ និងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលកំពុងតែប្រើប្រាស់ឧបករណ៍ខុសច្បាប់ ជាពិសេសគឺឧបករណ៍ឆក់ត្រី សូមយកឧបករណ៍ទាំងនោះមកប្រគល់ជូនដល់អាជ្ញាធរ និងបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់ឧបករណ៍ខុសច្បាប់តទៅទៀត ពីព្រោះការឆក់ត្រីមិនត្រឹមតែធ្វើឱ្យបាត់បង់ធនធានមច្ឆាជាតិប៉ុណ្ណោះទេ តែថែមទាំងអាចបង្កគ្រោះថ្នាក់ដល់អ្នកឆក់ខ្លួនឯងផ្ទាល់តែម្ដង។ ក្នុងករណីនៅតែបន្តប្រើប្រាស់ឧបករណ៍ឆក់ត្រី និងឧបករណ៍ខុសច្បាប់ផ្សេងៗបន្តទៀតនោះអាជ្ញាធរនឹងមិនប្រើវិធានការអប់រំតទៅទៀតឡើយ គឺដាច់ខាត់ត្រូវតែប្រើវិធានការច្បាប់ដោយម៉ឺងម៉ាត់បំផុត។

ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា ជាការពិតហើយការនេសាទគឺដើម្បីជីវភាព តែសូមគោរពច្បាប់នេសាទឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ពីព្រោះការនេសាទត្រីខុសច្បាប់ដោយការឆក់ជាដើម គឺធ្វើឱ្យបាត់បង់ធនធានមច្ឆាតជាតិយ៉ាងធ្ងន់ធ្ងរ ដល់កូនចៅជំនាន់ក្រោយ ដូច្នេះយើងត្រូវតែនាំគ្នាថែរក្សាដើម្បីថែរក្សាធនធាននេះកុំឱ្យបាត់បង់ទុកសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយរបស់យើងតទៅទៀត៕

No comments:

Powered by Blogger.