ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ដឹកនាំសហការី បរិច្ចាគឈាម ដើម្បីអបអរសាទរ ខួបគម្រប់ខួប៥ឆ្នាំ នៃការបង្កើតសមាគម
ភ្នំពេញ៖ ដើម្បីអបអរសារទរខួបគម្រប់៥ឆ្នាំ នៃថ្ងៃបង្កើត សមាគមរាជសីហ៍ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំសមាគមចំនួន៦៤នាក់ ធ្វើកម្មវិធី បរិច្ចាគឈាមជូន មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីជាប្រយោជន៍នៃការសង្គ្រោះ ជីវិតមនុស្សក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមប្រធាន ស៊ូម សារឿន បានសំណេះសំណាល និងជម្រាប លោកនាយកមជ្ឈមណ្ឌលជាតិផ្ដល់ឈាម អំពីបេសកកម្មសំខាន់ៗរបស់សមាគម និងបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំនេះ សមាគមរាជសីហ៍ មានសមាជិកសរុបចំនួន ៧,៩៣៤អង្គ/នាក់ មានសាខាក្នុងប្រទេស២៤រាជធានី-ខេត្ត និង មានសាខាក្រៅប្រទេសចំនួន៥ប្រទេស បានធ្វើសកម្មភាពមនុស្សធម៌បាន ចំនួន២,១២៦លើក ដោយចំណាយថវិកា អស់ប្រមាណជាង $២.០០០.០០០ (ពីរលានដុល្លារ) ជាពិសេស ទៅលើសកម្មភាពមនុស្សធម៌ ចូលរួមកាត់បន្ថយភាពក្រីក្រ និង ការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកនាយកមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធាន ស៊ូម សារឿន និងសហការី ដែលមានទឹកចិត្តជ្រះថ្លាប្រកបដោយសប្បុរស បានបរិច្ចាគឈាមជាច្រើនប្លោក សម្រាប់ជួយសង្គ្រោះជិវិតមនុស្ស ក៏ដូចជាបានធ្វើសកម្មភាពមនុស្សធម៌សម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ក្រីក្រក្នុងព្រះរាជាណាចក្រកម្ពុជា៕
No comments: