គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

រាជធានីភ្នំពេញ បានក្លាយជាអនុប្រធានការិយាល័យអចិន្ត្រៃយ៍ នៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF

(ស្វីស)៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចូលរួមនៅក្នុងសន្និបាតលើកទី៤៤ និងកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី១០១ របស់សមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (Association Internationale des Maires Francophones ហៅកាត់ថា AIMF) ដែលបានប្រារព្ធធ្វើនៅទីក្រុងឡូហ្សាណ (Lausanne) ប្រទេសស្វីស ចាប់ពីថ្ងៃ២២-២៤ ខែឧសភា ឆ្នាំ២០២៤។

សន្និបាតសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នាឆ្នាំនេះ បានចាប់ផ្តើមឡើង ដោយមានកិច្ចប្រជុំពិភាក្សាចំនួន២ថ្ងៃ នៅលើការងារអភិបាលកិច្ចនានារបស់ទីក្រុង ដោយក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានផ្តល់កិត្តិយសធ្វើជាវាគ្មិនចែករំលែកបទពិសោធន៍ជោគជ័យរបស់រាជធានីភ្នំពេញ ជូនដល់បណ្តាអភិបាលក្រុងជាសមាជិក រួមមាន៖

ទី១៖ គោលនយោបាយអភិវឌ្ឍន៍ទីក្រុងឆ្លាតរបស់រាជធានីភ្នំពេញ

ទី២៖ បទពិសោធន៍អភិបាលកិច្ចក្នុងគម្រោងដែលមានការចូលរួមពីពហុភាគី។

លោក នួន ផារ័ត្ន និងគណៈប្រតិភូតំណាងរដ្ឋបាលរាជធានីភ្នំពេញ ដែលជាសមាជិកការិយាល័យអចិន្ត្រៃយ៍សមាគម AIMF បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី១០១ និងសន្និបាតលើកទី៤៤ ក្រោមអធិបតីភាពលោកជំទាវ អាន អ៉ីដាល់ហ្គោ (Anne HIDALGO) ប្រធានសមាគម AIMF និងជាអភិបាលរដ្ឋធានីភ្នំពេញប៉ារីស។

ជាលទ្ធផលគួរជាទីមោទនៈសម្រាប់រាជធានីភ្នំពេញ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូល គឺរាជធានីភ្នំពេញត្រូវបានការិយាល័យអចិន្ត្រៃយ៍ និងអង្គសន្និបាតសម្រេចបោះឆ្នោតបន្តអាណត្តិជាសមាជិកការិយាល័យអចិន្ត្រៃយ៍ និងជាពិសេសគាំទ្រឱ្យក្លាយជាអនុប្រធានការិយាល័យអចិន្ត្រៃយ៍របស់សមាគម AIMFផងដែរ។

ជាមួយគ្នានោះ ខេត្តព្រះសីហនុរបស់កម្ពុជា ក៏ត្រូវបានគាំទ្រឱ្យចូលជាសមាជិកថ្មីរបស់សមាគម ដែលគិតដល់ពេលនេះមានរាជធានី-ខេត្តរបស់កម្ពុជាចំនួន៥រួចមកហើយ បានក្លាយជាសមាជិករបស់សមាគម AIMF រួមមាន៖ រាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តកំពត, ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។

គួររំលឹកថា រាជធានីភ្នំពេញ បានចូលជាសមាជិកសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) កាលពីឆ្នាំ១៩៩០ និងបានក្លាយជាសមាជិកការិយាល័យអចិន្ត្រៃយ៍សមាគម ចាប់តាំងពីឆ្នាំ២០០៣។ ក្នុងនាមជាសមាជិកការិយាល័យ អចិន្ត្រៃយ៍សមាគម រាជធានីភ្នំពេញតែងបានចូលរួមយ៉ាងសកម្មនៅក្នុងជីវភាពសមាគម។ ក្នុងនោះ កាលពីដើមខែធ្នូ នៅឆ្នាំ២០១៩ រាជធានីភ្នំពេញបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតប្រចាំឆ្នាំលើកទី៣៩ របស់សមាគម AIMF ដែលជាខួប ៤០ ឆ្នាំ នៃការបង្កើតសមាគម។

ជាមួយគ្នានោះ ចាប់តាំងពីដើមឆ្នាំ២០២០មក រដ្ឋបាលរាជធានីភ្នំពេញក៏បានទទួលធ្វើជាការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់សមាគម AIMF (Bureau Régional du réseau des villes d’Asie du sud-est de l’AIMF) ដែលមានទីតាំងផ្ទាល់ នៅអគារនៃរដ្ឋបាលរាជធានីភ្នំពេញ៕

No comments:

Powered by Blogger.