ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន ក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញជាអធិបតីពិធីបើក វគ្គបណ្តុះបណ្តាល ស្តីពី «ការវិវត្តនៃវិធានពាណិជ្ជកម្មនៅកម្ពុជា» ដែលរៀបចំដោយ ក្រុមប្រឹក្សាអ្នកច្បាប់នៃ ទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៦ខែមីនាឆ្នាំ២០២៤។
វគ្គបណ្តុះបណ្តាលនេះ សម្របសម្រួលដោយ ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាអនុប្រធាននិងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ និងដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យទីស្តីការគណៈរដ្ឋមន្ត្រី សរុបទាំងអស់ប្រមាណ៤១២រូប។
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានថ្លែងសុន្ទរកថា បើកវគ្គដោយបានលើកឡើងថា នេះជាវគ្គបណ្តុះបណ្តាលលើកទី៣ ហើយឯកឧត្តមប្តេជ្ញាចិត្តចូលរួមនិងខិតខំបើកវគ្គបន្ថែមទៀត។ ទន្ទឹមនោះ ឯកឧត្តម លី ច័ន្ទតុលា បានសម្តែងការគោរពកោតសរសើរចក្ខុវិស័យដឹកនាំ ទីស្តីការគណៈរដ្ឋមន្ត្រីរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ក្រី វង្សី វិស្សុត ជាពិសេស ការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីឆ្លើយតបតម្រូវ និងបង្កើនផលិតភាពការងារ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានធ្វើបទបង្ហាញ ស្តីពី ការវិវត្តនៃវិធានពាណិជ្ជកម្មនៅកម្ពុជា តាំងពីសម័យអាណានិគមនិយមបារាំង រហូតមកដល់បច្ចុប្បន្ននេះ។
ក្រោយពីកម្មវិធីសំណួរចម្លើយ ឯកឧត្តមឧបនាយករដ្ឋមន្ក្រី វង្សី វិស្សុត ថ្លែងការកោតសរសើរចំពោះវាគ្មិន និងថ្លែងសង្កត់បន្ថែមអំពីតថភាពប្រវត្តិសាស្ត្រ និងការវិវត្តវិធានច្បាប់នៅកម្ពុជា ហើយបច្ចប្បន្ន យើងត្រូវគិតគូត្រួតពិនិត្យ តាមដាន កែសម្រួល បង្កើតបន្ថែមដើម្បីបំពេញសេចក្តីត្រូវការស្របតាមការវិវត្តរបស់សង្គមជាតិយើង៕
0 Comments:
Post a Comment