ស្ទឹងត្រែង៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យចុះបញ្ជីក្បាលដីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ម្ចាស់ក្បាលដីស្ថិតនៅភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។
ឯកឧត្តមអភិបាលខេត្ត បានថ្លែង ជំរុញ មន្ត្រីជំនាញពាក់ព័ន្ធ ក្រុង ស្រុក ខេត្ត និងអ្នកបច្ចេកទេស ត្រូវប្រឹងប្រែងបំពេញការងារ ចុះបញ្ជីដីនិងវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ឱ្យបានឆ្លើយតប ទៅតាមផែនការ និងគោលនយោបាយ បញ្ចកោណរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព និងមានតម្លាភាព។
ឯកឧត្តមអភិបាលខេត្តបានដាក់ផែនការឱ្យមន្ត្រី មន្ទីរជំនាញ រៀបចំដែនដីនគរូបនីយកម្ម សំណង់និងសូរិយោដីខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ពន្លឿនការចុះបញ្ជី និងវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ នៅខេត្តស្ទឹងត្រែងឱ្យបាន ចប់សព្វគ្រប់នៅឆ្នាំ ២០២៥។
ឯកឧត្តមមានប្រសាសន៍ បន្តថា ៖ដូចការបិទផ្សាយបញ្ជីក្បាលដីនៅពេលនេះ វាជាលទ្ធផលមួយឱ្យ បងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជី បិទផ្សាយត្រូវមកពិនិត្យមើលភាពត្រឹមត្រូវ បើមានការខុសឆ្គងដោយចំណុចណាមួយ ត្រូវទាក់ទងទៅមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានដើម្បីធ្វើការកែតម្រូវ ឱ្យស្របតាមលក្ខណៈច្បាប់ ហើយពេលទទួលបានកម្មសិទ្ធិស្របច្បាប់ ជាផ្លូវការ និងមានតម្លៃ សម្រាប់យកទៅប្រើប្រាស់ ទៅ តាមគ្រួសារនីមួយៗ។
លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសូរិយោដីខេត្ត បានបញ្ជាក់ថា ៖មន្ត្រីជំនាញបន្តខិតខំប្រឹងប្រែងអនុវត្តការងារជំនាញឱ្យបានឆ្លើយតប និងទទួលបានលទ្ធផលល្អ ទៅតាមផែនការ ជូនគណៈអភិបាលខេត្ត ជាពិសេសបំពេញកាតព្វកិច្ច ឱ្យមានតម្លាភាព ដើម្បីជៀសវាងកុំឱ្យកើតមានទំនាស់រឿងរ៉ាវដីធ្លី ពិបាកក្នុងការដោះស្រាយ ។
លោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់ តំណាងឱ្យប្រជាពលរដ្ឋនៅក្នុងស្រុកនេះ បានទទួលស្គាល់ថា៖កន្លងមក មន្ត្រីជំនាញចុះអនុវត្ត ការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ បានចំនួន ៣ឃុំរួចមកហើយ ដូចជា ឃុំស្រែឫស្សី ឃុំសំអាង និងឃុំអន្លង់ជ្រៃ ហើយពេលនេះកំពុងអនុវត្តនៅឃុំថាឡាបរិវ៉ាតបន្តទៀត។
លោកអភិបាលស្រុកសំណូមពរឱ្យប្រជាពលរដ្ឋយើងទាំងអស់ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញវាស់វែងដីធ្លី និងអាជ្ញាធរមូលដ្ឋានធ្វើយ៉ាងណារួមគ្នាអនុវត្តគោលនយោបាយ ចុះបញ្ជី វាស់វែងដីធ្លី និងសម្របសម្រួលដោះស្រាយ បញ្ហាផ្សេងៗឱ្យមានប្រសិទ្ធភាព ដើម្បី អត្ថប្រយោជន៍ សម្រាប់កូនចៅយើងនាថ្ងៃ អនាគត។
សូមបញ្ជាក់ថា ការបិទផ្សាយ ជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីនៅភូមិអូរត្រេះ ឃុំថាឡា ស្រុកថាឡា បរិវ៉ាត៉ មានចំនួន ១.៤១២ក្បាលដី ស្មើនឹង ជាង២.៣៣៨ ហិកតា ក្នុងនោះមានប្រភេទដីកសិកម្ម ចំនួន ៥៣៧ ក្បាលដី សម្រាប់ ប្រជាពលរដ្ឋ រស់នៅក្នុងភូមិអូរត្រេះ គិតជាម្ចាស់ដីមាន ចំនួន ៦៥៩ គ្រួសារ ដើម្បីឱ្យពួកគាត់ មកពិនិត្យមើលភាពខ្វះចន្លោះ និង ត្រឹមត្រូវ ព្រោះមន្ត្រីជំនាញ បិទផ្សាយនេះ បានទុកពេល ឱ្យកែតម្រូវក្នុងរយៈពេល ១៥ ថ្ងៃ៕
0 Comments:
Post a Comment