(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារលិខិតក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ អំពាវនាវចំនួន៤ចំណុចទៅដល់ជនរួមជាតិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមធ្វើសកម្មភាពកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ជនរួមជាតិ ដូចខាងក្រោម៖
ទី១៖ បន្តការយកចិត្តទុកដាក់រួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាកំណើនសេដ្ឋកិច្ច តាមរយៈការ ចូលរួមវិនិយោគវៃឆ្លាតកែលម្អលំនៅឋាន ទីតាំងអាជីវកម្មឱ្យមានសុវត្ថិភាព ពង្រីកមុខរបរដែលធន់ ដើម្បីរក្សាស្ថិរភាព ជីវភាពរស់នៅជាប្រក្រតីតាមគន្លងថ្មី ជាមួយការរស់នៅស្អាត បរិស្ថានល្អ និងភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ព្រមទាំងប្រកាន់ភ្ជាប់ជាមួយវប្បធម៌ចែករំលែក។
ទី២៖ លើកកម្ពស់វប្បធម៌ផ្ទេរ ទទួលយក និងចែករំលែកចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ក្នុងការទប់ស្កាត់ការកាត់បន្ថយគ្រោះមហន្តរាយ និងបន្តពង្រឹងសមត្ថភាពលើការយល់ដឹង អំពីហានិភ័យគ្រោះមហន្តរាយ តាមរយៈការយកចិត្តទុកដាក់តាមដានមុខសញ្ញាគ្រោះថ្នាក់ ព័ត៌មានព្យាករណ៍ និងការប្រកាសឱ្យដឹងមុនអំពីហេតុការណ៍ និងគ្រោះថ្នាក់ដែលអាចកើតមានដោយគ្រោះមហន្តរាយ។
ទី៣៖ ក្រសួងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវកំណត់ថាការងារគ្រប់គ្រងគ្រោះមហន្តរាយជាការងារស្នូលរបស់ខ្លួន និងពង្រឹងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាសេនាធិការធានា ឱ្យមានធនធានមនុស្ស សម្ភារៈ សម្រាប់បំពេញការងារ មានធនធានសម្រាប់ដំណើរការ ការងារឆ្លើយតប និងស្ដារឡើងវិញក្រោយគ្រោះមហន្តរាយ។
និងទី៤៖ ក្រសួងស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តពង្រឹងយន្តការ គោលនយោបាយ យុទ្ធសាស្ត្រ កម្មវិធី ផែនការ និងសកម្មភាពដែលមានស្រាប់ ដោយបញ្ជ្រាបការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួល អាកាសធាតុ ដើម្បីពង្រឹងភាពធន៍ផ្នែកសេដ្ឋកិច្ច សង្គម សុខភាព និងបរិស្ថាន៕
0 Comments:
Post a Comment