ភ្នំពេញ៖ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និង ឯកឧត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគម បានអញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំង ថ្នាក់ដឹកនាំសមាគម និង ថ្នាក់ដឹកនាំ សមាជិក នៃអនុសាខាសមាគមរាជសីហ៍ប្រចាំខណ្ឌចំនួន៦ក្នុងរាជធានីភ្នំពេញគឺ សាខាខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌដង្កោ ខណ្ឌឬស្សីកែវ និងសាខាខណ្ឌជ្រោយចង្វា ព្រមទាំង ប្រគល់ប័ណ្ណសរសើដល់សមាជិកជាអ្នកសង្កេតការណ៍បោះឆ្នោតប្រចាំសាខារាជធានីភ្នំពេញ។
ពិធីនេះប្រារព្វនៅ វិទ្យាល័យស៊ីសុវត្តិ ភ្នំពេញ នៅថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានការនិមន្តនិងអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំសមាគម សមាជិក សមាជិកា សាខារាជធានីភ្នំពេញ សរុបចំនួនជាង៣៥០នាក់។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយត្រី សរ សំណាង ប្រធានសមាគមរាជសីហ៍សាខារាជធានីភ្នំពេញ បានថ្លែងស្វាគមន៍ និងរាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារ គឺបានដឹកនាំសហការីចុះធ្វើសកម្មភាពមនុស្សធម៌ចំនួន៣១លើក ចំណាយថវិកាប្រមាណ៥០លានរៀល និងបង្កើតបានអនុសាខាចំនួន៦ខណ្ឌ ព្រមទាំងបង្កើនសមាជិកបានជិត១,០០០នាក់ នៅក្នុងរយៈពេល៦ខែដែលលោកធ្វើជាប្រធាន។
លោក ស៊ីន ឌីណា អគ្គលេខាធិការ និង លោក ម៉ាត់ ណើសៀក អនុប្រធានសមាគម បានឡើងអានសេចក្តីសម្រេច តែងតាំង ផ្ទេរភារកិច្ច ថ្នាក់ដឹកនាំសមាគមជាច្រើននាក់។
បន្ទាប់ពីត្រូវបានប្រកាសតែងតាំង លោក គា សំណាង ប្រធានអនុសាខាខណ្ឌពោធិ៍សែនជ័យ ជាតំណាងឱ្យអនុសាខា៥ទៀត បានឡើងប្តេជ្ញាចិត្ត ខិតខំសហការស្វែងរកជំនួយ ធ្វើសកម្មភាពមនុស្សធម៌ ផ្សព្វផ្សាយនិងពង្រឹងពង្រីកចលនាយុវជនចូលរួមសកម្មភាពសមាគម ដោយរក្សាសាមគ្គីភាព ប្រកាន់ខ្ជាប់នូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម។
ឯកឧត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ ថ្លែងគាំទ្រការប្តេជ្ញាចិត្ត និងបានណែនាំបន្ថែមថា ក្រៅពីគោរពលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុង ត្រូវគោរពច្បាប់ និងគោលការណ៍របស់រាជរដ្ឋាភិបាល និងត្រូវរៀបចំផែនការសកម្មភាពច្បាស់លាស់សម្រាប់អនុសាខានីមួយៗ។ ត្រូវមានទំនាក់ទំនងនិងកិច្ចសហការល្អជាមួយអាជ្ញាធរ ដើម្បីប្រសិទ្ធភាពការងា និងដើម្បីយុត្តិធម៌សង្គម។ សូមចងចាំ (កុំ៣)គឺ កុំមើលបំណាំគ្នា កុំច្រណែន និង កុំរើសអើងគ្នា និងចេះជួយគ្នាឯង ជ្រោមជ្រែងគ្នាឡើង។
មុនចូលប្រធានបទ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិកសមាគមរាជសីហ៍ សូមចូលរួមអបអរសាទរចំពោះជ័យជម្នះនៃនយោបាយការទូតនិងសេដ្ឋកិច្ច ដ៏ត្រចះត្រចង់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដទៃទៀត ជាមួយមេដឹកនាំប្រទេសអាស៊ាននិងពិភពលោកជាច្រើនប្រទេស ដែលបានបិទបញ្ចប់ថ្មីៗនេះ នៅប្រទេសឥណ្ឌូនេស៊ី។ ក្នុងនោះ សម្តេចធិបតី បានបង្ហាញសារដ៏មានសារៈសំខាន់ទៅកាន់ពិភពលោកថា សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានឡើយ និងគ្មានការអភិវឌ្ឍណាដែលអាចកើតមានឡើង បើគ្មានសុខសន្តិភាពពេញលេញនោះទេ។
ឯកឧត្តមប្រធានសម្តែងការអបអរសាទរថ្នាក់ដឹកនាំនិងសមាជិក អនុសាខាទាំង៦ដែលទើបត្រូវបានប្រកាសតែងតាំង និងសូមគាំទ្រការប្តេជ្ញាចិត្តរបស់ លោក គា សំណាង។
ឯកឧត្តមប្រធានបានលើកឡើង ពីការរីកចម្រើនរបស់សមាគមរាជសីហ៍ ទោះបីសមាគមបាននឹងកំពុងរងផលប៉ះពាល់នៃការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ សង្គ្រាមរុស្សីអ៊ុយក្រែន រួមផ្សំជំងឺកូវីដ១៩ ក៏សមាគមរាជសីហ៍បានខិតខំពុះពារនូវបញ្ហាលំបាកទាំងអស់នេះ អនុវត្តនិងសម្រេចបាននូវសមិទ្ធផលដ៏ធំធេងរួមមាន៖ បានពង្រីករចនាសម្ព័ន្ធសាខាសមាគម ក្នុងនិងក្រៅប្រទេសបានចំនួន២៩សាខា និង អនុសាខាសមាគមតាមក្រុងស្រុកខណ្ឌចំនួន៤៥ទៀតផងដែរ ដែលមានសមាជិកសមាជិកា ចំនួន ៧,៥៤៧ អង្គ/នាក់ ត្រឹមឆ្នាំ២០២៣នេះ។ រីឯ ការងារមនុស្សធម៌និងសប្បុរសធម៌វិញ សមាគមរាជសីហ៍បានធ្វើសកម្មភាពបានចំនួន ៦៦៩ លើក ដោយចំណាយថវិកាអស់ប្រមាណ ៥៧៦,០០០,០០០លានរៀល ស្មើនឹង ១៤៤,០០០ ដុល្លារអាម៉េរិក។
ឯកឧត្តមប្រធានបញ្ជាក់បន្ថែមថា សមិទ្ធផលដ៏ធំធេងខាងលើនេះ កើតឡើងដោយសារការចូលរួម និងការលះបង់ ទាំងស្មារតី សម្ភារ ថវិកា និងការអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំនិងសមាជិកគ្រប់ផ្នែក ក្នុងបុព្វហេតុនៃការប្រព្រឹត្តអំពើល្អជាកុសលចំពោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ គ្រប់មជ្ឍដ្ឋានទូទាំងប្រទេស។ ឯកឧត្តមប្រធាន សូមវាយតម្លៃខ្ពស់ សូមកោតសរសើរ និងសូមថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំនិងសមាជិក សមាជិកាសមាគមទាំងអស់។
ជាទីបញ្ចប់ ឯកឧត្តមប្រធាន ស៊ូម សារឿន បានផ្តល់ជាអនុសាសន៍ ដល់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា មានដូចជា៖ ក្នុងភាពជាអ្នកដឹកនាំត្រូវអនុវត្តនូវចំណុច៤ នៃឥទ្ធិបាទធម៌ សម្រាប់ឲ្យការងារទទួលបានជោគជ័យ មានជាអាទិ៍ ឆន្ទះ វីរិយះ ចិត្ត និងវិមង្សា មានគំនិតនវានុវត្តន៍ និងឧត្តមានុវត្តន៍ ត្រូវប្រកាន់ទស្សនៈសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ រក្សាសាមគ្គីភាពនិងការឯកភាពផ្ទៃក្នុង អនុវត្តការងារជាក្រុម និងហ៊ានទទួលខុសត្រូវនូវរាល់កំហុសតូច-ធំ ដើម្បីធ្វើការកែលម្អ និងការធ្វើប្រតិភូកម្ម សិទ្ធនិងអំណាច ទៅលើផ្នែកណាមួយនៃការងារដើម្បីធានាភាពរហ័សនិងប្រសិទ្ធភាពការងារ សម្រេចបាននូវបេសកកម្ម និងចក្ខុវិស័យរបស់សមាគមរាជសីហ៍៕
0 Comments:
Post a Comment