គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

លោក ស៊ុយ សែម ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ សម្រាប់ខេត្តពោធិ៍សាត់

 (ពោធិ៍សាត់)៖ លោក ស៊ុយ សែម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកា ប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ សម្រាប់ខេត្តពោធិ៍សាត់ នៅសាលប្រជុំគណបក្សខេត្ត។

អង្គប្រជុំនេះ បានការចូលរួមពីលោក ខូយ រីដា ប្រធានគណបក្សខេត្ត និងជាអភិបាលខេត្ត, លោក កែវ រតនៈ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង, លោក លោកស្រី ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារថ្នាក់កណ្តាល ប្រធាន អនុប្រធាន សមាជិក គណៈកម្មាធិការគណបក្សខេត្ត គណៈអចិន្ត្រៃយ៍គណៈបក្សខេត្ត គណៈកម្មាធិការគណបក្ស ក្រុង ស្រុក ឃុំ សង្កាត់ ក្រុមការងារចុះមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្ត សរុបចំនួន៧០៧នាក់។

បន្ទាប់ពីលោក ខូយ រីដា បានមានមតិស្វាគមន៍ និងអាននូវរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់គណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ នោះរួចមក លោក ស៊ុយ សែម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រឹងរបស់ប្រធាន អនុប្រធាន និងសមាជិក ក្រុមការងារគ្រប់ជាន់ថ្នាក់ ដែលបានលះបង់ពេលវេលា ធនធានផ្ទាល់ខ្លួន ក្នុងការចុះជួយមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ ពិសេសក្នុងយុទ្ធនាការឃោសនាបោះឆ្នោត រហូតឈានទៅទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។

លោករដ្ឋមន្ត្រីបន្ថែមថា ជោគជ័យដែលទទួលបាន១០០% គឺ៤/៤អាសនៈនេះ ចាត់ទុកថាជាមោទនភាពរបស់យើងទាំងអស់គ្នា ហើយក្នុងនោះខេត្តពោធិ៍សាត់ក៏ទទួលបាន ចំណាត់ថ្នាក់លេខ១ សម្រាប់ជ័យលាភីទូទាំងប្រទេស។ លោកក៏បានដាក់ជូនរបាយការណ៍ ឆ្លងអង្គប្រជុំ ដើម្បីពិភាក្សា និងកែលម្អ ហើយអង្គប្រជុំក៏បានឯកភាពទាំងស្រុង នូវខ្លឹមសាររបាយការណ៍នេះផងដែរ។

ក្នុងឱកាសនោះ លោកក៏បានលើកឡើងអំពីជំនួបសំណេះសំណាលកាលម្សិលមិញ រវាងសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយសមាជិករាជរដ្ឋាភិបាល ក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាល អាណត្តិថ្មី នៅវិមាន៧មករា ដោយបានសង្កត់ធ្ងន់ថា កត្តាសំខាន់បំផុតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាប្រៀបឈ្នះពីអតីតកាល ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត គឺកត្តាសាមគ្គី និងឯកភាពផ្ទៃក្នុងគណបក្ស។

លោកក៏សូមផ្តាំផ្ញើដល់សមាជិក សមាជិកា ក៏ដូចជាក្រុមការងារទាំងអស់ ត្រូវបន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងម៉ាំ និងគាំទ្រចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។

ជាមួយគ្នានោះ លោក ស៊ុយ សែម ក៏បានប្រកាសអំពីបេក្ខភាព ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ សម្រាប់អាណត្តិថ្មីនេះដែរ គឺលោក កែវ រតនៈ ដើម្បីបន្តធ្វើការដឹកនាំ កសាង និងអភិវឌ្ឍន៍ខេត្ត ឲ្យមានការរីកចម្រើនជានិច្ចនិរន្តន៍៕

No comments:

Powered by Blogger.