អាជ្ញាធរខេត្តសៀមរាប ជម្រុញដល់សិស្ស និស្សិតត្រូវជ្រើសរើសមុខវិជ្ជាសិក្សាឲ្យត្រូវជំនាញ និងបរិបទសង្គម ដើម្បីទទួលបានភាពជោគជ័យនាថ្ងៃអនាគត !
សៀមរាប៖ បច្ចុប្បន្ននេះយុវជនកម្ពុជា គឺមានឱកាសច្រើនក្នុងចាប់យកជំនាញមកសិក្សារៀនសូត្រ ហើយគ្រប់ជំនាញដែលពួកគាត់ជ្រើសរើសសុទ្ធតែជាជំនាញល្អសម្រាប់ពួកគាត់សម្រាប់ធ្វើជាការងារអាជីពនាពេលអនាគត ប៉ុន្តែការចាប់យកជំនាញនោះទាមទារឲ្យពួកគាត់ត្រូវសិក្សាឲ្យបានច្បាស់លាស់ ហើយវាក៏ក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច ព្រមទាំងជួយឲ្យសេដ្ឋកិច្ចសង្គម និងគ្រួសារមានស្ថេរភាពផងដែរ។
ថ្លែងក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ» នៅខេត្តសៀមរាប លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត មានប្រសាសន៍ថា សម្រាប់ពេលបច្ចុប្បន្ន TVET បាននឹងកំពុងក្លាយទៅជាវិស័យមួយក្នុងចំណោមវិស័យអាទិភាពផ្សេងទៀត បានរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សប្រកបដោយ ចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបទ ការងារ និងសីលធម៌វិជ្ជាជីវ: ដើម្បីក្លាយខ្លួនជាពលករជំនាញ និងអ្នកបច្ចេកទេស បំពេញតាមតម្រូវការកម្លាំងពលកម្មក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។ ក្រៅពីការផ្តល់នូវជំនាញច្បាស់លាស់ដល់យុវជនសម្រាប់ការទទួលបានការងារសមរម្យ ដែលផ្តោតទៅលើតម្លាភាពនៃប្រាក់ចំណូល សន្តិសុខនៅកន្លែងធ្វើការ និងការការពារសង្គម។
លោកស្រី អភិបាលរងខេត្ត ក៏បានជម្រុញដល់យុវជនយើងទាំងអស់ត្រូវជ្រើសរើសមុខវិជ្ជាសិក្សាឲ្យត្រូវជំនាញដែលខ្លួនស្រលាញ់ ងាយរកការងារធ្វើ និងសមស្របបរិបទសង្គម ដើម្បីទទួលបានភាពជោគជ័យនាថ្ងៃអនាគត។ ក្នុងនោះយុវជនយើងត្រូវសិក្សាជំនាញនោះឲ្យបានច្បាស់លាស់ ដោយខិតខំប្រឹងប្រែងក្នុងការសិក្សា ហើយត្រូវយល់ពីខ្លួនឯងឲ្យច្បាស់ថាខ្លួនយើងមានទេពកោសល្យអ្វី ចូលចិត្តជំនាញអ្វី ចង់ធ្វើអ្វី ហើយទីផ្សារបច្ចុប្បន្នកំពុងត្រូវការជំនាញអ្វី ព្រោះដែលប្អូនៗយល់ពីចំណុចនេះច្បាស់ ជំនាញនោះនឹងក្លាយទៅជាកូនសោសម្រាប់ប្អូនៗ ដើម្បីជួយខ្លួនឯងនៅពេលអនាគត។
យោងតាមរបាយការណ៍របស់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ក្នុងឆ្នាំសិក្សា២០២២ ២០២៣នេះ មានសិស្សសិក្សាចំនួន ១,០៤៦នាក់, ស្រី ៦១៤នាក់ ដែលកំពុងសិក្សាលើមុខជំនាញកាត់ដេរសំលៀកបំពាក់ កាត់សក់បុរស សំអាងការ សំអាងកាយ ជួសជុលម៉ាស៊ីនធុនតូច ជួសជុលម៉ូតូ ជំនួយការចុងភៅ ជំនាញគណនេយ្យ ទីផ្សារ វិស្វករអគ្គិសនី សំណង់ស៊ីវិល ព័ត៌មានវិទ្យា បរិក្ខារត្រជាក់ និងបដិសណ្ឋារកិច្ច។ ចំណែកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ សម្រាប់ឆ្នាំសិក្សា២០២២ -២៣នេះ វិទ្យាស្ថានកំពុងបណ្តុះបណ្តាលជូនដល់សិស្ស-និស្សិត ចំនួន ១,០០៦ នាក់ ក្នុងនោះមានស្រី ១៦៣នាក់ ចាប់ពីកម្រិតវិញ្ញាបនបត្រវិជ្ជាជីវ: ដល់កម្រិត បរិញ្ញាបត្រ (វិស្វករ) លើជំនាញក្នុងវិស័យអាទិភាពដូចជា សំណង់ អគ្គិសនី អេឡិចត្រូនិក បរិក្ខាត្រជាក់ ព័ត៌មានវិទ្យា មេកានិចរថយន្តជាដើម។
បើតាមសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលអានដោយលោក ច័ន្ទ សុខុមចិត្តា ប្រធានមន្ទីរការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវ:ខេត្ត ដោយក្នុងនោះសម្ដេចតជោ បានអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធ ត្រូវបន្តថែរក្សាសន្តិភាព និងស្ថិរភាពនៅកម្ពុជា ដែលជាលក្ខខ័ណ្ឌចាំបាច់ក្នុងការបន្តការអភិវឌ្ឍមូលធនធនធានមនុស្សពោរពេញដោយជំនាញ និងសមត្ថភាព ដើម្បីបង្កើនភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ចខ្ពស់ ការបង្កើតការងារថ្មីកាន់តែល្អ សំដៅបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ បន្តជំរុញលើកទឹកចិត្ត និងបង្កើនការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវ: ដើម្បីឱ្យមានចំណេះដឹង ជំនាញច្បាស់លាស់ និងភាពប្រកួតប្រជែងខ្ពស់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដូចដែលប្រធានបទនៃទិវាជាតិនេះបានលើកឡើងថា “TVET ផ្តល់ជំនាញ និងការងារសមរម្យ”។
ជាមួយគ្នានោះសម្ដេចតេជោ បានជម្រុញបន្ថែមដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមសហការ និងគាំទ្រកម្មវិធីរបស់រាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវ: ដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន ១លាន ៥សែននាក់។ ហើយសម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមនឹងអ្នកផ្សេងៗទៀត ត្រូវចូលរួមសហការផ្សព្វផ្សាយទិវាជាតិអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវ: លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញ និងការងារសមរម្យ” នេះ ឱ្យបានផុលផុសឱឡារិកអធិកអធមទូទាំងប្រទេសតាមប្រព័ន្ធផ្សព្វផ្សាយនានា។ ជាពិសេសគ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានា និងសូមបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពីវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវ: ដើម្បីបង្កើនការយល់ដឹងអំពីសារសំខាន់នៃវិស័យនេះជូនសាធារណជនផងដែរ៕ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖dara
No comments: