ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម


Friday, May 12, 2023

សម្ដេចក្រឡាហោម សម្ពោធដាក់ឱ្យប្រើប្រាស់អគារសម្តេច នន្ទ ង៉ែត សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បាត់ដំបង

ចំនួនអ្នកទស្សនា: Views

បាត់ដំបង: ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្តេចព្រះសុមេធាធិបតី នន្ទ ង៉ែត ១ខ្នង កម្ពស់ ៤ជាន់ មាន១២បន្ទប់ នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង និងសមិទ្ធផលនានា ស្ថិតក្នុងបរិវេណវត្តដំរីស ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានថ្លែងបញ្ជាក់នូវសេចក្ដីរីករាយជ្រះថ្លាក្រៃលែង ក្នុងការអញ្ជើញមកចូលរួមជាអធិបតី នៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសម្តេចព្រះសុមេធាធិបតី នន្ទ ង៉ែត នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ក្នុងឱកាសប្រកបដោយភាពដ៏អធិកអធមនាពេលនេះ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចបានសម្តែងនូវមោទកភាព ចំពោះការរីកចម្រើនជាលំដាប់របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រួមទាំងសាខាខេត្តបាត់ដំបង រួមចំណែកបណ្ដុះបណ្ដាលសិស្ស និងនិស្សិតទាំងកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សាជាច្រើនអង្គ/នាក់ ឱ្យក្លាយជាបណ្ឌិតបញ្ញាវ័ន្ដ និងជាធនធានមនុស្សដ៏ចាំបាច់ សម្រាប់ដំណើរការកសាង អភិវឌ្ឍន៍ សង្គមជាតិ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

សម្ដេចក្រឡាហោម បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមបណ្ឌិត ជា ចាន់តូ និងលោកជំទាវ និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានជាច្រើន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យពុទ្ធសាសនា ក៏ដូចជាវិស័យផ្សេងៗជាច្រើនទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព។ ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ណាស់ សម្រាប់ការកសាងសង្គមខ្មែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងនោះ រាជរដ្ឋាភិបាល តែងបានខិតខំកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលបានផ្តល់ជាប្រយោជន៍ជូនប្រជាជន នៅទូទាំងប្រទេសបានប្រើប្រាស់ ហើយការរីកចម្រើន ពុទ្ធិកសាកលវិទ្យាល័យ ជាផ្នែកមួយនៃការផ្ដល់ឱកាសដល់កូនចៅប្រជាពលរដ្ឋ ក្នុងការទទួលបានចំណេះដឹង ដើម្បីក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាព។

សម្ដេចក្រឡាហោម បានចាត់ទុកព្រះពុទ្ធសាសនា ថាជាមូលដ្ឋានក្នុងការអប់រំផ្នត់គំនិត និងផ្តល់នូវពុទ្ធិឱ្យមនុស្សប្រព្រឹត្តនូវអំពើជាកុសល យកចិត្តទុកដាក់លើការពង្រឹងឆន្ទៈ គុណធម៌ សីលធម៌ ស្មារតីគោរពច្បាប់ ព្រមទាំងការយល់ដឹងអំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិឱ្យដល់កុលបុត្រ កុលធីតា ជាសមណសិស្ស-និស្សិត ដើម្បីឱ្យពួកគេក្លាយជាមិត្តល្អ កូនល្អ និងពលរដ្ឋល្អ សម្រាប់សង្គមជាតិ ។

ជាពិសេស ក្នុងបរិការណ៍ នៃការរីកចម្រើនជឿនលឿនផ្នែកបច្ចេកវិទ្យា ដូចពេលបច្ចុប្បន្ន។ សូមបញ្ជាក់ថា អគារដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ ត្រូវបានប្រសិទ្ធនាមថា អគារសម្ដេចព្រះសុមេធាធិបតី នន្ទ ង៉ែត ចាប់ផ្ដើមកសាងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានបណ្ដោយ៣០ម៉ែត្រ ទទឹង២១ម៉ែត្រ កម្ពស់៤ជាន់ មានបន្ទប់សិក្សា១២បន្ទប់ បន្ទប់រង់ចាំ១ សាលប្រជុំ១ និងបន្ទប់ទឹក១ មានបំពាក់សម្ភារទំនើបបម្រើឱ្យដំណើរការបង្រៀន និងរៀនមួយចំនួនទៀត ដោយចំណាយទឹកប្រាក់ប្រមាណ ១លានដុល្លារអាម៉េរិក។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានបង្កើតឡើងនៅឆ្នាំ១៩៥៤ ក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះបរមរតនកោដ្ឋ និងបានបិទទ្វារនៅឆ្នាំ១៩៧២ រហូតដល់ឆ្នាំ២០០០ ទើបដំណើរការឡើងវិញ ក្នុងឋានៈជាមហាវិទ្យាល័យ និងត្រូវបានដំឡើងជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដោយមានមហាវិទ្យាល័យចំនួន ៤ រួមមាន៖ មហាវិទ្យាល័យទស្សនវិជ្ជា, មហាវិទ្យាល័យបាលីសំស្ក្រឹត និងភាសាបរទេស, មហាវិទ្យាល័យវិទ្យាល័យវិទ្យាសាស្រ្តអប់រំ និងព័ត៌មានវិទ្យា, និងមហាវិទ្យាល័យអក្សរសាស្រ្តខ្មែរ។ បច្ចុប្បន្ន ពុទ្ធិកសាកលវិទ្យាល័យមានសិស្សកំពុងសិក្សាសរុប ៣ ៧៥៦ អង្គ/នាក់ ទាំងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)  





0 Comments:

Post a Comment