(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់វិស័យឯកជនចូលរួមក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ពិសេសគឺការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីបម្រើដល់សេចក្ដីត្រូវការរបស់ភ្ញៀវទេសចរ ក៏ដូចជាដើម្បីស្ដារវិស័យទេសចរណ៍ជាតិឱ្យកាន់តែរីកលូតលាស់ទៅមុខ ខណៈរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវផែនការមេអភិវឌ្ឍវិស័យទេសចរណ៍រួចមកហើយដែរ។
លោក ហ៊ុន ម៉ាណែត ជំរុញបែបនេះគឺក្នុងឱកាសអញ្ជើញក្នុងពិធីសម្ពោធសណ្ឋាគារ Fairfield by Marriott Phnom Penh ដែលជាសណ្ឋាគារលំដាប់អន្តរជាតិដ៏ទំនើបប្រកបដោយសេវាកម្មសម្បូរបែប។ ពិធីនេះធ្វើឡើងនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នៅអគារ Chip Mong Tower។
នាឱកាសនោះ លោកបានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាពបុរេសកម្មរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កម្ពុជាបានក្លាយជាប្រទេសឈានមុខមួយក្នុងតំបន់ និងសកលលោក ដោយរាជរដ្ឋាភិបាលអាចគ្រប់គ្រងសភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសបានយ៉ាងល្អប្រសើរ និងបានបង្កលទ្ធភាពឱ្យកម្ពុជាបើកប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យប្រកបដោយភាពជឿជាក់ និងសុវត្ថិភាព ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២១ រហូតមក។
លោកបានបន្តថា រាជរដ្ឋាភិបាលថែមទាំងបានប្រែក្លាយដំណាក់កាលនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ឱ្យទៅជាឱកាសនៃការកែលម្អ ដោយបានធ្វើទំនើបកម្មរចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុងព្រះសីហនុ និងក្រុងសៀមរាប-អង្គរ ដែលជាប៉ូលទេសចរណ៍ដ៏សំខាន់ ដើម្បីទាក់ទាញនិងទទួលភ្ញៀវទេសចរណ៍ នៅពេលដែលប្រទេសត្រូវបានបើកដំណើរការពេញលេញឡើងវិញ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវផែនការមេអភិវឌ្ឍវិស័យទេសចរណ៍នៅតាមប៉ូលទេសចរណ៍សំខាន់ៗនានា សំដៅកសាងឡើងវិញនូវមូលដ្ឋានអភិវឌ្ឍន៍នៃវិស័យទេសចរណ៍ ដែលមានភាពប្រទាក់ក្រឡា និងភាពទាក់ទាញជាងមុន»។
លោកបានបន្តទៀតថា ស្របពេលដែលសកម្មភាពសង្គម-សេដ្ឋកិច្ចបានវិលត្រឡប់មកជាធម្មតាឡើងវិញ វិស័យទេសចរណ៍កម្ពុជាបានងើបឡើងជាបណ្តើរៗប្រកបដោយទំនុកចិត្តខ្ពស់ ដោយនៅឆ្នាំ២០២២ កម្ពុជាបានទទួលភ្ញៀវទេសចរណ៍អន្តរជាតិរហូតប្រមាណ២.២៨លាននាក់ ដែលជាកំណើនដល់ជាង១០ដងបើធៀបទៅនឹងឆ្នាំ២០២១។ ប្រភពចំណូលពីវិស័យទេសចរណ៍របស់កម្ពុជា ក៏បានកើនដល់ទៅជាង៦ដង ក្នុងអំឡុងពេលដូចគ្នា ហើយកំណើននេះក៏បានបង្កើតនូវមុខរបរ និងការងារទេសចរណ៍ជូនដល់ប្រជាជនប្រមាណ៣២ម៉ឺននាក់ផងដែរ។ ឈរលើមូលដ្ឋាននេះ ទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល នឹងកាន់តែមានភាពវិជ្ជមានល្អសម្រាប់ពេលខាងមុខ។ និន្នាការនេះ ក៏ជាសញ្ញាវិជ្ជមានដ៏ប្រសើរនៃប្រតិបត្តិការក្នុងអនុវិស័យសណ្ឋាគារក្នុងរយៈពេលវែង និងមធ្យម ជាពិសេសខណៈដែលឆ្នាំ២០២៣នេះ កម្ពុជាក៏កំពុងរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ដូចជា៖ យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
ស្របពេលដែលរាជរដ្ឋាភិបាលកំពុងចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពចម្បង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងពេលបច្ចុប្បន្ន និងអនាគត វត្តមានរបស់សណ្ឋាគារ Fairfield by Marriott Phnom Penh លំដាប់អន្តរជាតិមួយនេះ គឺអាចនឹងចូលរួមពង្រឹងធនធានមនុស្សកម្ពុជា តាមរយៈការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការបណ្តុះបណ្តាលជំនាញថ្មី (Re-skilling) និងការបង្កើនចំណេះដឹងបន្ថែម (Upskilling) ដល់បុគ្គលិក-និយោជិតរបស់ខ្លួន តាមរយៈការផ្តល់ការគាំទ្រដល់សិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ឬវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនានានៅកម្ពុជាឱ្យទទួលបាននូវឱកាសការងារ ឬឱកាសចុះកម្មសិក្សា ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ជាលក្ខណៈស្តង់ដាអន្តរជាតិ។
រាជរដ្ឋាភិបាលក៏មានសង្ឃឹមថា វិស័យឯកជននឹងចូលរួមដើម្បីឈានទៅសម្រេចនូវគោលបំណងទាំងនេះ ដូចមានការវិនិយោគបង្កើតសណ្ឋាគារ Fairfield by Marriott Phnom Penh នេះជាសក្ខីភាពស្រាប់។ នេះជាការបន្ថែមរបស់លោក ហ៊ុន ម៉ាណែត។
លោកបានវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុន Marriott ដែលបន្តមានជំនឿទុកចិត្តលើការវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា តាមរយៈការពង្រីកបង្កើតសណ្ឋាគារទី២របស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ដែលជាចំណុចស្នូលប្រកបដោយសក្តានុពលមួយក្នុងចំណោមបណ្តាញទីក្រុងសំខាន់ៗដទៃទៀត ក្នុងការផ្សារភ្ជាប់រំហូរនៃទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច វប្បធម៌ វិនិយោគ ធុរកិច្ច និងទេសចរណ៍របស់តំបន់ និងសកលលោក៕
0 Comments:
Post a Comment