ភ្នំពេញ :ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ក្នុងខណៈដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅលើទឹកដីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនោះ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាកាងារ ជាមួយឯកឧត្តមបណ្ឌិត ថងលួន ស៊ីសូលីត ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ នេះបើតាមការឱ្យដឹងរបស់អ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជា។
ក្នុងជំនួបគ្នានោះ ឯកឧត្តមបណ្ឌិត ថងលួន ស៊ីសូលីត មានប្រសាសន៍សម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានឆ្លើយតបតាមការអញ្ជើញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសឡាវនាពេលនេះ។ ឯកឧត្តម ប្រធានាធិបតីឡាវ តាមរយៈសម្តេចតេជោនាយករដ្ឋមន្រ្តី សូមគោរពយាងព្រះករុណាព្រះមហាក្សត្រជាទីគោរពសក្ការៈ ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅរដ្ឋធានីវៀងច័ន្ទ តាមពេលវេលាដ៏សមស្របនាពេលខាងមុខ។
ឯកឧត្តមប្រធានាធិបតីបានសម្ដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ឡាវ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ ថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមប្រធានាធិបតី ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងស្និទ្ធស្នាលបំផុត ចំពោះរូបសម្តេចនិងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្ដែងនូវការកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសឡាវ ក្រោមការដឹកនាំរបស់បក្ស និងប្រជាជនឡាវ។
ឯកឧត្តមប្រធានាធិបតីឡាវ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា និងឡាវ ដែលឈានទៅចុះហត្ថលេខាលើឯកសារជាប្រវត្តិសាស្រ្តសម្រាប់បម្រើឱ្យផលប្រយោជន៍របស់ប្រទេសនិងប្រជាជនទាំងពីរ កម្ពុជា-ឡាវ។
បន្ទាប់មក ឯកឧត្តមបណ្ឌិត ថងលួន ស៊ីសូលីត ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញបំពាក់នូវគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានឈ្មោះថា មេដាយផូសៃឡានសាង ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការជួយដល់ប្រទេស និងប្រជាជនឡាវ ពិសេសក្នុងដំណាល់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភវ៉ាក់សាំង សម្ភារវេជ្ជសាស្រ្ត និងការកៀរគរដល់សប្បរសជនកម្ពុជា ជួយផ្តល់នូវថវិកាដ៏ច្រើន ក្នុងការជួយដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដែលជួបប្រទះនូវការលំបាកបំផុតនោះ៕ដោយ៖ ជឹម ណារីសម្រួលដោយ៖ដារ៉ា
0 Comments:
Post a Comment