រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថា ប្រធានអង្គភាព ស្ថាប័ន ត្រូវចាំថា និងត្រូវគិតយ៉ាងណាកុំឱ្យអ្នកនាំពាក្យ ឬមន្ត្រីព័ត៌មានរបស់ខ្លួននិយាយកុហក់ឱ្យសោះ ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា ប្រធានអង្គភាព ស្ថាប័ន ត្រូវចាំថា និងត្រូវគិតយ៉ាងណាកុំឱ្យអ្នកនាំពាក្យ ឬមន្រ្តីព័ត៌មានរបស់ខ្លួននិយាយកុហក់ឱ្យសោះ បើមិនដូច្នោះទេ ដូចជាសម្លាប់មន្ត្រីអ្នកនាំពាក្យ ។
ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងបើកកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្តីពី "យុទ្ធសាស្ត្រនយោបាយព័ត៌មាន" នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។ ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា ព័ត៌មានដូចជាការប្រគំតន្ត្រីមួយអីចឹង និយាយរួម ទាល់តែមាន ភេ្លង ស្គរ ហ្គីតា និងឧបករណ៍ផ្សេងៗ ដាក់បញ្ចូលគ្នាទើបក្លាយជាបទភ្លេងដែលពិរោះ ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា ដើម្បីបង្ហាញថាស្ថាប័នរាជរដ្ឋាភិបាលដំណើរការទៅបានល្អ គឺទាមទារឱ្យមានកិច្ចសហការគ្នារវាងមន្រ្តីព័ត៌មាន គឺជាការសំខាន់ណាស់ ក្នុងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក។ ឯកឧត្ដមរដ្ឋមន្រ្ដីបានណែនាំថា ត្រូវចាំឱ្យច្បាស់ថា មន្ត្រីព័ត៌មាន និងអ្នកនាំពាក្យ កុំនិយាយកុហក់ឱ្យសោះ ហើយត្រូវពន្យល់ឱ្យបាននូវពាក្យហេតុអី ដោយកុំបំភ្លៃសភាពការណ៍ កុំបំភ្លៃព័ត៌មាន ដែលនាំឱ្យបាត់បង់ជំនឿទុកចិត្ត។
ឯកឧត្តម ខៀវ កាញារីទ្ធ បានវាយតម្លៃខ្ពស់ចំពោះ ក្រសួង ស្ថាប័ន មន្ទីរជំនាញ ដែលបានប្រឹងប្រែងបំពេញកិច្ចការងារបានយ៉ាងល្អ ពិសេសពាក់ព័ន្ធកិច្ចការងារព័ត៌មាន ។ ដូច្នេះ ដើម្បីឱ្យកិច្ចការងារព័ត៌មាន និងផ្សព្វផ្សាយ បានកាន់តែទូលំទូលាយ គឺត្រូវរួមសហការ សាមគ្គីគ្នា ជួយផ្សាយបន្តពីគ្នាទៅវិញទៅមក ទើបរាល់ព័ត៌មាន និងដំណឹងទាំងនោះបានជ្រួតជ្រាបដល់សាធាសារណជនទូទៅបានដឹងរហ័សទាន់ពេល។
ឯកឧត្តមរដ្ឋមន្រ្ដីក៏ បានលើកពីការងារអ្នកនាំពាក្យ គឺមិនអាចធ្វើតែម្នាក់ឯងបាននោះទេ ព្រោះកិច្ចការព័ត៌មាន និងអ្នកនាំពាក្យ ធ្វើ១ថ្ងៃ២៤ម៉ោង, ១សប្តាហ៍ ៧ ថ្ងៃ។ ដូចនេះ ត្រូវចងក្រងឯកសារ ចងក្រងបង្កើតជាក្រុមសម្រាប់ធ្វើការរួមគ្នា មានកិច្ចសហការគ្នាល្អ រវាងខេត្ត និង ខេត្ត ក្រសួង និង ក្រសួង ដើម្បីផ្គុំគ្នាផ្សាយរាល់ដំណឹងពិត ត្រឹមត្រូវ និងបកស្រាយឆ្លើយតបរាល់បញ្ហាដែលពាក់ព័ន្ធស្ថាប័នរបស់ខ្លួន ។
ឯកឧត្តមរដ្ឋមន្រ្ដីបានសំណូមពរ ឱ្យគ្រប់ស្ថាប័ន អង្គភាព បញ្ជាការដ្ឋាន ស្នងការ យោធភូមិភាគ និងស្ថាប័នដទៃទៀត គួរតែបង្កើតឱ្យមានមន្រ្តីព័ត៌មាន ឬអ្នកនាំពាក្យរបស់ខ្លួន ដើម្បីអាចឆ្លើយតបជាមួយអ្នកសារព័ត៌មាន និងចម្ងល់របស់ប្រជាពលរដ្ឋ នៅពេលមានបញ្ហាពាក់ព័ន្ធជាមួយអង្គភាពរបស់យើង ដោយមិនចាំបាច់ ប្រធានស្ថាប័ន អង្គភាពនោះ ឆ្លើយតបដោយផ្ទាល់នោះទេ ។ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា កិច្ចប្រជុំដែលប្រព្រឹត្តទៅរយៈពេលពេញ ១ថ្ងៃនេះ មានគោលបំណងស្នូល ក្នុងកិច្ចពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មានថ្នាក់ក្រោមជាតិ ដើម្បីធ្វើយុទ្ធនាការ រួមគ្នាប្រមូលផ្ដុំផ្សព្វផ្សាយ បំផុសឱ្យប្រជាពលរដ្ឋ យល់ដឹងកាន់តែច្បាស់ នូវសមិទ្ធផល ដែលជាការប្រឹងប្រែងរបស់រដ្ឋបាលរាជធានី-ខេត្ត។
កិច្ចប្រជុំនេះ ក៏នឹងជំរុញការផ្តល់សេវាសាធារណៈឱ្យទៅគៀកផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពផងដែរ។ សូមជម្រាបជូនថា កិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្តីពី "យុទ្ធសាស្ត្រនយោបាយព័ត៌មាន" ដើម្បីបំផុសផ្សព្វផ្សាយនូវទស្សនទាន និងសមិទ្ធផល ក្នុងអាណត្តិទី៦ របស់រាជរដ្ឋាភិបាល ដែលបានអនុវត្តនៅថ្នាក់ក្រោមជាតិ រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
ចំពោះសមាសភាពដែលបានចូលរួម រួមមាន អ្នកនាំពាក្យ មកពីគ្រប់ ក្រសួង-ស្ថាប័ន អភិបាលរង ទទួលបន្ទុកកិច្ចការនាំពាក្យ និងប្រធានមន្ទីរព័ត៌មាន រាជធានី-ខេត្ត។ កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណង ផ្តោតលើកិច្ចធ្វើយុទ្ធនាការពន្យល់ផ្សព្វផ្សាយដល់សាធារណជនអំពីសមិទ្ធផលការងាររបស់មន្ទីរជំនាញនានាជុំវិញ រាជធានី-ខេត្ត រួមគ្នាធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី “ភាពជោគជ័យរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីរៀបចំវេទិកាសាធារណៈ ក៏ដូចជាវេទិកាឆ្លើយឆ្លងតាមរលកធាតុ អាកាសទៅដល់មូលដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ នៅក្នុងដែនដីនៃរដ្ឋបាលរាជធានី-ខេត្ត របស់ខ្លួន ៕ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ាសម្រួលដោយ៖ដារ៉ា
0 Comments:
Post a Comment