គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់សាធារណរដ្ឋម៉ាល់ឌីវ ប្រកបដោយសុវត្ថិភាព


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាខ្ពស់ អញ្ជើញទៅដល់សាធារណរដ្ឋម៉ាល់ឌីវ ប្រកបដោយសុវត្ថិភាព នៅរសៀល ថ្ងៃទី១៥ ខែមករាឆ្នាំ២០២៣ តាមជើងយន្តហោះពិសេស ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃ ដែលជាការតបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីនៃសាធារណរដ្ឋ ម៉ាល់ឌីវ។


វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំនៃសាធារណរដ្ឋម៉ាល់ឌីវ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបពិភាក្សាផ្លូវការជាមួយឯកឧត្តមប្រធានាធិបតី អ៊ីប្រាហ៊ីម ម៉ូហាមេដសូលី ដែលក្នុងឱកាសនោះ ទិដ្ឋភាពនានានៃកិច្ចសហ ប្រតិបត្តិ ការទ្វេភាគី ក្នុងតំបន់ និងអន្តរជាតិនឹងត្រូវលើកយកមកពិភាក្សា។

បន្ទាប់ពីជំនួប ថ្នាក់ដឹក នាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយ ចំនួនស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។ ក្នុងដំណើរទស្សនកិច្ចនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹង អញ្ជើញទទួលការចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ដោយអនុប្រធានាធិបតី ប្រធានសភា ប្រធានតុលាការកំពូល និងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ។

ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់សាធារណរដ្ឋម៉ាល់ឌីវ នឹងផ្ដល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើង វិញ នូវដែនវិសាលភាពទាំងមូល នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផល ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

គួរបញ្ជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ ម៉ាល់ឌីវ បានបង្កើតំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ១៩៩៥ ហើយនេះក៏ជាដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋម៉ាល់ឌីវ៕ ដោយ៖ ជឹម ណារីសម្រួលដោយ:ដារ៉ា

No comments:

Powered by Blogger.