គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

សម្ដេចតេជោ ហ៊ុន សែន ថ្លែង ហុចពាក្យឱ្យថៃនិយាយប្រាប់ទៅកាន់ពលរដ្ឋ ដើម្បីបញ្ចប់ភាពអាមាសរបស់ខ្លួនថា «ថៃអាចប្រកាសប្រាប់ពលរដ្ឋខ្លួនថា បញ្ចប់ការកែសម្រួលម៉ោង» បើសិនមិនចង់ភូតកុហកប្រជាជនខ្លួនឯង


(ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងថាហុចពាក្យឱ្យថៃនិយាយប្រាប់ទៅកាន់ពលរដ្ឋ ដើម្បីបញ្ចប់ភាពអាមាសរបស់ខ្លួនថា «ថៃអាចប្រកាសប្រាប់ពលរដ្ឋខ្លួនថា បញ្ចប់ការកែសម្រួលម៉ោង» បើសិនមិនចង់ភូតកុហកប្រជាជនខ្លួនឯង។ ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេច ជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង។ ចំពោះមុខអង្គពិធី សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីកិច្ចប្រជុំមួយនៅទីក្រុងបាងកក ដែលរៀបចំដោយរដ្ឋមន្ត្រីស្ដីទី នៃក្រសួងការពារជាតិថៃ ដែលចេញមកប្រកាសពាក់ព័ន្ធនឹងការបិទព្រំដែន ដោយបញ្ជាក់ថាថៃមិនបានបិទច្រកព្រំដែន ឬកែសម្រួលម៉ោងពេលនោះទេ។ ត្រង់ចំណុចនេះ សម្ដេចតេជោ បានថ្លែងតបដូច្នេះថា៖ «មើលខ្ញុំសុំសួរបន្តិចទៅប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនថៃ អាពាក្យបិទច្រក និងកែសម្រួលពេលហ្នឹងវាយ៉ាងម៉េច? វាបិទដូចតែគ្នា ព្រោះពីដើមធ្លាប់ថាពីម៉ោង៦ (ព្រឹក) ដល់ម៉ោង១០យប់ អ៊ីចឹងពេលហ្នឹងអ្នកឯងចំហរថ្វាយ។

 ដល់ក្រោយមកអ្នកឯងថាពីម៉ោង ៨ (ព្រឹក) ដល់ម៉ោង ៤(រសៀល) បិទ អាហ្នឹងថាម៉េច? និយមន័យនៃពាក្យថា បើកតែកែសម្រួលពេលវេលា មានន័យថាម៉េច?»។ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងបន្តថាឃ្លាដែលថា បើកប៉ុន្តែកែសម្រួលពេលវេលា សម្ដេចចោទសួរចំៗទៅភាគីថៃថា ឃ្លានេះមានន័យយ៉ាងណាទៅវិញ បើភាគីថៃបានឃាត់ឃាំងសេរីភាពចេញចូលរបស់ពលរដ្ឋនៃប្រទេសទាំងពីរ ដែលធ្លាប់មានមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ទៅហើយនោះ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ដើម្បីកុំឱ្យមានភាពអាម៉ាស់ អ្នកឯងនិយាយប្រាប់ប្រជាជនខ្លួនឯងទៅ យើងអត់ខ្វល់ថាបិទឬកែសម្រួលគ្រប់ពេលវេលាទេ។ អ្វីដែលយើងចង់បានគឺ សភាពដើមមិនថ្ងៃ៧ ខែមិថុនា។ អ្នកឯងប្រាប់ទៅប្រជាជនខ្លួនឯងទៅថា ចាប់ពីពេលនេះតទៅថាកែសម្រួលពេលវេលាត្រូវបានបញ្ចប់ ហើយឱ្យដំណើរការធម្មតាចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ១០យប់ នៅគ្រប់ច្រកទាំងអស់ តែប៉ុណ្ណឹងទៅចប់ហើយ»។ សម្ដេចតេជោ បានបញ្ជាក់យ៉ាងច្បាស់ពីជំហរកម្ពុជា ថានឹងមិនចរចារជាដាច់ខាតលើការបើកច្រកព្រំដែន ព្រោះកម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមមុននោះទេ ផ្ទុយទៅវិញភាគីថៃជាអ្នកបិទ និងកែសម្រួលជាឯកតោភាគី៕





No comments:

Powered by Blogger.