គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងតួប៉មលេខ១៣នៃប្រាសាទឥដ្ឋ លើភ្នំបាខែង

(សៀមរាប​)៖ អស់រយៈពេល២ខែមកហើយ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងជួសជុសពង្រឹងតួប៉មប្រាសាទឥដ្ឋលេខ១៣ ឬ G13 នៅលើភ្នំបាខែង ដើម្បីឱ្យរចនាសម្ពន្ធនៃប្រាសាទឥដ្ឋ មានកំពស់ជាង១០ម៉ែត្រមួយនេះ បានរឹងមាំឡើងវិញ។

លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយពិនិត្យឃើញស្ថានភាពគ្រោះថ្នាក់នៃតួប៉ម G13 មានតាំងពីខឿន ជញ្ជាំងខាងក្នុង និងខាងក្រៅរហូតដល់ផ្នែកដំបូល បើទោះបីធ្លាប់មានការទល់ទ្រដោយអង្គការ WMF ពីមុនមកក៏ដោយ នៅតែប្រឈម និងហានិភ័យខ្ពស់នៃការបាក់រលុះនៅថ្ងៃណាមួយ។ ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៥មក ក្រុមការងារបានចាប់ផ្តើមអនុវត្តការជួសជុលពង្រឹងតួប៉មទី១៣នៃប្រាសាទឥដ្ឋ។

លោកស្រីបន្ដថា ដើម្បីធានាឱ្យបានអំពីភាពរឹងមាំទៅថ្ងៃខាងមុខ ដំណើរការជួសជុលត្រូវចាប់ផ្តើមពង្រឹងតាំងពីផ្នែកខឿនខាងក្រោម ទើបបន្តទៅផ្នែកជញ្ជាំង និងផ្នែកដំបូល ជាជំហានៗ ដោយប្រើប្រាស់បាយអ បិទភ្ជាប់ឥដ្ឋដែលមានប្រហោងឬស្រទាប់ ដើម្បីធានាការជ្រាបទឹក ការពារស្មៅដុះ និងសត្វចូលទៅរស់នៅតាមចន្លោះឬប្រហោងនៃប្រាសាទ។ ប៉ុន្តែ ក្នុងដំណាក់កាលទីមួយ ការជួសជុលបានចាប់ផ្តើមពីខឿន រហូតដល់ផ្តែ ពោលគឺមានកំពស់៥ម៉ែត្រ ដោយគម្រោងដំណាក់កាលទីមួយ គ្រោងនិងបញ្ចប់ចុងខែវិច្ចិកា ឆ្នាំ២០២៥។ ចំណែកដំណាក់កាលទី២ គ្រោងអនុវត្តនៅឆ្នាំបន្ទាប់។

បើតាមអ្នកជំនាញបញ្ជាក់ថា ប្រាសាទឥដ្ឋនៅជុំវិញភ្នំបាខែង មានសរុបចំនួន៤៤តួប៉ម។ នៅឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានជួសជុលរួចរាល់មានតួប៉ម G14 G15 និងបច្ចុប្បន្នកំពុងជួសជុលពង្រឹងនៅតួប៉មG13។ ដោយឡែកនៅឆ្នាំ២០១២ អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ WMF ជួសជុលប្រាង្គ G5 និង G10 ផងដែរ។

សូមបញ្ជាក់ថា ដោយសារកត្តា អាយុកាល សម្ភារនៃសំណង់ និងអាកាសធាតុផង ធ្វើឱ្យរចនាសម្ពន្ធនៃប្រាសាទឥដ្ឋទាំងនោះ បានរងការខូចខាតយ៉ាងច្រើន ទើបអាជ្ញាធរជាតិអប្សរាលើកគម្រោងជួសជុល អភិរក្សជាដំណាក់កាលៗ៕

No comments:

Powered by Blogger.