គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព និង ស្ថាប័នសារព័ត៌មានចំនួន៣២ទៀត បានចុះអនុស្សារណៈ ចងសម្ព័ន្ធភាព ដើម្បីរួមគ្នាផ្សព្វផ្សាយ ព័ត៌មានពិត ការអភិវឌ្ឍន៍រីកចម្រើន និងចូលរួមថែរក្សាសន្តិភាពនៅកម្ពុជា

ភ្នំពេញ ៖ សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានរៀបចំពិធីចុះអនុស្សារណៈចងសម្ព័ន្ធភាពជាមួយស្ថាប័នសារព័ត៌មានចំនួន៣២ទៀត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព។

ពិធីនេះប្រារព្វ នៅទីស្នាក់ការរបស់ខ្លួន ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀល ថ្ងៃទី១៦ ខែមីនាឆ្នាំ ២០២៥ ដែលមានការអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម លោកជំទាវ ជាប្រធានគណបក្សនយោបាយមួយចំនួន  និង លោក លោកស្រីជា ចាងហ្វាង និពន្ធនាយក និពន្ធនាយករងជាច្រើនរូប។

អនុស្សារណៈយោគយល់គ្នានោះ ផ្តោតលើខ្លឹមសារសំខាន់៧ ចំណុចគឺ៖

១-ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យភាពរបស់ភាគីសម្ព័ន្ធភាពរៀងៗខ្លួន។

២-រួមគ្នាផ្សព្វផ្សាយព័ត៌មានពិត លុបបំបាត់ប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីរក្សាបាននូវសន្តិភាព ស្ថេរភាពនិងសន្តិសុខសង្គមឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ជឿនលឿន។

៣-ចូលរួមផ្សព្វផ្សាយវឌ្ឍនភាពនិងការអភិវឌ្ឍ សមិទ្ធផលផ្សេងៗហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ដែលកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។

៤-ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយឲ្យបានផុសផុលលើវិស័យសេដ្ឋកិច្ច វិស័យសង្គមកិច្ច វិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យទេសចរណ៍ និងវិស័យគមនាគមន៍ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ ពិសេសវិនិយោគិនអន្តរជាតិ។

៥-គោរពអនុវត្តដោយស្មោះត្រង់និងយកផលប្រយោជន៍ជាតិជាធំ នូវគោលការណ៍សម្ព័ន្ធភាពនិងកិច្ចសហប្រតិបត្តិការជួយគាំទ្រគ្នាទៅវិញទៅមក។

៦-កសាងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការដើម្បីអនុវត្តឲ្យបានសម្រេចលទ្ធផលល្អ តាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ។ក្នុងករណីមានបញ្ហាចោទឡើងត្រូវចាត់តាំងតំណាងចូលរួមពិភាក្សាដោះស្រាយបញ្ហាដោយសន្តិវិធី។

៧-បើកទូលាយសម្រាប់អង្គភាពសារព័ត៌មានស្របច្បាប់ផ្សេងទៀត ដែលគាំទ្រនិងមានបំណងចូលរួមសហប្រតិបត្តិការក្នុងសម្ព័ន្ធភាព តាមស្មារតីនៃកិច្ចព្រមព្រៀងនេះ។

ឯកឧត្តមបណ្ឌិត ហែម ប្រសើរ បានមានប្រសាសន៍ បង្ហាញអំពីគោលបំណងសំខាន់ៗរបស់ សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព គឺផ្តោតលើការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រមសីលធម៌ ច្បាប់

ជូនបងប្អូនអ្នកសារព័ត៌មាន និងការធ្វើកិច្ចការមនុស្សធម៌ផ្សេងៗក្នុងសង្គម។

ឯកឧត្តមប្រធានក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកវិស័យព័ត៌មានជាចំណុចអាទិភាពមួយដ៏សំខាន់មិនអាចខ្វះបាន។

ឯកឧត្តមបានបន្ថែមទៀតថា វិស័យសារព័ត៌មានគឺជាអំណាចទី៤ ដែលបានចូលរួមជាក់ស្ដែងនៅក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសដោយផ្អែកលើមុខងារសំខាន់ៗរួមមាន៖ទី១.ការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ។ទី២.ជាអ្នកផ្ដល់ព័ត៌មានពិតនិងលឿនរហ័សពីលើទៅក្រោមនិងពីក្រោមទៅលើ។

ទី៣.ជាអ្នកផ្ដល់ព័ត៌មានបែបអប់រំនិងចំណេះដឹងសម្រាប់ប្រជាពលរដ្ឋនិងជាធាតុចូលសម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាល។

ទី៤.អ្នកឃ្លាំមើលនិងត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់។

ទី៥. ជាអ្នកចូលរួមកែលម្អសង្គមតាមរយៈការផ្ដល់ព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយប្រកបដោយតម្លាភាពនិងជាថ្នាំពេទ្យដ៏ពិសិដ្ឋបម្រើឲ្យការអភិវឌ្ឍន៍សង្គមឋានៈដែលព័ត៌មានក្លែងក្លាយគឺជាថ្នាំពុលសង្គមទៅវិញ។

ឯកឧត្តមបានមានប្រសាសន៍ទៀតថា អ្នកសារព័ត៌មានបានរួមចំណែកយ៉ាងច្រើនក្នុងការផ្សព្វផ្សាយរឿងរ៉ាវល្អៗអំពីសង្គមកម្ពុជាទាំងវិស័យទេសចរណ៍ សេដ្ឋកិច្ច សង្គមកិច្ចនិងទូរគមនាគមន៍ ដូច្នេះត្រូវរួមគ្នាផ្សព្វផ្សាយរឿងរ៉ាវល្អៗអំពីកម្ពុជាអោយបានច្រើននិងកាត់បន្ថយការផ្សព្វផ្សាយភាពអសកម្មមួយចំនួនដែលធ្វើឲ្យកម្ពុជាខូចមុខមាត់លើឆាកអន្តរជាតិ។

ឯកឧត្តមប្រធានបានបញ្ជាក់អំពីសារៈសំខាន់នៃការចងសម្ព័ន្ធភាពគ្នា គឺ ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ដូច្នេះសេរីភាពសារព័ត៌មានត្រូវបានផ្ដល់ជូនយ៉ាងពេញលេញ។ យើងនឹងរួបរួមគ្នាដើម្បីធ្វើកិច្ចការមនុស្សធម៌រួមគ្នា និងរួមគ្នាផ្សព្វផ្សាយព័ត៌មាន អភិវឌ្ឍន៍និងសមិទ្ធផលថ្មីៗរបស់រាជរដ្ឋាភិបាលដែលជាផ្លែការនៃសុខសន្តិភាព ៕
















No comments:

Powered by Blogger.