ក្រសួងផែនការ បានដំណើរការសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ រយៈពេល ២ថ្ងៃ
(ក្រសួងផែនការ)៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងផែនការ។ ពិធីនេះ មានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងផែនការ មន្ទីរផែនការរាជធានី ខេត្ត ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ៤៥០នាក់។ សន្និបាតនេះ នឹងដំណើរការរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៦ និងទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលពិធីបិទនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីបើកនេះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានមានប្រសាសន៍ កោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងផែនការ ដែលបានខិតខំបំពេញភារកិច្ចការងារយ៉ាងសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងសម្រេចបានសមិទ្ធផលសំខាន់ៗគួរជាទីមោទនៈ ជូនក្រសួងផែនការ និងរាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២៤កន្លងទៅនេះ។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេច កម្ពុជាបន្តរក្សាការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាពពេញលេញ ជាមួយស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងជាពិសេសការបន្តជំរុញឡើងវិញនូវកំណើនសេដ្ឋកិច្ចក្រោយវិបត្តិជំងឺរាតត្បាតសកល កូវីដ-១៩។
បន្ថែមពីនេះ សម្តេចធិបតី ជានិច្ចកាលបានផ្តល់អនុសាសន៍ដ៏ថ្លៃថ្លា ក្នុងការអភិវឌ្ឍវិស័យផែនការ ស្ថិតិ ប្រជាជននិងអភិវឌ្ឍន៍ ដែលជាប្រទីបបំភ្លឺផ្លូវសម្រាប់ក្រសួងផែនការ សម្រេចបានសមិទ្ធផលសំខាន់ៗ នាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងផែនការ ជាសេនាធិការជូនរាជរដ្ឋាភិបាល មានតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, ផែនការវិនិយោគសាធារណៈ, ការងារអត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, ការងារលើកកម្ពស់អាហារូបត្ថម្ភ, ការងាររៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យជាតិ និងការងារផលិតនិងផ្សព្វផ្សាយស្ថិតិជាតិលើវិស័យចម្បងៗ រួមមានស្ថិតិប្រជាសាស្ត្រ, សេដ្ឋកិច្ច, សង្គមកិច្ច, សុខភាព និងកសិកម្ម សម្រាប់ក្រសួង ស្ថាប័ននានា និងតួអង្គពាក់ព័ន្ធប្រើប្រាស់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានត្រួតពិនិត្យនិងវាយតម្លៃ តាមវិស័យរបស់ខ្លួន,
និងការងារប្រជាជននិងអភិវឌ្ឍន៍ ដើម្បីរួមចំណែកក្នុងការធ្វើឱ្យសម្រេចបានយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានចង្អុលបង្ហាញឱ្យក្រសួងផែនការដឹកនាំ សម្របសម្រួលកម្រិតបច្ចេកទេស ក្នុងការរៀបចំផែនការសកម្មភាព និងសូចនាករសមិទ្ធកម្មរបស់ក្រសួង ស្ថាប័ន ព្រមទាំងផ្គូផ្គង និងតម្រឹម ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងផែនការសកម្មភាពសម្រាប់ការអភិវឌ្ឍតាមវិស័យ ដោយមានការចូលរួមពីស្ថាប័នគោលនយោបាយ ស្ថាប័នថវិកា និងស្ថាប័នជំនាញ ដើម្បីធ្វើឱ្យមានសង្គតិភាព និងប្រសិទ្ធភាព និងធានាសហថាមភាពនៃសកម្មភាព ដែលមានលក្ខណៈអន្តរវិស័យ និងប្រទាក់ក្រឡាគ្នា។ ជាមួយគ្នានេះដែរ យុទ្ធសាស្រ្ដបញ្ចកោណ ក៏បានដាក់បញ្ចូលការងារអាទិភាពសម្រាប់ក្រសួងផែនការ ក្នុងការសម្របសម្រួលការងារពាក់ព័ន្ធនឹងការធ្វើបរមភាវូបនីយកម្មភាគលាភប្រជាសាស្រ្ត និងការពង្រឹងភាពធន់ប្រជាសាស្រ្ត។
ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់អង្គសន្និបាតទាំងមូល យកចិត្តទុកដាក់ស្វែងយល់ និងពិភាក្សាឱ្យបានផុលផុសអំពីសមិទ្ធផលការងារឆ្នាំ២០២៤ និងបញ្ហាប្រឈមទាំងឡាយដែលបានជួបប្រទះ ដើម្បីបានជាធាតុចូលក្នុងការដាក់ចេញជាដំណោះស្រាយនិងការធ្វើអាទិភាវូបនីយកម្មជាទិសដៅការងារក្នុងឆ្នាំ២០២៥នេះ ដោយភាពបុរេសកម្ម ស័ក្តិសិទ្ធភាព ប្រសិទ្ធភាព និងប្រសិទ្ធផល គ្រប់វិស័យការងាររបស់ក្រសួងផែនការ នៅក្នុងបរិបទនៃកំណែទម្រង់រដ្ឋបាលសាធារណៈស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដើម្បីរួមចំណែកដឹកនាំប្រទេសកម្ពុជាចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចឱ្យបានជោគជ័យនៅឆ្នា
No comments: