ស្ត្រីឈ្មោះ សំ ញ៉ អះអាងថា ជួបរឿងអយុត្តិធម៌ ព្រោះតុលាការបានផ្តន្ទាទោសកូន និងបង្គាប់ឱ្យសងលុយភាគីអ្នកទិញដីហើយ ប៉ុន្តែតុលាការ នៅតែកាត់ក្តីប្រគល់ដីដែលគាត់កំពុងអាស្រ័យផល ទៅភាគីអ្នកទិញទៀត
បាត់ដំបង៖ ស្ត្រីឈ្មោះ សំ ញ៉ អាយុ៦៦ឆ្នាំ រស់នៅ ភូមិ/ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានលើកដៃសំពះ សំណូមពរដល់ សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តមប្រធានតុលាការកំពូល ជាពិសេស ឯកឧត្តម យូ ប៊ុនឡេង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ មេត្តាជួយកាត់សេចក្តីសារជាថ្មីម្តងទៀតប្រកបដោយយុត្តិធម៌ ករណីកូនប្រសារនិងកូនបង្កើតបានលួចយកដីដែលគាត់បានទិញ និងកំពុងអាស្រ័យផលសិប្បកម្មផលិតទឹកកក ទៅលក់ឱ្យអ្នកដ៏ទៃ ហើយត្រូវសាលាដំបូងខេត្តបាត់ដំបង កាត់សេចក្តីផ្តន្ទាទោសកូនប្រសារពីបទ ឆបោក ដាក់ពន្ធនាគារ១ឆ្នាំ និងបង្គាប់ឱ្យសងថ្លៃទិញដី ព្រមទាំងជំងឺចិត្ត ទៅភាគីអ្នកទិញឈ្មោះ ស៊ាន ផា និងប្រពន្ធ រួចហើយ ប៉ុន្តែ ឈ្មោះ ស៊ាន ផា ដែលជាអ្នកមានប្រាក់ នៅតែបន្តប្តឹងទាមទារយកដីដែលខ្លួនបានទិញមិនប្រក្រតី ហើយសាលាឧទ្ធរណ៍និងតុលាការកំពូល បានកាត់សេចក្តីប្រគល់ដីជូនឈ្មោះ ស៊ាន ផា តាមការទាមទារទៀតផង បើដូច្នេះមែន ឈ្មោះ ស៊ាន ផា អាចទទួលបានទាំងដី និងថ្លៃដើមទិញដីមកវិញ។
ឈ្មោះ សំ ញ៉ បានឱ្យអ្នកសារព័ត៌មានយើងដឹងថា កាលពីឆ្នាំ២០០០ គាត់បានទិញដី១កន្លែងទំហំ២៥x៣០ម៉ែត្រ ស្ថិតនៅភូមិ/ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ហើយបានបែងចែកដីទំហំ១២x៣០ម៉ែត្រ ធ្វើជាអំណោយអោយកូនស្រីច្បង ឈ្មោះ ស៊ឹម សុវណ្ណ និងកូនប្រសារឈ្មោះ សឿន សុផល ដែលទើបរៀបការរួច ដើម្បីសង់ផ្ទះរស់នៅជិត ងាយមើលថែខ្លួន ប៉ុន្តែកូនមិនបានមកកាន់កាប់សង់ផ្ទះរស់នៅក្បែរខ្លួនដូចបំណងឡើយ គឺកូនទៅរស់នៅខាងប្តីនៅឯខេត្តសៀមរាប។
ឈ្មោះ សំ ញ៉ បន្ថែមថា លុះដល់ឆ្នាំ២០១៥ គាត់បានសុំទិញដីពីកូនខ្លួនមកវិញ ក្នុងទំហំ ៤x៣០ម៉ែត្រ ក្នុងតម្លៃ$៥,០០០ តាមលិខិតទិញលក់ ចុះថ្ងៃទី១៥ខែមីនាឆ្នាំ២០១៥ រួចហើយក៏បានចំណាយដើមទុនអស់ជាច្រើនសាងសង់សិប្បកម្មផលិតទឹកកក និងធ្វើរបងព័ន្ធជុំវិញដី រួចបានបន្តកាន់កាប់អាស្រ័យផលលើដីនោះរហូតមកដល់បច្ចុប្បន្ននេះ។
ឈ្មោះ សំ ញ៉ បន្តឱ្យដឹងថា នៅឆ្នាំ២០១៥ដដែល កូនប្រសារ ឈ្មោះ សឿន សុផល និងប្រពន្ធ បានលក់ដីដែលនៅសល់ ទំហំ៨x៣០ម៉ែត្រ អោយទៅឈ្មោះ ឈាត សំឡី ដោយបានធ្វើលិខិតចុះថ្ងៃទី២៣ខែមីនាឆ្នាំ២០១៥ ស្នើទៅអភិបាលស្រុក សុំបំបែកក្បាលដីទំហំ ៤x៣០ម៉ែត្រចេញ ព្រោះខ្លួនបានលក់ឱ្យម្តាយរួចហើយ។
លុះដល់ឆ្នាំ២០១៨ ពេលធ្លាក់ខ្លួនឈឺទ័លក្រ កូនប្រសារ ឈ្មោះ សឿន សុផល និងប្រពន្ធ បានបន្តយកដីដែលខ្លួនទិញ ទំហំ៤x៣០ម៉ែត្រ ទៅលក់ឱ្យឈ្មោះ ស៊ាន ផា និងប្រពន្ធឈ្មោះ ហួត គឹមហឿង ក្នុងតម្លៃ$២២,៥០០ តាមលិខិតផ្ទេរសិទ្ធិមិនប្រក្រតី ចុះថ្ងៃទី២០ខែសីហាឆ្នាំ២០១៨ និងបានធ្វើកិច្ចសន្យារុះរើរោងសិប្បកម្មទឹកកករបស់ខ្លួន សំ ញ៉ ចោលទៀតផង ប៉ុន្តែនៅពេលខ្លួន (សំ ញ៉) ដឹងរឿង ក៏បានប្តឹងជំទាស់ក្នុងលក់ទិញ និងរុះរើ រោងទឹកកក ទើបផ្ទុះរឿងប្តឹងប្តល់គ្នាទៅតុលាការខេត្តបាត់ដំបង ឧទ្ធរណ៍ និងតុលាការកំពូល។
ឈ្មោះ សំ ញ៉ បញ្ជាក់ថា ក្រោយទិញដីហើយមិនបានដី ឈ្មោះ ស៊ាន ផា បានប្តឹងកូនប្រសារគាត់ឈ្មោះ សឿន សុផល ពីបទ ឆបោក ហើយសាលាដំបូងខេត្តបាត់ដំបង ក៏បានកាត់សេចក្តី ផ្តន្ទាទោសដាក់គុក១ឆ្នាំ និងបង្គាប់ឱ្យសងប្រាក់ថ្លៃទិញដី ចំនួន$២២,៥០០ និងសងជំងឺចិត្ត ចំនួន០៦លានរៀល ទៅឈ្មោះ ស៊ាន ផា វិញ ដែលសាលក្រមនេះបានចូលជាស្ថាពរហើយ។
ប៉ុន្តែឈ្មោះ ស៊ាន ផា នៅតែមិនសុខចិត្ត ក៏បានប្តឹងសុំរក្សាការពារ និងប្តឹងអង្គសេចក្តីដើម្បីទាមទារយកដីដែលកូនប្រសារឈ្មោះ សឿន សុផល បានលួចលក់អោយខាងតែបាន ដោយឆ្លងកាត់សាលាដំបូងនិងសាលារឧទ្ធរណ៍បាត់ដំបង និងតុលាការកំពូលជាច្រើនលើកច្រើនសារ ដូចជា នៅឆ្នាំ២០២១ សាលាឧទ្ធរណ៍បាត់ដំបង តាមអំណាចសាលដីកាលេខ១០៨ច បានជម្រះសេចក្តីលើកទី១ ដោយបានសម្រេចទទួលស្គាល់ខ្លួន (សំ ញ៉) ជាភោគីស្របច្បាប់លើដីទំហំ៤x៣០ម៉ែត្រ និង នៅឆ្នាំ២០២២ សាលាឧទ្ធរណ៍បាត់ដំបងដដែល តាមអំណាចសាលដីកាលេខ១៨៨ខ បានជម្រះលើកទី២ ដោយសម្រេចទទួលស្គាល់ ឈ្មោះ ស៊ាន ផា និងប្រពន្ធ ជាភោគីស្របច្បាប់ទៅវិញ ហើយនៅឆ្នាំ២០២៣ តុលាការកំពូល តាមអំណាចសាលដីកាលេខ៣៤៥ត បានសម្រេច ទទួលស្គាល់ ឈ្មោះ ស៊ាន ផា និងប្រពន្ធ ជាភោគីស្របច្បាប់លើដីទំហំ៤x៣០ម៉ែត្រ បន្តទៀត។
ដោយមិនសុខចិត្ត ឈ្មោះ សំ ញ៉ បានឱ្យដឹងថា គាត់បានដាក់ពាក្យបណ្តឹងសុំឱ្យជំនុំជម្រះសាជាថ្មី កាលពីខែមេសាឆ្នាំ២០២៤ ហើយសំណុំរឿងនេះ កំពុងស្ថិតក្នុងសមត្ថកិច្ចរបស់ ឯកឧត្តម យូ ប៊ុនឡេង ជាអនុប្រធានតុលាការកំពូល និងជា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ។
ឈ្មោះ សំ ញ៉ សូមសំណូមពរដល់ សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម កើត រិទ្ធ ឯកឧត្តម ជីវ កេង ជាពិសេស ឯកឧត្តម យូ ប៊ុនឡេង មេត្តាជួយកាត់សេចក្តីសារជាថ្មីប្រកបដោយយុត្តិធម៌ ផ្តល់ឱកាសឱ្យគាត់បានបន្តកាន់កាប់អាស្រ័យផលលើដីដែលកំពុងរស់នៅ ចិញ្ចឹមជីវិតរស់នៅក្រោមម្លប់សន្តិភាព នៃរាជរដ្ឋាភិបាល។
No comments: