រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក្រើនរម្លឹក អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធតាមមូលដ្ឋាន មិនត្រូវពាក់ព័ន្ធជាមួយគ្រប់បទល្មើសជាដាច់ខាត
ឯកឧត្តមនាយឧត្តមសេនីយ៍ជួន សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី ពាក់ ព័ន្ធការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម បានបញ្ជាក់ថា វិធានការយើងបង្រ្កាប ឱ្យមានប្រសិទ្ធបំផុតនោះ គឺអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធតាមមូលដ្ឋាន មិនត្រូវពាក់ព័ន្ធជាមួយ គ្រប់បទល្មើសជាដាច់ខាត ទើបការបង្រ្កាបនោះ មានតម្លាភាព ប្រសិទ្ធភាព ទប់ស្កាត់បានទាន់ពេលវេលា។
មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសឯកឧត្តមនាយកឧត្តមសេនីយ៍ ជួន សុវណ្ណ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ជា មួយក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រីពាក់ព័ន្ធកិច្ចការសនិ្តសុខ សណ្ដាប់ធ្នាប់សង្គម ដែលបានធ្វើឡើងនៅសាលាខេត្ត កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ដែលមានការចូលរួមឯកឧត្តមអភិបាលខេត្ត លោកអភិបាលរងខេត្តប្រធានមន្ទីរ មេបញ្ជាការកង កម្លាំងទាំង៣ប្រភេទ អភិបាលក្រុង-ស្រុកទាំង៩ ប៉ុស្តិ៍នគរបាល មេឃុំ-ចៅសង្កាត់ទាំង៦៧ទូទាំងខេត្ត ។
នៅក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងថា យោងតាមបទបញ្ជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា រួចមក គណ:កម្មការគ្រប់គ្រងល្បែងពាណិជ្មកម្ម កម្ពុជា ត្រូវបិទ និងនិរាករណ៍ អាជ្ញាប័ណ្ណនោះ ដែលជាអាជីវកម្មល្បែងឆ្នោតផ្សងសំណាង និងល្បែងស៊ីសងខុសច្បាប់គ្រប់ ប្រភេទក្នុងទូទាំងប្រទេស ពិសេសនៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ព្រមទាំងជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានចុះធ្វើបច្ចុប្បន្នភាពក្នុងខេត្ត និង ធ្វើការបិទទាំងស្រុងរាល់ល្បែងខុសច្បាប់ទាំងអស់នោះ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបន្តថា យើងមិនធ្វើតែរាល់ល្បែងខុសច្បាប់នោះទេ គឺត្រូវរួមគ្នាបង្រ្កាប បទល្មើសផ្សេងទៀតដូចជា អ្នកចែកចាយគ្រឿងញៀន ក្មេងទំនើង ត្រូវដាក់ទោសឱ្យធ្ងន់បំផុត ដោយអនុវត្តន៍តាមពាក្យ ស្លោកថា ៣កុំ គឺ កុំពាក់ព័ន្ធ ,កុំអន្តរាគមន៍ ,កុំបន្ធូរបន្ថយទោស (ជាសមត្ថកិច្ចតុលាការ) និង១រាយការណ៍ បើឃើញបទល្មើសហើយត្រូវរាយការណ៍ជូនសមត្ថកិច្ចបន្ទាន់។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ក្នុងឆមាសទី១ ដើមឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពសាធារណៈ។ បទល្មើសនានាមានការថយចុះ ជាពិសេសគ្រោះថ្នាក់ចរាចរ ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ផ្សេងៗ តាមរយៈសកម្មភាពនៃការអនុវត្ត នូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ព្រមទាំងមានការសហការយ៉ាងជិតស្និទ្ធ និងមានទំនាក់ទំនងល្អជាមួយគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្ត។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក៏មានកិច្ចការងារជាច្រើនទៀតដែលត្រូវអនុវត្តន៍បន្ត និងត្រូវខិតខំព្យាយាមដោះស្រាយនូវបញ្ហាប្រឈមនានា ឱ្យស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់ កិច្ចអភិវឌ្ឍន៍ខេត្តឱ្យកាន់តែរីកចម្រើនថែមទៀតនោះ៕
No comments: