អ្នកសារព័ត៌មានយើង បានព្យាយាមទាក់ទង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបំភ្លឺ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយ ព្រឹកថ្ងៃទី៤ ខែធ្នូឆ្នាំ២០២៣នេះ។
សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចជំនាញខាងលើ បានចុះបង្ក្រាបទីតាំង វេចខ្ចប់ ផលិតផលផ្លែស្លាកញ្ចប់ក្លែងក្លាយ ម៉ាក KOUWEIWANG ស្ថិតនៅផ្ទះលេខ១២ ផ្លូវលេខ៣ ភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល ភ្នំពេញ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឆែកឆេររកឃើញ និងដកហូត ឧបករណ៍បម្រើឲ្យការងារវេចខ្ចប់ និង ផលិតផលក្លែងក្លាយចំនួន៨៩,៥ គីឡូក្រាម, ម៉ាស៊ីនវេចខ្ចប់ចំនួន ០២គ្រឿង និងកុំព្យូទ័រ០១គ្រឿង ព្រមទាំង នាំខ្លួនម្ចាស់ទីតាំង ០២រូប ជាជនជាតិចិន ទៅសាកសួរបំភ្លឺ បន្តនីតិវិធីនៅតុលាការ។
តំណាងក្រុមហ៊ុនស៊ាង យី ប៊ីឡាងត្រេឌីង ឯ.ក បញ្ជាក់ថា ក្រុមហ៊ុនគាត់ជាក្រុមហ៊ុនតែមួយគត់ដែលបានទទួលបានសិទ្ធិនាំចូល ចែកចាយផ្តាច់មុខក្នុងប្រទេសកម្ពុជានូវផលិតផលស្លាកញ្ចប់ ម៉ាក KOUWEIWANG ពីក្រុមហ៊ុន HUNAN KOUWEIWANG Group Co.LTD. ប្រទេសចិន មានចុះបញ្ចីត្រឹមត្រូវ តាមច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា ។ ប៉ុន្តែកន្លងមក និង បច្ចុប្បន្នក្រុមហ៊ុនឃើញមានជនខិលខូចបាន លួចចែកចាយ និងដាក់តាំងលក់នូវផលិតផលស្លាកញ្ចប់ម៉ាក KOUWEIWANG ក្នុងទីផ្សាររបស់ព្រះរាជាណាចក្រកម្ពុជា ។ សកម្មភាពបែបនេះបានធ្វើឲ្យក្រុមហ៊ុនមានការខាតបង់យ៉ាងធ្ងន់ធ្ងរ ព្រោះជាផលិតផលក្លែងក្លាយ ដែលធ្វើឲ្យ ខូចឈ្មោះ ក្រុមហ៊ុន និងខូចសុខភាពដល់អ្នកប្រើប្រាស់ ព្រោះពុំបានត្រួតពិនិត្យត្រឹមត្រូវ ទើបកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ លោក ខៃ បូ នាយកក្រុមហ៊ុន ស៊ាង យី ប៊ីឡាងត្រេឌីង បានដាក់ពាក្យសុំ អន្តរាគមន៍ទប់ស្កាត់ ពីអគ្គស្នងការនគរបាលជាតិ។
តំណាងក្រុមហ៊ុនស៊ាង យី ប៊ីឡាងត្រេឌីង មានចម្ងល់យ៉ាងខ្លាំង ហេតុអ្វីតុលាការសម្រេចដោះលែងជនសង្ស័យអោយមានសិរីភាព ក្រោយសមត្ថកិច្ចនគរបាល និង ព្រះរាជអាជ្ញារង បានចុះប្រតិបត្តិការនៅទីតាំងបទល្មើសជាក់ស្តែង ហើយបានរកឃើញភស្តុតាងពិតជាមានការផលិត និងចែកចាយផលិតផលក្លែងក្លាយប្រាកដមែន ប្រការនេះ បានធ្វើអោយ ក្រុមហ៊ុនស្របច្បាប់ រងអយុត្តិធម៌ និង បាត់បង់ទំនុកចិត្តក្នុងការធ្វើអាជីវកម្មក្នុងព្រះជាណាចក្រកម្ពុជាយ៉ាងខ្លាំង។
តំណាងក្រុមហ៊ុនស៊ាង យី ប៊ីឡាងត្រេឌីង សំណូមពរ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា និង ឯកឧត្តម ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជួយផ្តល់យុត្តិធម៌ អោយក្រុមហ៊ុនស្របច្បាប់ ដើម្បីបង្កើនជំនឿជាក់ក្នុងការវិនិយោគនៅកម្ពុជា៕
0 Comments:
Post a Comment