ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤២ នៅទីស្តីការក្រសួង រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ឯកឧត្តម ស៊ិន សុវណ្ណនិ អគ្គនាយក នៃនាយកដ្ឋានកិច្ចការសាសនា បានឲ្យដឹងថា នាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម នៃអគ្គនាយកដ្ឋានកិច្ចការសាសនា បានគ្រប់គ្រង និងផ្សព្វផ្សាយកម្មវិធីធំៗចំនួន៥ រួមមាន៖ ទី១.កម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម, ទី២. កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា, ទី៣. កម្មវិធីសិក្ខាសាលាទស្សនាទានព្រះពុទ្ធសាសនា, ទី៤. កម្មវិធីសំណេះសំណាលជាមួយអាចារ្យ-អាចារិនីខ្មែរទូទាំងប្រទេស និងទី៥. វគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ។ បានបង្កើតឡើងតាមអនុសាសន៍ណែនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី វិបតិ្តអាចារ្យខ្មែរ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩មក ក្រសួងធម្មការ និងសាសនា បានខិតខំស្វែងរកធនធានចាស់ព្រឹទ្ធាចារ្យ និងលោកអាចារ្យដែលមានចំណេះដឹង អាចចងចាំច្បាស់លាស់នូវពិធីកម្ម ចេះចាំទំនៀមស្រុកទេស ដែលមានសមត្ថភាពជំនាញខ្ពស់ មានបទពិសោធន៍យូរឆ្នាំ ដើម្បីប្រជុំរៀបចំពិគ្រោះយោបល់ ពិភាក្សាអំពីការបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសអាចារ្យខ្មែរឲ្យមានការឯកភាពគ្នា ឈ្វេងយល់ពីគ្នា ផ្លាស់ប្តូរចំណេះដឹង ចំណេះធ្វើ។ ជាក់ស្តែងវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ ជាជំនាន់ទី៤២ ដោយមានការចូលរួមពីសំណាក់សិក្ខាកាមអាចារ្យចំរុះ រាជធានី/ខេត្ត ទូទាំងប្រទេស មានចំនួន២០៧រូប ក្នុងនោះអាចារ្យកាន់ពេលាការ៥១រូប, អាចារ្យយោគី ២៥រូប, អាចារ្យសម្រាប់វត្ត ១០៤រូប, ព្រះសង្ឃ១៧អង្គ និងស្រី១០នាក់។ វគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤២នេះ ប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ មានគ្រូឧទ្ទេសចំនួន១១រូប ព្រមទាំងបានចែកចេញជា១១មុខវិជ្ជាធំៗ គិតជាម៉ោងសិក្សាស្មើនឹង៣២ម៉ោង។
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៏ថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ណាស់ចំពោះតួនាទីអាចារ្យជំនាញ ឲ្យត្រូវនឹងទម្រង់បែបបទត្រឹមត្រូវទៅតាមទំនៀមទំលាប់ប្រពៃណីរបស់យើង។ ក្នុងនោះ ឯកឧត្តម រដ្ឋមន្រ្តី បញ្ជាក់ថា តួនាទីជាអាចារ្យ មិនមែនចេះតែធ្វើតាមការយល់តៗគ្នាទេ ពោលគឺត្រូវរៀនវគ្គបណ្តុះបណ្តាលរបស់ក្រសួងធម្មការនិងសាសនាតាមក្បួនបុរាណខ្មែរ ទើបពេញលេញជាអាចារ្យខ្មែរ ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ចាយ បូរិន រដ្ឋមន្រី្តក្រសួងធម្មការ និងសាសនា សង្ឃឹមថាតាមរយៈវគ្គបណ្តុះបណ្តាល ដែលមានគ្រូឧទ្ទេសជំនាញនេះ សូមអាចារ្យគ្រប់ទម្រង់ប្រឹងប្រែង ក្រេបយកចំណេះដឹងបន្ថែម ពិសេសចាត់នៅជំនាញឲ្យបានច្បាស់លាស់របស់ខ្លួន ថ្វីត្បិតតែវគ្គបណ្តុះបណ្តាលនេះខ្លី បន្ថែមសូមលោកអាចារ្យទាំងអស់ យកទៅអនុវត្តឲ្យមានប្រសិទ្ធភាពតាមទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ និងសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យចំណេះជំនាញរបស់អាចារ្យនេះឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។ ឯកឧត្តម រដ្ឋមន្រ្តី សូមប្រគេនពរនិងជូនពរដល់សិក្ខាកាម២០៧រូប ក្នុងនោះមានអាចារ្យកាន់ពេលាការ៥១រូប, អាចារ្យយោគី ២៥រូប, អាចារ្យសម្រាប់វត្ត ១០៥រូប, ព្រះសង្ឃ១៧អង្គ និងស្រី១០នាក់ នៅពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាត និងសូមប្រកាសបើកកនៅវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនានទី៤២ តទៅប្រកបដោយជោគជ័យ ៕ អត្ថបទ រដ្ឋា
0 Comments:
Post a Comment