ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញានេះ នាយកឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពកងទ័ពចំនួន ១៤ប្រទេស ដែលកំពុងធ្វើលំហាត់ហ្វឹកហ្វឺនដោះមីននៅលើទីលាន ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក ចិន អាមេរិច រ៉ុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងអូស្ត្រាលី ក្រោមប្រធានបទ “មាតុភូមិដ៏បវរ-ឆ្នាំ២០២៣” នៅសាលាហ្វឹកហ្វឺនពហុសាសន៍ PKO ខេត្តកំពង់ស្ពឺ។
កងកម្លាំងជាសិក្ខាកាម ដែលបានចូលរួម គឺបានបង្ហាញការចាប់អារម្មណ៍ និងទទួលបានបទពិសោធន៍ជាច្រើន ការងារដោះមីនជាមួយបណ្តាប្រទេសនានា ជាពិសេសចំណេះដឹងការវិវត្តថ្មីៗពីវិស័យមីន និងដឹងអំពីរបៀបដោះមីនមនុស្សធម៌ ហើយតាមរយៈលំហាត់ហ្វឹកហ្វឺននេះនឹងជំរុញបណ្តាប្រទេសរួបរួមគ្នា សាមគ្គីភាព បង្កើនសកម្មភាពដោះមីនមនុស្សធម៌ ក្នុងក្របខ័ណ្ឌអាស៊ាន បូក និងអង្គការសហប្រជាជាតិ។
នៅក្នុងវគ្គហ្វឹកហ្វឺនដោះមីន នៅលើទីលានចំការមីន រយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងថា លំហាត់ហ្វឹកហ្វឹនជំនាញដោះមីន និងកម្ទេចគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ និងចិនធ្វើជាសហប្រធានរៀបចំ គឺបានដំណើរយ៉ាងសកម្មភាព ហើយគ្រប់ភាគីកងទ័ពបណ្តាប្រទេសនានា គឺបានផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ស្តីអំពីមីនឲ្យគ្នាទៅវិញទៅមក ការប្រើប្រាស់សម្ភារៈបច្ចេកវិទ្យាដោះមីនទំនើប ការធ្វើនវានុវត្តន៍ ដោះមីន និងការកម្ទេចគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយតាមរយៈលំហាត់ហ្វឹកហ្វឺននេះ នឹងរួមចំណែកមួយយ៉ាងសំខាន់ ជួយកម្ពុជាក្នុងដំណើរឆ្ពោះទៅកាន់កម្ពុជាគ្មានមីន នៅឆ្នាំ២០២៥។
សូមបញ្ជាក់ថា គិតចាប់ពីការបង្កើតសាលាហ្វឹកហ្វឺនPKO នៅខេត្តកំពង់ស្ពឺនេះ គឺកម្ពុជា ធ្លាប់បានទទួលធ្វើជាម្ចាស់ផ្ទះលើលំហាត់ហ្វឹកហ្វឺនពហុសាសន៍រួមមាន៖ លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាពពហុជាតិ “ឆ្មាំអង្គរ” សរុបចំនួន៣លើក មានប្រទេសចូលរួមចំនួន៩ប្រទេស រៀបចំវគ្គហ្វឹកហ្វឺនទីបញ្ជាការ ដែលជាការឧបត្ថម្ភរបស់គម្រោង GPOIចំនួន២៣ប្រទេសចូលរួម និងរៀបចំ ហ្វឹកហ្វឺនជំនាញបច្ចេកទេសប្រឆាំងបន្សាបគ្រឿងផ្ទុះកែច្នៃ និងកម្ទេចគ្រឿងផ្ទុះ ថ្នាក់អាស៊ាននិងតំបន់ ក្រោមជំនួយឧបត្ថម្ភរបស់សាធារណរដ្ឋបារាំងចំនួន៥វគ្គ មានប្រទេសចូលរួមសរុបចំនួន ១២ប្រទេស៕អត្ថបទ ស៊ុម សុខជា
No comments: