ខេត្តតាកែវ៖ ឯកឧត្តម ថាំង ប៊ុនសុង ជាតំណាងឲ្យ ឯកឧត្តម ស៊ូម សារឿន ប្រធាន សមាគមរាជសីហ៍ បានអញ្ជើញជាអធិបតី រួមជាមួយ លោក កេត ម៉ៅ អភិបាលស្រុកសំរោង ក្នុងពិធី សំណេះសំណាល និង ប្រគល់ អំណោយវិទ្យុទាក់ទងចំនួន ១៨គ្រឿង ជូនប្រជាការពារ មកពី១១ភូមិ ក្នុងឃុំជើងគួន។
ពិធីនេះ ប្រារព្វនៅសាលាឃុំជើងគួន ដោយមានការចូលរួមពី អភិបាលស្រុក មេឃុំ ក្រុមប្រឹក្សាស្រុក ឃុំ ស្មៀនឃុំ ប្រធានយុវជនបក្សឃុំ នគរបាលប៉ុស្តិ៍ មេភូមិ និង ប្រជាការពារ សរុបប្រមាណ៥០រូប នាព្រឹកថ្ងៃអាទិត្យ១៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០។
ឯ.ឧ ថាំង ប៊ុនសុង បានសម្តែងក្តីសប្បាយរីករាយ ដែលមានឱកាសចូលរួមជួយអភិវឌ្ឍន៍មូលដ្ឋានកំណើត និងបាន កោតសរសើរ វាយតម្លៃខ្ពស់ចំពោះ លោកមេឃុំ និង លោក សួន សុង ប្រធានយុវជនបក្សឃុំ ជាអ្នកផ្តួចផ្តើមគំនិតឲ្យមានកម្មវិធីនេះ ជាពិសេស លោក កេត ម៉ៅ អភិបាលស្រុកសំរោង ដែលដឹកនាំឲ្យមានការស្ថាបនាផ្លូវក្រាលកៅស៊ូ២ខ្សែក្នុងឃុំជើងគួន និងដែលសកម្ម ដោះស្រាយបញ្ហា បម្រើប្រជាពលរដ្ឋ ចូលរួមអភិវឌ្ឍន៍សង្គមជាតិឲ្យមានការរីកចម្រើន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជា ប្រធាន គណបក្សប្រជាជនកម្ពុជា។
ឯ.ឧ ថាំង ប៊ុនសុង បានណែនាំឲ្យ បងប្អូនប្រជាការពារដែលនឹងទទួលបាន វិទ្យុទាក់ទង សូមចូលរួមថែរក្សាដើម្បីការប្រើប្រាស់បានយូរអង្វែង ផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនង បង្កើនប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋ និងចូលរួមអនុវត្ត គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់។
ឯ.ឧ ថាំង ប៊ុនសុង បានរំលឹកពីប្រវត្តិនៃការធ្វើបុណ្យ ចូលរួមកសាងសមិទ្ធផលជាច្រើន ដូចជា ចាក់សាប ព្រះគន្ធកុដិ សាលាធម្មសភា បម្រើវិស័យសាសនា នៅ វត្តជើងគួន និងវត្តចិញ្ចែង ដោយ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ រួមជាមួយក្រុមគ្រួសារ ហើយបានគោរពអញ្ជើញ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បុត្រាច្បង សម្តេចតេជោ ហ៊ុន សែន មកធ្វើជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ យ៉ាងឱឡារិកអធិកអធម កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩។
ឯ.ឧ ថាំង ប៊ុនសុង បានជម្រាបជូនអង្គពិធីថា សមាគមរាជសីហ៍ ត្រូវបានបង្កើតឡើងជិត២ឆ្នាំមកហើយ ដែលមាន ឯកឧត្តម ស៊ូម សារឿន ជាប្រធាន ហើយបច្ចុប្បន្នមាន សមាជិក សមាជិកា និងយុវជនរាជសីហ៍ ជាច្រើនរយនាក់ មានទីស្នាក់ការកណ្តាលនៅ រាជធានីភ្នំពេញ និងមានសាខាខេត្តសៀមរាប កែប រតនគិរី និង ព្រះសីហនុ។
សមាគមរាជសីហ៍ បាននិងកំពុង ធ្វើសកម្មភាព ចូលរួមអភិវឌ្ឍន៍សង្គមជាតិ តាមរយៈ៖ ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពសមាជិកខ្លួន, ជួយសមាជិកដែលជួបបញ្ហាផ្សេងៗ, ផ្តល់អំណោយមនុស្សធម៌ជូន ជនក្រីក្រ កុមារកំព្រា អង្កការនិងស្ថាប័នរដ្ឋនានា, លើកកម្ពស់វិស័យ សិល្បៈ និងកីឡា ដោយបានបង្កើត ក្រុមបាល់ទាត់រាជសីហ៍ ផ្តល់ឱកាសឲ្យ សមាជិក និង យុវវ័យក្រីក្រ បានលេងកីឡា និងចូលរួមប្រកួតមិត្តភាពជាបន្តបន្ទាប់ ជាពិសេស បានចូលរួមយ៉ាងសកម្ម ក្នុងការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល និង សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលមាន ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ជាប្រធានក្រុមប្រឹក្សាភិបាល ដោយបានផ្តល់អំណោយជាសម្ភារ ថវិកា ចូលរួមបាញ់ថ្នាំ សម្លាប់មេរោគ និងសត្វល្អិតជូន ស្ថាប័នរដ្ឋនានា ពិសេស នៅស្ថាប័នកងទ័ពជាតិ។
មុនបញ្ចប់ ឯ.ឧ ថាំង ប៊ុនសុង បានពាំនាំនូវការនឹករលឹក និង ការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ព្រមទាំងបានជូនពរ លោក លោកស្រី ក្នុងអង្គពិធី កុំឲ្យជំងឺកូវីដ១៩មកបៀតបៀន សូមមានសុខភាពល្អ និងសូមប្រកបដោយព្រះពុទ្ធពរ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ដើម្បីបន្តបម្រើជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត៕
0 Comments:
Post a Comment