ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបលទ្ធផលការងារយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងស្រុកសំរោង ៩ឃុំ ដំណាក់កាលទី១
តាកែវ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសំរោង ទទួលបន្ទុក៩ឃុំ បានអញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបលទ្ធផលការងារយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដំណាក់កាលទី១ នៅទីស្នាក់ការគណបក្សស្រុកសំរោង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងារចុះមូលដ្ឋានឃុំទាំង៩ មន្ត្រីបក្សស្រុក ឃុំ និង ភូមិ ក្រុមការងារបក្សការិយាល័យបោះឆ្នោតប្រមាណ២០០នាក់ នៅថ្ងៃសៅរ៍ ទី៨ ខែកក្កដា ឆ្នាំ២០២៣នេះ។
បន្ទាប់ពីបានស្តាប់របាយការណ៍ និង ការប្តេជ្ញាចិត្តរបស់ លោក កេត ម៉ៅ ប្រធានគណបក្សស្រុកសំរោង ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងការកោតសរសើរ និង ជំរុញឱ្យធ្វើសកម្មភាពដើម្បីសម្រេចលទ្ធផលតាមការប្តេជ្ញាចិត្ត។
ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំការផ្តាំផ្ញើរសួរសុខទុកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធាន គណបក្សប្រជាជនកម្ពុជា ជូនមន្ត្រីនិងសមាជិកគណបក្សទាំងអស់។
ឯកឧត្តមបណ្ឌិតប្រធានបានថ្លែងពន្យល់ពីតួនាទីនិងភារកិច្ចសំខាន់ៗរបស់ មន្ត្រីគណបក្សគ្រប់ផ្នែក ជាពិសេស ប្រធានសាខាបក្សដែលនៅកៀកសមាជិកបក្សនិងប្រជាពលរដ្ឋ។ ទន្ទឹមនោះ ឯកឧត្តមប្រធានបានបង្ហាញពីផែនការ និងសកម្មភាពនានា ក្នុងការពង្រឹង និងពង្រីកសមាជិកបន្ថែម ឱ្យគ្រប់ផែនការ និងលើសពីលទ្ធផល នៃការបោះឆ្នោតក្រុមប្រឹក្សារឃុំសង្តាត់កាលពីឆ្នាំ២០២២កន្លងមក នោះ ឯកឧត្តមប្រធាននឹងជូនរង្វាន់លើកទឹកចិត្តដល់ គណបក្សឃុំ និង ក្រុមការងារបក្សការិយាល័យបោះឆ្នោត ដែលមានស្នាដៃល្អ ផងដែរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានសំណូមពរ មន្ត្រីគណបក្ស ជាពិសេស ក្រុមការងារបក្សការិយាល័យបោះឆ្នោតទាំង១៧២ សូមយកចិត្តទុកដាក់ថែរក្សា សមាជិកបក្ស និង ខិតខំបំពេញការងារ តាមតួនាទី និងភារកិច្ច ដើម្បី គណបក្សប្រជាជនកម្ពុជា បន្តទទួលបានជ័យជម្នះ ដឹកនាំប្រទេសជាតិថែរក្សាសុខសន្តិភាព និង ការអភិវឌ្ឍ រុងរឿងបន្ថែមទៀត៕
No comments: