សមាគមរាជសីហ៍ ចេញសេចក្តីថ្លែងការណ៍ គំាទ្រដំណើរការបោះឆ្នោត ដោយអព្យាក្រឹត សេរី យុត្តិធម៌ មានសន្តិសុខសណ្តាប់ធ្នាប់ល្អ គ្មានការបង្វិតបង្ខំ គំរាមកំហែង ឬអំពើហិង្សា និងអាចជឿទុកចិត្តបាន
ភ្នំពេញ៖ បន្ទាប់ពីបានបញ្ជូនសមាជិកសមាជិករបស់ខ្លួន ជាង៣០០នាក់ ចូលរួមសង្កេតការណ៍បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ កាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៣ កន្លងទៅនេះសមាគមរាជសីហ៍ បានចេញសេចក្តីថ្លែងការណ៍ប្រកាសគំាទ្រ ដំណើរការបោះឆ្នោត និងលទ្ធផលបឋម ដោយបញ្ជាក់ថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយជោគជ័យ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយស្ថិតក្នុងបរិយាកាសនយោបាយអព្យាក្រឹត សេរី យុត្តិធម៌ និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ។ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត បានអញ្ជើញទៅចូលរួមបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនីមួយៗ នៅទូទាំងប្រទេស តាំងពីព្រឹកព្រលឹមនៃការប្រកាសបើកការិយាល័យបោះឆ្នោត ប្រកបដោយទឹកមុខត្រេកអរសប្បាយរីករាយ ញញឹមញញែម ដោយគ្មានការបង្វិតបង្ខំ គ្មានការគំរាមកំហែង ឬអំពើហិង្សាណាមួយឡើយ ពោលគឺអ្នកបោះឆ្នោតអាចអញ្ជើញទៅបោះឆ្នោតជាសម្ងាត់ និងតាមឆន្ទៈរបស់ខ្លួនឯងផ្ទាល់ ដើម្បីជ្រើសរើសតំណាង ឬគណបក្សនយោបាយណាមួយដែលខ្លួនពេញចិត្ត។
សមាគមរាជសីហ៍ សូមប្រកាសជាឱឡារិកគាំទ្រនូវដំណើរការនៃរៀបចំការបោះឆ្នោតរបស់ គ.ជ.ប និងគាំទ្រនូវទិន្នន័យនៃចំនួនអ្នកបានចេញទៅបោះឆ្នោតនៅទូទាំងប្រទេស ដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសផ្សាយនាល្ងាចថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ។ លទ្ធផលនេះគឺចាត់ទុកជាលទ្ធផលដ៏ច្រើនលើសលប់ដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីបង្ហាញទៅកាន់ពិភពលោកឱ្យបានដឹងពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានតម្លាភាព អាចជឿទុកចិត្តបាន និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អនៅលើទូទាំងប្រទេស។
សមាគមរាជសីហ៍ សូមអំពាវនាវដល់ជនរួមជាតិខ្មែរនៅទូទាំងប្រទេស ទោះបីបានបោះឆ្នោតគាំទ្រគណបក្សណាមួយក៏ដោយ សូមបន្តរួបរួមគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងក្រោមម្លប់បារមីដ៏ត្រជាក់នៃ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរួមសាមគ្គីគ្នាជាមួយ រាជរដ្ឋាភិបាល ដើម្បីបន្តថែរក្សារាល់សមិទ្ធផលនៃសង្គមជាតិ ថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍមាតុភូមិឱ្យកាន់តែជឿនលឿន និងខ្លាំងក្លាឡើង ដែលជាប្រយោជន៍រួមជាសារវន្តរបស់ប្រជាជាតិកម្ពុជាទាំងមូល។
No comments: